អ្នកធ្វើទេសចរណ៍ក្នុងស្រុកមានចំនួន៨២៦លាននាក់ ដែលបានកើនឡើង៤.១%បើប្រៀបធៀបនឹងឆ្នាំ២០១៩ ប្រាក់ចំណូលខាងទេសចរណ៍ក្នុងស្រុកមានចំនួន៧៥៣.៤៣ប៊ីលានយន់ប្រាក់ចិន ដែលបានកើនឡើង១.៥%បើប្រៀបធៀបនឹងឆ្នាំ២០១៩ ប្រាក់ចំណូលលក់សំបុត្រភាពយន្តចិនបានលើសពី២.៧៣ប៊ីលានយន់ប្រាក់ចិន ផ្លូវដែកទូទាំងប្រទេសចិនបានដឹកជញ្ជូនអ្នកដំណើរចំនួនជាង១៦០លាននាក់។ល។ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃបុណ្យសែនព្រះខែនិងបុណ្យជាតិចិនដែលទើបតែកន្លងផុតទៅ ទីផ្សារប្រើប្រាស់របស់ប្រទេសចិនបានលេចចេញភាពថ្កុំថ្កើងនិងភាពអ៊ូអរយ៉ាងខ្លាំង។
បុណ្យជាតិឆ្នាំនេះ គឺជាវិស្សមកាលបុណ្យជាតិលើកដំបូង បន្ទាប់ពីការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩របស់ប្រទេសចិនមានស្ថេរភាព។ស្ថាប័នទាំងក្នុងនិងក្រៅប្រទេសបានព្យាករណ៍ជាទូទៅថា ស្របពេលដែលការស្តារឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិនបង្កើនល្បឿន ទីផ្សារប្រើប្រាស់ក្នុងស្រុកនឹងមានប្រជាប្រិយភាពខ្លាំងដែលខានជួបយូរហើយ។ ក្នុងរយៈពេល៨ថ្ងៃកន្លងមកនេះ ពីស្ថានីយរថភ្លើងដែលមានភាពមមាញឹកនិងមានមនុស្សយ៉ាងច្រើន ដល់តំបន់ទេសភាពល្បីៗដែលមានមនុស្សកកកុញ រហូតដល់ទីផ្សារសម្តែងល្ខោនដែលពិបាកទទួលបានសំបុត្រ សុទ្ធតែបានបញ្ជាក់ពីការព្យាការណ៍បែបនេះ។
អ្នកវិភាគបានលើកឡើងថា មូលហេតុដែលទីផ្សារប្រើប្រាស់របស់ប្រទេសចិនបានបញ្ចេញនូវភាពរស់រវឹកយ៉ាងខ្លាំងក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ មួយផ្នែកគឺដោយមកពីតម្រូវការចេញទៅធ្វើដំណើរនិងទិញឥវ៉ាន់របស់ប្រជាជនដែលត្រូវបានទប់ស្កាត់ដោយការរីករាលដាលនៃជំងឺកូវីដ១៩បានបញ្ចេញទាំងស្រុង ហើយមួយផ្នែកទៀត គឺដោយមកពីរដ្ឋបាលគ្រប់ថ្នាក់របស់ប្រទេសចិនបានដាក់ចេញគោលនយោបាយនិងវិធានការមួយចំនួន ដើម្បីស្ដារឡើងវិញនិងពង្រីកការប្រើប្រាស់យ៉ាងសកម្ម ហើយជំរុញតម្រូវការប្រើប្រាស់ក្នុងសង្គម។
ភាពរុងរឿងថ្កុំថ្កើងដែលបានបង្ហាញក្នុងអំឡុងពេល"សុវណ្ណសប្តាហ៍"នៃបុណ្យជាតិឆ្នាំនេះ គឺជាសញ្ញាដ៏សំខាន់នៃការរក្សាស្ថិរភាពនិងងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសចិន។ពេលបច្ចុប្បន្ននេះ ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានកម្លាំងទន់ខ្សោយ ហើយបរិយាកាសខាងក្រៅមានភាពកាន់តែស្មុគស្មាញនិងតឹងរ៉ឹង រីឯសេដ្ឋកិច្ចចិនវិញ បែរជាបានបង្ហាញពីភាពធន់និងភាពរស់រវើកក្នុងការស្តារឡើងវិញជាបន្តបន្ទាប់។
ជាពិសេស គឺចាប់តាំងពីខែសីហាឆ្នាំនេះមក ក្រោមការជំរុញនៃគោលនយោបាយនិងវិធានការមួយចំនួនស្តីពីការពង្រីកតម្រូវការក្នុងស្រុក បង្កើនជំនឿចិត្ត និងទប់ស្កាត់ហានិភ័យ ការបង្កបង្កើនផលនៃឧស្សាហកម្មនិងសេវាកម្មរបស់ប្រទេសចិនបានបង្កើនល្បឿនតម្រូវការក្នុងស្រុកត្រូវបានបន្តពង្រីកថែមទៀត ហើយសេដ្ឋកិច្ចជាតិបានងាកទៅរកសភាពល្អប្រសើរឡើងវិញជាបណ្តើរៗ។
វេបសាយ《Wall Street Journal》អាមេរិកបានផ្សាយដំណឹងនាពេលថ្មីៗនេះថា ក្រោមបរិការណ៍ដែលការដំឡើងអត្រាការប្រាក់នៅអឺរ៉ុបនិងអាមេរិកបានធ្វើឱ្យអ្នកប្រើប្រាស់និងសហគ្រាសធ្លាក់ក្នុងភាពក្រីក្រ សេដ្ឋកិច្ចរបស់ប្រទេសចិនបានបង្ហាញពីនិន្នាការរស់រវើកដែលបាននាំមកនូវក្តីសង្ឃឹមដល់សេដ្ឋកិច្ចពិភពលោក។ អ្នកនាំពាក្យនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានថ្លែងនៅពេលថ្មីៗនេះថា អង្គការនេះបានឃើញនូវនិន្នាការស្ថិរភាពនៃសេដ្ឋកិច្ចរបស់ប្រទេសចិនតាយរយៈទិន្នន័យថ្មីបំផុត។ ប្រការទាំងនេះសុទ្ធតែបង្ហាញថាជំនឿចិត្តរបស់សហគមន៍អន្តរជាតិចំពោះការស្តារឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងកើនឡើងជាបន្តបន្ទាប់។
តាមពិតទៅ បរិយាកាសអន្តរជាតិដែលសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងប្រឈមមុខនៅតែមានភាពស្មុគស្មាញនិងតឹងរ៉ឹង ហើយមូលដ្ឋានគ្រឹះសម្រាប់ការស្តារឡើងវិញជាបន្តបន្ទាប់ក៏នៅតែត្រូវពង្រឹងថែមមួយកម្រិតទៀតដែរ។ ប៉ុន្តែម្យ៉ាងទៀត ទិដ្ឋភាពវិជ្ជមានលក់ដាច់ណាស់នៃទីផ្សារប្រើប្រាស់ក្នុងអំឡុងពេលវិស្សមកាលបុណ្យជាតិចិនបានបង្ហាញយ៉ាងច្បាស់ថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានភាពធន់យ៉ាងខ្លាំង មានសក្ដានុពលយ៉ាងធំធេងនិងពោរពេញទៅដោយភាពរស់រវើក ហើយនិន្នាការទូទៅនៃសេដ្ឋកិច្ចចិនដែលមានភាពល្អប្រសើរនិងមានស្ថិរភាពក្នុងរយៈពេលយូរមិនកែប្រែទេ។ ក្នុងបរិយាកាសជាទូទៅដែលកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចពិភពលោកមិនគ្រប់គ្រាន់ សេដ្ឋកិច្ចរបស់ប្រទេសចិននឹងបន្តជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ចសកលដោយភាពធន់យ៉ាងខ្លាំង៕