ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកចាំបាច់ត្រូវបញ្ឈប់ការបំផ្លាញមូលដ្ឋាននយោបាយនៃកិច្ចសហប្រតិបត្តិការសកលខាងអាកាសធាតុ
2023-10-09 13:24:49cri
Share with:

    រដ្ឋសភាដែលទទួលបន្ទុកការងារតាក់តែងច្បាប់គឺជាកត្តាដ៏សំខាន់មួយដែលជះឥទ្ធិពលចំពោះគោលនយោបាយចំពោះក្រៅប្រទេសរបស់សហរដ្ឋអាមេរិក ។ ស្របពេលដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ កាន់តែខិតជិតចូលមកដល់ ពិតមែនតែនយោបាយក្នុងស្រុករបស់អាមេរិកកាន់តែមានភាពបែកបាក់គ្នាពីមួយថ្ងៃទៅមួយថ្ងៃដោយសារការបដិបក្ខគ្នារវាងបក្សប្រជាធិបតេយ្យនិងបក្សសាធារណរដ្ឋក៏ដោយ ក៏ប៉ុន្តែក្នុងគោលនយោបាយចំពោះក្រៅប្រទេសរបស់ខ្លួន អ្វីដែលហៅថា "គោលជំហរដ៏រឹងចចេសចំពោះប្រទេសចិន"បានក្លាយជាគំនិតឯកភាពរួមដ៏ធំបំផុតរវាងគណបក្សទាំងពីរ ឯបញ្ហាបម្រែបម្រួលអាកាសធាតុគឺជាឧទាហរណ៍មួយស្រាប់ ។

    បញ្ហាបម្រែបម្រួលអាកាសធាតុងាយរងផលប៉ះពាល់ពីស្ថានភាពទូទៅនៃទំនាក់ទំនងរវាងចិននិងអាមេរិកដែលជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ធ្វើការវិនិច្ឆ័យចំពោះទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងចិននិងអាមេរិក ។

    បន្ទាប់ពីរដ្ឋាភិបាលលោក ចូ បៃដន បានឡើងកាន់មុខតំណែងកាលពីដើមឆ្នាំ ២០២១ លោក John Kerry ដែលទទួលបន្ទុកកិច្ចការអាកាសធាតុបានទៅបំពេញទស្សនកិច្ចចំនួនពីរលើកនៅប្រទេសចិន ហើយប្រទេសទាំងពីរបានចេញផ្សាយសេចក្តីប្រកាសរួមដើម្បីគ្រោងផែនការក្នុងវិស័យសហប្រតិបត្តិការសំខាន់ៗ ។ យ៉ាងណាមិញ លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកកាលនោះបានទៅបំពេញទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់កាលពីខែសីហា ឆ្នាំ ២០២២ ដែលបង្ខំឱ្យប្រទេសចិនប្រកាសផ្អាកធ្វើការចរចាអំពីបញ្ហាបម្រែបម្រួលអាកាសធាតុជាមួយសហរដ្ឋអាមេរិក ។ កាលពីចុងឆ្នាំ ២០២២ កិច្ចចរចារវាងប្រមុខរដ្ឋចិននិងអាមេរិកដែលធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលប្រទេស G20 បាននាំមកនូវក្តីសង្ឃឹមដល់ការចាប់ដំណើរការជាថ្មីឡើងវិញនូវការពិគ្រោះពិភាក្សានិងកិច្ចសហប្រតិបត្តិការស្តីពីបញ្ហាអាកាសធាតុរវាងភាគីទាំងពីរ ប៉ុន្តែ ហេតុការណ៍"នាវាអាកាស(AirShip)គ្មានមនុស្សបើក"ដែលកើតឡើងបន្ទាប់ពីនោះបានធ្វើឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកស្ទើរតែធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងប្រវតិ្តសាស្ត្រ ។ រហូតដល់ពេលដែលលោក John Kerry បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកបញ្ហាអាកាសធាតុបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីខែកក្កដា ឆ្នាំនេះ ទើបប្រទេសចិននិងសហរដ្ឋអាមេរិកបានរៀបចំឡើងវិញនូវការពិគ្រោះពិភាក្សាស្តីពីបញ្ហាអាកាសធាតុជាផ្លូវការ ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនៅតែប្រឈមមុខនឹងការសាកល្បងជាច្រើន ។ អាចនិយាយបានថា គោលជំហរប្រឆាំងចិនរបស់អ្នកនយោបាយអាមេរិកមួយចំនួនបាននិងកំពុងបំផ្លាញដល់មូលដ្ឋានគ្រឹះនៃកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការស្តីពីបញ្ហាអាកាសធាតុរវាងចិននិងអាមេរិក ។

    ក្នុងនិម្មាបនកម្មនយោបាយនៃការប្រកួតប្រជែងយ៉ាងខ្លាំងរវាងគណបក្សទាំងពីររបស់អាមេរិក បញ្ហាបម្រែបម្រួលអាកាសធាតុបានក្លាយជាបញ្ហានយោបាយដ៏ធ្ងន់ធ្ងរ ហើយគោលនយោបាយអាកាសធាតុក៏បានរង្គោះរង្គើទៅតាមការផ្លាស់ប្តូររដ្ឋអំណាចផងដែរ ។ បន្ទាប់ពីរដ្ឋាភិបាលលោកត្រាំដែលជាសមាជិកគណបក្សសាធារណរដ្ឋឡើងកាន់មុខតំណែង ពួកគេបានអនុវត្តគោលការណ៍ស្តីពី"ការចាត់ទុកអាមេរិកជាអាទិភាព"ដោយបានប្រកាសដកខ្លួនចេញពី«កិច្ចព្រមព្រៀងក្រុងប៉ារីស» ។ ដោយឡែករដ្ឋាភិបាលលោក ចូ បៃដន ដែលជាសមាជិកបក្សប្រជាធិបតេយ្យបានឡើងកាន់មុខតំណែងកាលពីខែមករា ឆ្នាំ ២០២១ សហរដ្ឋអាមេរិកបានវិលត្រឡប់ទៅ«កិច្ចព្រមព្រៀងក្រុងប៉ារីស»វិញដោយប្រកាសបន្ថែមពាក្យសន្យារបស់ខ្លួនស្តីពីការកាត់បន្ថយការបញ្ចេញសារធាតុបំពុល ពោលគឺ ដល់ឆ្នាំ ២០៣០ ការបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់នឹងកាត់បន្ថយពី ៥០ ភាគរយដល់ ៥២ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០០៥ ហើយដល់ឆ្នាំ ២០៥០ សម្រេចបាននូវគោលដៅមិនបញ្ចេញសារធាតុបំពុល ។ អ្នកវិភាគមួយចំនួនបានលើកឡើងថា ទោះបីជារដ្ឋាភិបាលលោក ចូ បៃដិន អាចរកបានតុល្យភាពលើវិស័យនយោបាយក្នុងស្រុកអំពីពាក្យសន្យាពាក់ព័ន្ធក៏ដោយ ក៏ប៉ុន្តែ "ពាក្យសន្យាថ្មីនេះគ្រាន់តែជាឧបករណ៍មួយតែប៉ុណ្ណោះ ក្នុងន័យបោកបញ្ឆោតអង្គភាពសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត "។

    អ្វីដែលគួរឱ្យយកចិត្តទុកដាក់ គឺ បន្ទាប់ពីរដ្ឋាភិបាលលោក ចូ បៃដិន បានវិលត្រឡប់ទៅ«កិច្ចព្រមព្រៀងក្រុងប៉ារីស»វិញ ពួកគេមិនត្រឹមតែមិនបានដើរតួនាទីជាអ្នកដឹកនាំលើបញ្ហាបម្រែបម្រួលអាកាសធាតុសកលប៉ុណ្ណោះទេ ផ្ទុយទៅវិញបែរជាអនុវត្តការការពារនិយម ក៏ដូចជាបង្កការប៉ះទង្គិចឥតឈប់ឈរដើម្បីគាបសង្កត់និងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិននៅគ្រប់ទីកន្លែង ។

    ចាប់តាំងពីចូលឆ្នាំនេះមក រដ្ឋសភាអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ដោយតម្រូវឱ្យក្រសួងការបរទេសអាមេរិកដាក់កម្លាំងសម្ពាធទៅលើអង្គការអន្តរជាតិដើម្បីដកប្រទេសចិនចេញពីក្របខ័ណ្ឌ"ប្រទេសកំពុងអភិវឌ្ឍន៍" ក៏ដូចជាប៉ុនប៉ងរារាំងប្រទេសចិនទទួលបានការអនុគ្រោះក្នុងអង្គការអន្តរជាតិដោយសារឋានៈជា"ប្រទេសកំពុងអភិវឌ្ឍន៍" ។ «អនុសញ្ញាក្របខ័ណ្ឌស្តីពីបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ»គឺជាមូលដ្ឋានផ្នែកច្បាប់អន្តរជាតិសម្រាប់ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល ឯគោលការណ៍ស្តីពីទំនួលខុសត្រូវរួមតែមានលក្ខណៈផ្សេងគ្នាគឺជាមូលដ្ឋានគ្រឹះនៃអនុសញ្ញានេះ ។ សហរដ្ឋអាមេរិកបានល្មើសយ៉ាងកម្រោលនូវគោលការណ៍ស្តីពីទំនួលខុសត្រូវរួមតែមានលក្ខណៈផ្សេងគ្នាវាមុខជានឹងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋាននយោបាយនៃកិច្ចសហប្រតិបត្តិការសកលខាងអាកាសធាតុ ។

    សូមបញ្ជាក់ថា បម្រែបម្រួលអាកាសធាតុគឺជាបញ្ហាបរិស្ថានដ៏ធ្ងន់ធ្ងរបំផុតមួយដែលមនុស្សជាតិកំពុងប្រឈមមុខ ហើយវាក៏ជាការប្រឈមដ៏សំខាន់បំផុតមួយនៅក្នុងសតវត្សរ៍ទី ២១ ផងដែរ ។ ក្នុងនាមជាអ្នកជំរុញនិងជាអ្នកអនុវត្តជាក់ស្តែងនៃ«កិច្ចព្រមព្រៀងក្រុងប៉ារីស» ប្រទេសចិនបាននិងកំពុងចាត់ប្រតិបតិ្តការយ៉ាងសកម្មជាប់រហូតដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល ។ ប្រទេសចិននឹងអនុវត្តយ៉ាងមុតមាំមិនងាករេនូវគោលដៅស្តីពីការកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនៅមុនឆ្នាំ ២០៣០ និងសម្រេចអព្យាក្រឹតភាពកាបូនមុនឆ្នាំ ២០៦០ ដែលខ្លួនបានសន្យានោះ វាបានស៊ីសង្វាក់គ្នាណាស់ជាមួយនឹងគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពសកល ។ ក្នុងរយៈពេលជិត ១០ ឆ្នាំកន្លងមក ប្រទេសចិនបានរួមចំណែកលើវិស័យសន្សំសំចៃថាមពល លើកកម្ពស់ប្រសិទ្ធភាពថាមពល អភិវឌ្ឍថាមពលដែលអាចកកើតឡើងវិញ គមនាគមន៍និងសំណង់ជាដើម អត្រារួមចំណែកត្រូវជាពី ៣០ ភាគរយដល់ ៥០ ភាគរយនៃបរិមាណសរុបរបស់ពិភពលោកទាំងមូល ។ អនុបាតនៃការប្រើប្រាស់ធ្យូងថ្មរបស់ចិនបានធ្លាក់ចុះមកនៅត្រឹម ៥៦ ភាគរយ ថាមពលឥន្ធនៈមិនមែនហ្វូស៊ីលមានអនុបាតកើនឡើងដល់ ១៦,៦ ភាគរយ ហើយបរិមាណថាមពលដែលអាចកកើតឡើងវិញមានចំនួនជាងមួយភាគបីនៃបរិមាណសរុបរបស់ពិភពលោកទាំងមូល ។ ប្រទេសចិនបានផ្តល់ការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចគិតជាមធ្យម ៦,៥ ភាគរយតាមរយៈល្បឿនកំណើននៃការប្រើប្រាស់ថាមពលគិតជាមធ្យមក្នុងមួយឆ្នាំប្រហែល ៣ ភាគរយ ។

    មួយផ្នែក សហរដ្ឋអាមេរិកត្រូវការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងអភិបាលកិច្ចអាកាសធាតុសកល មួយផ្នែកទៀត ពួកគេក៏បានគាបសង្កត់និងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនឥតឈប់ឈរ បើនិយាយពីផ្នែកតក្កវិជ្ជាអាចឃើញថា វាគឺមិនសមហេតុផលនិងមិនអាចទៅរួចទេ ។ លោក Richie Merzian អ្នកទទួលខុសត្រូវនៃកម្មវិធីអាកាសធាតុនិងថាមពលនៃវិទ្យាស្ថានអូស្រ្តាលីដែលជាធនាគារគំនិតអំពីគោលនយោបាយសាធារណៈឯករាជ្យបានថ្លែងថា ការធ្វើកិច្ចសហប្រតិបត្តិការក្ក្នុងបញ្ហាអាកាសធាតុរវាងចិននិងអាមេរិកមិនត្រឹមតែនឹងមានអំណោយផលដល់ពិភពលោកទាំងមូលប៉ុណ្ណោះទេ ថែមទាំងក៏សមស្របនឹងផលប្រយោជន៍របស់ប្រទេសទាំងពីរផងដែរ ។

    ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុមិនមែនជាថ្នូរនៃភូមិសាស្ត្រនយោបាយនោះទេ ឯការអនុវត្តពាក្យសន្យាស្តីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុត្រូវការទំនួលខុសត្រូវដ៏ពិតប្រាកដ ។ ពួកយើងរំពឹងទុកថា រដ្ឋាភិបាលអាមេរិកអាចទទួលបានការបំផុសគំនិតពីក្នុងនោះ ពោលគឺ៖គួរតែចាប់ដៃគ្នាធ្វើកិច្ចសហប្រតិបតិ្តការ មិនត្រូវរិះគន់គ្នាទៅវិញទៅមក គួរតែប្រកាន់ខ្ជាប់គោលការណ៍ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវកែប្រែគោលការណ៍តាមតែទំនើងចិត្ត ក៏ដូចជាគួរតែមានទំនុកចិត្តគ្នានិងគោរពពាក្យសន្យា មិនត្រួវលះបង់ចោលពាក្យសន្យារបស់ខ្លួននោះទេ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស