ឆ្នាំ២០២៣គឺជាពេលវេលា១ទសវត្សរ៍នៃគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»ដែលបានប្រកាសដោយឯកឧត្តម Xi Jinping ប្រធានរដ្ឋចិន ត្រូវបានពន្លាតដំណើររបស់ខ្លួនពីបណ្តាប្រទេសនៅអាស៊ីកណ្តាលទៅកាន់ជាង១៥២ប្រទេស និងជាង៣២អង្គការអន្តរជាតិ ហើយដំណើរនេះជាដំណើរមិត្តភាពដោយប្រកាន់ខ្ជាប់នូវគោលការណ៍នៃការពិគ្រោះយោបល់ដ៏ទូលំទូលាយ និងការចូលរួមចំណែកផ្តល់ផលប្រយោជន៍រួម ព្រមទាំងបានចូលរួមអនុវត្តជាង៣000គម្រោងកិច្ចសហប្រតិបត្តិការនៅជុំវិញពិភពលោកក្នុងបំណងលើកកម្ពស់ការអភិវឌ្ឍនិងបង្កើនភាពធូរធារដល់ជីវភាពរស់នៅរបស់មនុស្សជាតិ។ ដំណើររយៈពេល១ទសវត្សរ៍បានជំរុញឱ្យមានការវិនិយោគលើទំហំថវិកាជិតមួយពាន់ពាន់លានដុល្លារអាមេរិក ហើយបានត្រួសត្រាយមាគ៌ារបស់ខ្លួនក្លាយជាមាគ៌ាឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការក្នុងរង្វង់យន្តការពហុភាគីនិយម និងមិត្តភាពដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ។
ឆ្នាំ២០២៣គឺជាការចេញដំណើរប្រកបដោយភាពស្វាហាប់របស់ប្រទេសចិនក្នុងល្បឿនទំនើបកម្មសង្គម ហើយដែលប្រទេសចិនកំពុងបន្តលើកទឹកចិត្តដល់បណ្តាទាំងអស់រួមគ្នានៅក្នុងការចារទំព័រថ្មីនៃប្រវត្តិសាស្រ្តទំនើបកម្មរបស់ប្រទេសរៀងៗខ្លួន ហើយរួមគ្នាជាមួយប្រទេសចិនក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវដែលមានអាយុកាល១ទសវត្សរ៍ដើម្បីបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងយន្តការពហុភាគីនិយមផ្តើមយុគសម័យថ្មីក្នុងការរួមគ្នាកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ ដំណើររយៈពេល១ទសវត្សរ៍ប្រកបដោយភាពក្លៀវក្លារក្សាបាននូវគោលបំណងដើមនៃមរតកផ្លូវសូត្រដែលបង្ហាញពីសន្តិភាព កិច្ចសហប្រតិបត្តិការ ការបើកចំហ ការរួមបញ្ចូល ឬបរិយាប័ន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍រួមនិងឈ្នះ-ឈ្នះបានកើតមានឡើងដោយសារប្រទេសទាំងអស់យល់ស្របគ្នាថា«អ្វីៗទាំងអស់រស់នៅប្រកបដោយភាពសុខដុមរមនា និងរីកចម្រើនជាមួយនឹងការកម្លាំងសាមគ្គី ការគោរព និងការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក»។
ឆ្នាំ២០២៣គឺជាពេលវេលាដ៏សមស្របដែលប្រទេសចិនបានរៀបចំនូវវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់និងផ្លូវលើកទី៣ (ថ្ងៃទី១៧ដល់ថ្ងៃទី១៨ ខែតុលា) សម្រាប់ប្រមូលផ្តុំនូវធាតុចូលដ៏សំខាន់ពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ពីបណ្តាក្រុមបញ្ញាញាណជាន់ខ្ពស់ ពីក្រុមវិនិយោគិនក្នុងវិស័យឯកជន ពីសង្គមស៊ីវិលនៃបណ្តាប្រទេសទាំងឡាយជាង១៥០ប្រទេសដើម្បីពិភាក្សាអំពីផែនការអភិវឌ្ឍនិងគូរប្លង់មេសម្រាប់ការសាងសង់រួមគ្នាប្រកបដោយគុណភាពខ្ពស់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវដើម្បីត្រួសត្រាយនូវមាគ៌ានាំឱ្យខ្យល់និទាឃរដូវ និងកម្លាំងជំរុញចលករដ៏មហិមាក្នុងការបង្កើនល្បឿនអភិវឌ្ឍខ្លាំងក្លាដល់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការសាងនូវអនាគតរួមគ្នាក្នុងយុគសម័យថ្មី។
ឆ្នាំ២០២៣គឺជាពេលវេលាដែលពិភពលោកយល់ច្បាស់ពីតម្លៃសន្តិភាព ក្នុងពេលដែលប្រទេសមួយចំនួនកំពុងស្ថិតនៅក្នុងសង្គ្រាមដ៏ក្តៅគគុកដាបទៅដោយឈាម ហើយប្រទេសទាំងអស់ស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏គួរឲ្យព្រួយបារម្ម។ ក្នុងន័យនេះ មនុស្សជាតិគ្មានអ្វីត្រូវលាក់លៀម ហើយបាននិយាយដោយចំហថា សន្តិភាពនិងការអភិវឌ្ឍ គឺជាសេចក្តីប្រាថ្នារួមដែលយើងត្រូវរួមគ្នាបង្កើតឡើងស្របតាមគោលបំណងដែលមានចែងយ៉ាងច្បាស់នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។ យ៉ាងណាមិញ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវដែលបានចេញដំណើរ១ទសវត្សរ៍មកនេះបាននិងឈានកាន់តែកៀកទៅនឹងគោលដៅនេះ។ វេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់និងផ្លូវលើកទី៣ដែលបានប្រារព្ធនៅរដ្ឋធានីប៉េកាំងបាននិងកំពុងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់មនុស្សជាតិ ផ្លាស់ប្តូរបទពិសោធន៍ដ៏ជូរចត់ និងបន្តរួមគ្នាឆ្ពោះទៅមុខនៅលើផ្លូវម៉ារ៉ាតុងនៃសន្តិភាពនិងការអភិវឌ្ឍ។
ជារួម ពេលវេលា១ទសវត្សរ៍កន្លងមកនេះបានក្លាយជាសក្ខីភាពបញ្ជាក់យ៉ាងប្រត្យក្សថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» បាននិងកំពុងគិតគូរយ៉ាងច្បាស់លាស់ពីមូលដ្ឋានគ្រឹះនៃសន្តិភាពនិងការអភិវឌ្ឍ សម្រាប់មនុស្សជាតិជំនាន់របស់យើងនាពេលនេះ ហើយកំពុងត្រួសត្រាយមាគ៌ាទទួលខុសត្រូវចំពោះមនុស្សជាតិជំនាន់ក្រោយផងដែរ។ វេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់និងផ្លូវលើកទី៣មជ្ឈមណ្ឌលរួមកម្លាំងសាមគ្គីពហុភាគីនិយមដែលពោរពេញដោយការបើកចំហនិងការរួមបញ្ចូលគ្នា ព្រមទាំងគោលដៅក្នុងការជំរុញបុព្វហេតុដ៏ធំអស្ចារ្យនៃការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិទាំងមូល៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន