ពេលបច្ចុប្បន្ននេះ លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិកកំពុងធ្វើទស្សនកិច្ចនៅប្រទេសចិន ។ កាលពីថ្ងៃទី ២៥ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Gavin Newsom នៅទីក្រុងប៉េកាំង ។ តាមការផ្សាយដំណឹងនៃកាសែត《Daily Mail》របស់អង់គ្លេសបានឱ្យដឹងថា លោក Gavin Newsom ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំចិន ។ ក្រៅពីនេះ ក៏មានប្រព័ន្ធសារព័ត៌មានបរទេសមួយចំនួនបានលើកឡើងថា ប្រការនេះបានបង្ហាញពីការយកចិត្តទុកដាក់និងការរំពឹងទុកយ៉ាងខ្លាំងរបស់ចិនចំពោះការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់រវាងចិននិងអាមេរិក ។
ចាប់តាំងពីចូលខែមិថុនាឆ្នាំនេះមក លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយលោក Bill Gates សហប្រធានមូលនិធិ Bill Gates របស់សហរដ្ឋអាមេរិកនិងលោក Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ហើយលោកក៏បានឆ្លើយតបសារលិខិតរបស់មិត្តភក្តិអាមេរិកជាបន្តបន្ទាប់ដើម្បីជំរុញដោយផ្ទាល់នូវការប្រាស្រ័យទាក់ទងនៃគ្រប់មជ្ឈដ្ឋាននិងកិច្ចសហប្រតិបត្តិការក្នុងតំបន់រវាងចិននិងអាមេរិក ។ លោកប្រធានរដ្ឋចិន Xi Jinping ធ្លាប់បានលើកឡើងក្នុងកាលៈទេសៈជាច្រើនថា មូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងប្រទេសចិននិងសហរដ្ឋអាមេរិក គឺស្ថិតនៅត្រង់សង្គមស៊ីវិល ក្ដីសង្ឃឹមស្ថិតនៅត្រង់ប្រជាជន អនាគតស្ថិតនៅត្រង់យុវជន ។ តើយើងគួរយល់ពីចំណុចនេះយ៉ាងដូចម្តេច ? សូមមើលការប្រាស្រ័យទាក់ទងក្នុងគ្រប់វិស័យរវាងរដ្ឋកាលីហ្វ័រញ៉ានិងប្រទេសចិន ។
បើមើលពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មអាចឃើញថា ចាប់តាំងពីឆ្នាំ ២០១០ មក ប្រទេសចិនគឺជាប្រភពនាំចូលដ៏ធំបំផុតនិងជាទីផ្សារនាំចូលដ៏សំខាន់របស់រដ្ឋកាលីហ្វ័រញ៉ាជាប់រហូតមក ហើយបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រដ្ឋកាលីហ្វ័រញ៉ាជាយូរណាស់មកហើយ ។ កាលពីឆ្នាំ ២០២២ សហគ្រាសទុនចិននៅរដ្ឋកាលីហ្វ័រញ៉ាប្រហែលមានចំនួនសរុប ៧០០ សហគ្រាសដែលបានបង្កើតឱកាសការងារលើសពី ១ ម៉ឺន ៩ ពាន់នាក់ ។ ដោយសារភ្លើងឆេះភ្នំនៅរដ្ឋកាលីហ្វ័រញ៉ាបានកើតឡើងជាញឹកញាប់ បានជារដ្ឋនេះបានផ្តោតការយកចិត្តទុកដាក់ជាពិសេសចំពោះកិច្ចសហប្រតិបតិ្តការស្តីពីបម្រែបម្រួលអាកាសធាតុ ។ កាលពីឆ្នាំមុន រដ្ឋកាលីហ្វ័រញ៉ាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងអេកូបរិស្ថានប្រទេសចិន ។
សូមបញ្ជាក់ថា ភារកិច្ចសំខាន់មួយក្នុងដំណើរទស្សនកិច្ចរបស់លោក Gavin Newsom នៅប្រទេសចិនលើកនេះ គឺ ស្វែងរកកិច្ចសហប្រតិបត្តិការស្តីពីការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ។ កាលពីខែកញ្ញាឆ្នាំនេះ លោកបានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានអាមេរិក CNN ថា ត្រូវតែចាត់ទុកទំនាក់ទំនងជាមួយប្រទេសចិនពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុជាទំនាក់ទំនងដ៏សំខាន់និងមូលដ្ឋានបំផុត ។
មិនត្រឹមតែប៉ុណ្ណោះទេ លោក Gavin Newsom មានការយល់ដឹងប្រកបដោយវិចារណញ្ញាណនិងភាពប្រាកដប្រជាចំពោះទំនាក់ទំនងរវាងចិននិងអាមេរិក ។ លោកបានលើកឡើងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងចិនមិនមែនជាការប្រកួតប្រជែងផលបូកសូន្យនោះទេ "ប្រទេសចិនទទួលបានជោគជ័យកាន់តែខ្លាំង យើងទាំងអស់គ្នាក៏ទទួលបានជោគជ័យកាន់តែខ្លាំងដែរ" ។ល។ ការបញ្ជាក់ទាំងនេះបានបង្ហាញពីការយល់ដឹងប្រកបដោយសត្យានុម័តរបស់តំបន់នានានៃសហរដ្ឋអាមេរិកចំពោះទំនាក់ទំនងរវាងចិននិងអាមេរិក ហើយក៏បានឆ្លុះបញ្ចាំងពីការរំពឹងទុករបស់សង្គមអាមេរិកចំពោះការបន្ធូរបន្ថយទំនាក់ទំនងរវាងចិននិងអាមេរិកផងដែរ ។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Gavin Newsom នៅប្រទេសចិន លោក Wang Yi រដ្ឋមន្រ្តីក្រសួងការបរទេសចិនបានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅថ្ងៃទី ២៦ ខែតុលានេះតបតាមការអញ្ជើញរបស់លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ។ នេះគឺជាដំណើរទស្សនកិច្ចពិសេសដំបូងគេបង្អស់របស់មន្ត្រីជាន់ខ្ពស់ចិនទៅកាន់សហរដ្ឋអាមេរិកបន្ទាប់មន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូបបានធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិនចាប់តាំងពីខែមិថុនាឆ្នាំនេះមក ។
ទំហំសេដ្ឋកិច្ចសរុបរបស់ចិននិងអាមេរិកបានលើសពីមួយភាគបីនៃបរិមាណទូទៅនៃពិភពលោក ចំនួនប្រជាជនសរុបមានជិតមួយភាគបួននៃពិភពលោក ហើយទំហំពាណិជ្ជកម្មទ្វេភាគីប្រហែលត្រូវជាមួយភាគប្រាំនៃពិភពលោក ។ សមិទ្ធផលទាំងនេះគឺបានមកដោយមិនងាយទេ ដែលគួរតែថែរក្សាឱ្យបានល្អ ។ នៅពេលបច្ចុប្បន្នដែលទំនាក់ទំនងរវាងចិននិងអាមេរិកឈប់ធ្លាក់ចុះនិងឆ្ពោះទៅរកស្ថិរភាព ដំណើរទស្សនកិច្ចរបស់លោកអភិបាលរដ្ឋកាលីហ្វ័រញ៉ា Gavin Newsom គឺជាការក្រើនរំលឹកដល់ទីក្រុងវ៉ាស៊ីនតោនថា ការប្រកាន់អាកប្បកិរិយាប្រកបដោយវិចារណញ្ញាណនិងភាពប្រាកដប្រជារបស់លោកចំពោះប្រទេសចិន គឺគួរឱ្យអ្នកនយោបាយវ៉ាស៊ីនតោនយកទៅរៀនសូត្រ ៕