ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អនាគតដ៏ទូលំទូលាយនៃសេដ្ឋកិច្ចចិនបង្កើនជំនឿចិត្តរបស់សហគ្រាសអន្តរជាតិក្នុងការបន្តធ្វើអាជីវកម្មរយៈពេលយូរនៅប្រទេសចិន
2023-10-20 14:59:53cri
Share with:

ប្រព័ន្ធវះកាត់ផ្នែកសន្លាក់ឆ្អឹងដែលដើរដោយភាពវៃឆ្លាតសិប្បនិម្មិត កញ្ចក់ Zerodur ដែលអាចស្រូបពន្លឺច្រើនជាង១រយលានដងបើប្រៀបធៀបនឹងភ្នែកមនុស្ស វិធីសាស្ត្រព្យាបាលរោគថ្មីបំផុតសម្រាប់ពន្យារពេលកើតជំងឺទឹកនោមផ្អែម ។ល។ ទន្ទឹមនឹងការខិតជិតនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ សហគ្រាសពហុជាតិជាច្រើននឹងនាំមកនូវសមិទ្ធផលច្នៃប្រឌិតថ្មីបំផុត ។ អនាគតដ៏ទូលំទូលាយនិងឱកាសគ្មានដែនកំណត់នៃសេដ្ឋកិច្ចរបស់ចិន បានបង្កើនជំនឿចិត្តនិងការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើអាជីវកម្មនៅប្រទេសចិនដ៏យូរអង្វែង ។ពេលថ្មីៗកន្លងទៅនេះ អ្នកទទួលខុសត្រូវនៃសហគ្រាសឱសថនិងវេជ្ជសាស្ត្ររបស់បារាំងមួយបានថ្លែងទៅកាន់ប្រព័ន្ធសារព័ត៌មានថា សង្ឃឹមថានឹងត្រួសត្រាយអនាគតជាមួយប្រទេសចិន ។

ចំណាប់អារម្មណ៍យ៉ាងពិតប្រាកដនៃសហគ្រាសទុនបរទេសត្រូវបានបញ្ជាក់ម្តងទៀតដោយទិន្នន័យសេដ្ឋកិច្ចជាតិក្នុងរយៈពេល៩ខែដំបូងឆ្នាំ២០២៣ដែលរដ្ឋាភិបាលចិនបានចេញផ្សាយកាលពីថ្ងៃទី១៨ខែតុលា ។ តាមការគណនាជាជំហានដំបូង ផលិតផលក្នុងស្រុកសរុបរបស់ចិនក្នុងរយៈពេល៩ខែដំបូងឆ្នាំនេះគឺ៩១លាន៣សែន២ពាន់៧រយលានយាន់ប្រាក់ចិន បើគិតតាមតម្លៃថេរ គឺកើនឡើង៥,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ ល្បឿនកំណើននេះឆាប់ជាងអង្គភាពសេដ្ឋកិច្ចរីកលូតលាស់សំខាន់ៗលើពិភពលោក ។ សេដ្ឋកិច្ចចិនមានកម្លាំងចលករជាថ្មីឡើងវិញ ល្បឿនកំណើនលឿនជាងការប៉ាន់ប្រមាណ និន្នាការស្តារឡើងវិញគឺខ្លាំងក្លា។ល។ ប្រព័ន្ធសារព័ត៌មានបរទេសនាំគ្នាយកចិត្តទុកដាក់ចំពោះនិន្នាការទូទៅនៃសេដ្ឋកិច្ចចិនដែលមានភាពល្អប្រសើរឡើងវិញប្រកបដោយស្ថិរភាព ។ 

អ្នកជំនាញជាច្រើនរូបបានថ្លែងថា បច្ចុប្បន្ននេះ ប្រទេសចិននៅតែជា ក្បាលរថភ្លើងនៃការស្តារកំណើនសេដ្ឋកិច្ចពិភពលោកឡើងវិញ ។ ទន្ទឹមនឹងសញ្ញាអំពីការស្តារសេដ្ឋកិច្ចចិនឡើងវិញកើនឡើងជាបន្តបន្ទាប់ ការប្រើប្រាស់បន្តងើបឡើងវិញក្លាយជាចំណុចលេចធ្លោធំបំផុត ។ ពីខែមករាដល់ខែកញ្ញាឆ្នាំនេះ ទំហំសរុបនៃការលក់រាយរបស់ប្រើប្រាស់ក្នុងសង្គមចិនគឺ៣៤លាន២សែន១ម៉ឺន៧រយលានយាន់ប្រាក់ចិន ដែលកើនឡើង៦,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ ។ អត្រារួមចំណែកនៃការចំណាយខាងការប្រើប្រាស់ចុងក្រោយចំពោះកំណើនសេដ្ឋកិច្ចឡើងដល់៨៣,២ភាគរយ ដែលជំរុញឱ្យ GDP កើនឡើង៤,៤ភាគរយ ។

បើនិយាយចំពោះទុនបរទេស នៅពីក្រោយតួលេខទាំងនេះគឺជាឱកាសទីផ្សារដ៏ធំធេង ។ ចាប់ពីឆ្នាំ២០២៣មក មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុនអន្តរជាតិជាច្រើនដូចជា Tesla JP Morgan Apple និង Qualcomm ជាដើមបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្តបន្ទាប់ ។ ពួកគេបានបង្ហាញជាទូទៅថា ទីផ្សាររបស់ចិនជា ជម្រើសដ៏ចាំបាច់ នឹងបន្តបង្កើនការវិនិយោគនៅប្រទេសចិននិងធ្វើអាជីវកម្មនៅប្រទេសចិនរយៈពេលយូរ ។ តាមរបាយការណ៍សិក្សាស្វែងយល់ដែលក្រុមហ៊ុន Pricewaterhouse Coopers បានចេញផ្សាយកាលពីថ្ងៃទី១៧ខែតុលាឱ្យដឹងថា សហគ្រាសពហុជាតិដែលធ្វើអាជីវកម្មនៅប្រទេសចិនភាគច្រើនមានសុទិដ្ឋិនិយមចំពោះទីផ្សារប្រទេសចិនជាប់រហូតមក ។ ក្នុងនោះ ទ្រង់ទ្រាយទីផ្សារ កំណើនសេដ្ឋកិច្ចនិងការទទួលស្គាល់ពីអ្នកប្រើប្រាស់ជាកត្តាគន្លឹះចំនួនបីដែលទាក់ទាញសហគ្រាសពហុជាតិទៅវិនិយោគទុននៅប្រទេសចិន ។

ក្រៅពីទីផ្សារប្រើប្រាស់ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនក៏កំពុងជំរុញយ៉ាងខ្លាំងដល់ភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ ជាពិសេស ភាពងាយស្រួលខាងពាណិជ្ជកម្មរវាងចិននិងប្រទេសដែលរួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវគឺគួរឱ្យកត់សម្គាល់ណាស់ ។ ក្នុងរយៈពេល៩ខែដំបូងឆ្នាំនេះ ក្នុងបរិបទដែលការងើបឡើងវិញនៃសេដ្ឋកិច្ចសកលមានកម្លាំងទន់ខ្សោយ និងពាណិជ្ជកម្មមានភាពថមថយជាទូទៅ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានទប់ទល់នឹងកម្លាំងសម្ពាធ ទំហំសរុបមានស្ថិរភាពជាទូទៅ ។ ក្នុងនោះ ការនាំចេញនាំចូលរវាងចិននិងប្រទេសដែលរួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវបានកើនឡើង៣,១ភាគរយ ដែលមានសមាមាត្រ៤៦,៥ភាគរយក្នុងទំហំនាំចេញនាំចូលសរុប ។

ភ្ញៀវទេសចរណ៍ដែលមកជាហូរហែនិងពាណិជ្ជករបរទេសដែលមកវិនិយោគទុនជាបន្តបន្ទាប់បានក្លាយជាសក្សីរស់នៃកម្លាំងទាក់ទាញដ៏ខ្លាំងក្លានៃទីផ្សារចិននិងកម្លាំងរស់រវើកថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិន ហើយក៏ជាការឆ្លើយតបយ៉ាងខ្លាំងចំពោះមតិអវិជ្ជមានមួយចំនួនដែលឃោសនាថា សេដ្ឋកិច្ចចិនមានភាពអន់ថយផងដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស