កាលពីថ្ងៃទី ៦ ខែវិច្ឆិកា នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ។ "បន្តវេនពីអតីតកាលនិងត្រួសត្រាយអនាគត" ជាការពិពណ៌នារបស់លោកប្រធានរដ្ឋចិន Xi Jinping អំពីដំណើរទស្សនកិច្ចរបស់ភាគីអូស្ត្រាលីលើកនេះដោយបានសង្កត់ធ្ងន់ថា យើងគួរតែប្រកាន់ខ្ជាប់ទិសដៅអភិវឌ្ឍន៍ដ៏ត្រឹមត្រូវនៃទំនាក់ទំនងចិន-អូស្ត្រាលីស្របពេលដែលនិន្នាការទូទៅរបស់ពិភពលោកដែលបាននិងកំពុងកើតមានបម្រែបម្រួលយ៉ាងស៊ីជម្រៅ ហើយគិតពិចារណាពីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរដើម្បីរួមគ្នាបង្កើតទំនាក់ទំនងរវាងចិននិងអូស្ត្រាលីដែលរាប់អានគ្នាដោយសមភាព ស្វែងរកគំនិតឯកភាពនិងរក្សាទុកការខ្វែងគំនិតមួយអន្លើនិងធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ក្នុងន័យជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអូស្ត្រាលីវិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់ ។ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានថ្លែងថា អូស្ត្រាលីនិងចិនមានរបបនយោបាយខុសគ្នា ហើយប្រទេសទាំងពីរមានការខ្វែងគំនិតគ្នាវាជារឿងធម្មតាណាស់ ប៉ុន្តែមិនត្រូវឱ្យការខ្វែងគំនិតគ្នាកំណត់និយមន័យឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឡើយ ។ ប្រទេសទាំងពីរ អូស្ត្រាលីនិងចិនមានផលប្រយោជន៍រួមយ៉ាងទូលំទូលាយ ហើយកិច្ចសន្ទនានិងកិច្ចសហប្រតិបតិ្តការទើបជាជម្រើសដ៏ត្រឹមត្រូវ ។
នេះជាដំណើរទស្សនកិច្ចម្តងទៀតនៅប្រទេសចិនរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីបន្ទាប់ពីខកខានអស់រយៈពេល ៧ ឆ្នាំ ។ ដំណើរទស្សនកិច្ចរបស់លោក Anthony Albanese លើកនេះបានផ្ទុកនូវការរំពឹងទុកក្នុងស្រុកអូស្ត្រាលីចំពោះការស្តារទំនាក់ទំនងរវាងចិននិងអូស្ត្រាលីឱ្យមានភាពប្រក្រតីឡើងវិញនិងត្រួសត្រាយអនាគតថ្មីរយៈពេល ៥០ ឆ្នាំបន្ទាប់មួយទៀត ។ តាមការផ្សាយដំណឹងនៃក្រុមហ៊ុនវិទ្យុផ្សាយសំឡេងអូស្ត្រាលី(ABC)ឱ្យដឹងថា គ្រប់មជ្ឈដ្ឋាននៃប្រទេសអូស្ត្រាលីរំពឹងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឆ្ពោះទៅរកទិសដៅដ៏ត្រឹមត្រូវ ។
ទំនាក់ទំនងរវាងចិននិងអូស្ត្រាលីធ្លាប់បានដើរនៅជួរមុខក្នុងទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសអភិវឌ្ឍន៍លោកខាងលិចក្នុងរយៈពេលជាយូរណាស់មកហើយ ។ ក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលី កំណែទម្រង់និងការបើកទូលាយនិងកិច្ចកសាងទំនើបកម្មរបស់ប្រទេសចិនបានបង្កើតឱកាសដ៏ធំធេងដល់ភាគីអូស្ត្រាលី ។ យ៉ាងណាមិញ ក្នុងអំឡុងពេលកាន់អំណាចនៃរដ្ឋាភិបាលពីរអាណតិ្តមុន អូស្ត្រាលីបានធ្វើតាមអ្វីដែលហៅថា "យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក"របស់សហរដ្ឋអាមេរិកដោយហាមមិនឱ្យប្រើប្រាស់បរិក្ខារនិងសេវាកម្មនៃប្រព័ន្ធ 5G របស់ក្រុមហ៊ុន Huawei ក៏ដូចជាបង្ករឿងហេតុម្តងហើយម្តងទៀតចំពោះប្រទេសចិនលើបញ្ហាពាក់ព័ន្ធភូមិភាគស្វយ័ត XinJiang និងសមុទ្រចិនខាងត្បូងជាដើម ។ ប្រការនេះបានបណ្តាលឱ្យទំនាក់ទំនងចិន-អូស្ត្រាលីត្រឡប់ថយក្រោយយ៉ាងធ្ងន់ធ្ងរ ហើយក៏បានប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អូស្ត្រាលីផងដែរ ។
តាមពិតទៅ ប្រទេសចិននិងអូស្ត្រាលីគ្មានជម្លោះក្នុងប្រវត្តិសាស្ត្រទេ ហើយក៏គ្មានការប៉ះទង្គិចពាក់ព័ន្ធដល់ផលប្រយោជន៍ជាមូលដ្ឋាននោះដែរ ។ ភាគីទាំងពីរអាចក្លាយជាដៃគូដែលមានទំនុកចិត្តចំពោះគ្នានិងផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះទៅវិញទៅមកទាំងស្រុង ។ ចាប់តាំងពីចូលឆ្នាំនេះមក ប្រទេសចិននិងអូស្ត្រាលីបានធ្វើការពិគ្រោះពិភាក្សាដ៏មេត្រីភាពអំពីជម្លោះរបស់អង្គការ WTO ដូចជា ស្រាទំពាំងបាយជូរនិងទូរប៊ីនខ្យល់ជាដើម ហើយបានឈានដល់គំនិតឯកភាពរួមសម្រាប់ការដោះស្រាយបញ្ហាឱ្យបានសមរម្យ ។ រដ្ឋាភិបាលអូស្ត្រាលីបានសន្មត់ថា ការដាក់ជួលកំពង់ផែ Darwin របស់ក្រុមហ៊ុនចិនមិនពាក់ព័ន្ធនឹងហានិភ័យខាងសន្តិសុខនោះទេ ។ ប្រការទាំងនេះបានបង្ហាញឱ្យឃើញថា ដរាបណាដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវនិងផ្តោតលើកិច្ចសហប្រតិបត្តិការ នោះ ទំនាក់ទំនងរវាងចិននិងអូស្ត្រាលីក៏នឹងមានការចាប់ផ្តើមថ្មីផងដែរ ។
លើកនេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី Anthony Albanese នៅប្រទេសចិន លោកបានធ្វើដំណើរពិសេសដើម្បីចូលរួមក្នុងពិធីបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៦ ។ សហគ្រាសអូស្ត្រាលីប្រហែល ២០០ សហគ្រាសបានចូលរួមក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ ពួកគេបាននាំគ្នាបង្ហាញពីសុទិដ្ឋិនិយមចំពោះទីផ្សាររបស់ចិន ហើយមានការរំពឹងទុកយ៉ាងខ្លាំងចំពោះប្រទេសទាំងពីរក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង ។
បច្ចុប្បន្ននេះ ទំនាក់ទំនងចិន-អូស្ត្រាលីដែលបានឆ្លងកាត់ព្យុះភ្លៀងជាច្រើនរាប់មិនអស់កំពុងរក្សាទុកការខ្វែងគំនិតមួយអន្លើហើយត្រួសត្រាយស្ថានភាពថ្មី ។ អ្នកផងទាំងពួងរំពឹងទុកថា ក្នុងរយៈពេល ៥០ ឆ្នាំបន្ទាប់ ប្រទេសចិននិងអូស្ត្រាលីនឹងដើរស្របទៅតាមចរន្តយុគសម័យ បង្កើនការយល់ដឹងនិងទំនុកចិត្តគ្នាទៅវិញទៅមកក្នុងការរួមរស់នៅជាមួយគ្នាដោយសន្តិសហវិជ្ជមាន ក៏ដូចជាសម្រេចបាននូវការអភិវឌ្ឍរួមក្នុងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ៕