ដើម្បីបង្ហាញសមិទ្ធផលដែលសម្រេចបានដោយការកសាងរួមគ្នានៃ "ខ្សែក្រវាត់និងផ្លូវ" ក្នុងរយៈពេល១០ ឆ្នាំកន្លងមកនេះ ពង្រឹងការយល់ដឹងរបស់សហគមន៍អន្តរជាតិ ជំរុញការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃការកសាងរួមគ្នានៃ "ខ្សែក្រវាត់ និងផ្លូវ" និងធ្វើឱ្យ "ខ្សែក្រវាត់និងផ្លូវ" ផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនកាន់តែច្រើន ការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃទី១០ ខែតុលាបានចេញផ្សាយសៀវភៅស "រួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ៖ ការអនុវត្តដ៏សំខាន់ក្នុងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ"។សៀវភៅសចែកជាប្រាំផ្នែកបន្ថែមលើសេចក្ដីផ្ដើម និងសេចក្តីបញ្ចប់។
១.មានប្រភពមកពីប្រទេសចិន និងជារបស់ពិភពលោក
ពិភពលោកសព្វថ្ងៃនេះកំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្ស ហើយការអភិវឌ្ឍន៍អរិយធម៌របស់មនុស្សលោកកំពុងប្រឈមមុខនឹងបញ្ហា និងការប្រកួតប្រជែងកាន់តែច្រើនឡើងៗ។ ប្រទេសចិនផ្តោតលើអនាគត ជោគវាសនា និងផលប្រយោជន៍រួមរបស់មនុស្សជាតិ ឆ្លើយតបទៅនឹងការអភិវឌ្ឍន៍សកល និងការរំពឹងទុករបស់ប្រទេសផ្សេងៗ បន្តវេននិងពង្រីកធំនូវស្មារតីផ្លូវសូត្រ ដែលជាមរតកដ៏មានតម្លៃនៃអរិយធម៌របស់មនុស្សជាតិ ហើយលើកឡើងនូវការរួមគ្នាកសាងគំនិតផ្តួតផ្តើម "ខ្សែក្រវាត់និងផ្លូវ "។ គំនិតផ្តួចផ្តើមនេះតភ្ជាប់ប្រវត្តិសាស្រ្ត បច្ចុប្បន្ន និងអនាគត ដែលមានប្រភពមកពីប្រទេសចិន ឆ្ពោះទៅកាន់ពិភពលោកនិងផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិទាំងអស់។ការកសាងរួមគ្នានូវ"ខ្សែក្រវាត់និងផ្លូវ" ចាត់ទុកការកសាងសហគមន៍ជោគវាសនាមួយសម្រាប់មនុស្សជាតិជាគោលដៅខ្ពស់បំផុត ហើយបានបង្កើតវេទិកាជាក់ស្តែងនិងបង្ហាញផ្លូវដើម្បីសម្រេចបាននូវគោលដៅនេះ និងជំរុញការអនុវត្តជាក់ស្តែងនូវចក្ខុវិស័យដ៏ល្អបវរនេះ។ វាគឺជាផលិតផលសាធារណៈដ៏សំខាន់មួយសម្រាប់ការកែលម្អអភិបាលកិច្ចសកល។
២.ត្រួសត្រាយផ្លូវឆ្ពោះទៅរកការអភិវឌ្ឍន៍និងវិបុលភាពរួម
ការដែលរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ប្រកាន់ខ្ជាប់នូវគោលគំនិតនៃសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ លើកឡើងនិងការអនុវត្តទស្សនសកល ទស្សនអភិវឌ្ឍន៍ ទស្សនសន្តិសុខ ទស្សនបើកចំហ ទស្សនសហប្រតិបត្តិការ ទស្សនអរិយធម៌ និងទស្សនអភិបាលកិច្ចដែលសម្របទៅតាមការអភិវឌ្ឍនៃសម័យកាល ហើយផ្តល់នូវគំនិតតម្រង់ទិសនិងផ្លូវអនុវត្តជាក់ស្តែងសម្រាប់ប្រទេសជុំវិញពិភពលោក ដើម្បីសម្រេចបាននូវការអភិវឌ្ឍនិងវិបុលភាពរួម។
៣.លើកកម្ពស់ការតភ្ជាប់ទំនាក់ទំនងគ្នាដោយគ្រប់ជ្រុងជ្រោយនិងក្នុងពហុវិស័យ
ការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"បានចាត់ទុក"ការតភ្ជាប់រឹង"ខាងហេដ្ឋារចនាសម្ព័ន្ធជាទិសដៅសំខាន់ និងចាត់ទុក"ការតភ្ជាប់ទន់" ខាងច្បាប់គតិយុត្តិនិងបទដ្ឋានជាការគាំទ្រដ៏សំខាន់ និងចាត់ទុក "ការតភ្ជាប់ចិត្ត"របស់ប្រជាជននៃបណ្តាប្រទេសជាមូលដ្ឋានគ្រឹះដ៏សំខាន់ ហើយធ្វើឱ្យការតភ្ជាប់នូវគោលនយោបាយ ការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់នូវពាណិជ្ជកម្ម ការតភ្ជាប់នូវហិរញ្ញវត្ថុ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជនឱ្យកាន់តែស៊ីជម្រៅថែមទៀត ពង្រីកធំនូវវិស័យនៃកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ហើយបានក្លាយជាវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិដែលមានក្រខណ្ឌទូលំទូលាយនិងមានទ្រង់ទ្រាយដ៏ធំបំផុតលើពិភពលោកសព្វថ្ងៃនេះ។
៤.បញ្ចូលថាមពលវិជ្ជមានទៅក្នុងសន្តិភាពនិងវឌ្ឍនភាពនៃពិភពលោក
ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដែលបានផ្តល់ឱកាសថ្មីសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក កសាងវេទិកាថ្មីសម្រាប់ពាណិជ្ជកម្មនិងការវិនិយោគអន្តរជាតិ កែលម្អសមត្ថភាពអភិវឌ្ឍន៍និងជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាជនរបស់ប្រទេសពាក់ព័ន្ធ ពង្រីកវិសាលភាពសម្រាប់ការកែលម្អប្រព័ន្ធអភិបាលកិច្ចសកលនិងនាំមកនូវភាពប្រាកដប្រជា និងស្ថិរភាពបន្ថែមទៀតដល់ពិភពលោកដែលកំពុងច្របូកច្របល់។ ការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" មិនត្រឹមតែអភិវឌ្ឍប្រទេសចិនប៉ុណ្ណោះទេ ក៏ថែមទាំងផ្តល់ផលប្រយោជន៍ដល់ពិភពលោកផងដែរ។
៥.លើកកម្ពស់នូវការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់ ដើម្បីសម្រេចបាននូវការដំណើរការដោយស្ថិរភាពនិងយូរអង្វែង
ការអនុវត្តរយៈពេល១០ឆ្នាំកន្លងមកនេះ បានបង្ហាញឱ្យឃើញយ៉ាងពេញលេញថា ការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"បានធ្វើដំណើរតាមនិន្នាការ ទទួលការគាំទ្រពីប្រជាជន ផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជន និងផ្តល់ផលប្រយោជន៍ដល់ពិភពលោក ដែលជាមាគ៌ាសម្រាប់ប្រទេសទាំងអស់ធ្វើទំនើបកម្មជាមួយគ្នា ហើយក៏ជាមាគ៌ានៃក្តីសង្ឃឹមសម្រាប់មនុស្សជាតិ ដើម្បីឈានទៅរកអនាគតដ៏ល្អប្រសើរដែលមានភាពធន់ដ៏រឹងមាំ មានជីវិតដ៏រស់រវឹក និងអនាគតអភិវឌ្ឍន៍ដ៏ទូលំទូលាយ។
ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសដទៃទៀត ដើម្បីជំរុញមិនងាករេនូវការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់ អនុវត្តយ៉ាងជាក់ស្តែងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីកសាងពិភពលោកមួយដែលប្រកបដោយសន្តិភាពជានិរន្ត៍ សុវត្ថិភាពជាទូទៅ វិបុលភាពរួម ការបើកចំហរនិងបរិយាប័ន្ន និងស្អាតស្អំស្រស់បំព្រង៕