ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អ្នកដឹកនាំលំដាប់លេខបីរបស់សហរដ្ឋអាមេរិកត្រូវទម្លាក់ពីមុខតំណែងនឹងនាំមកនូវភាពចលាចលកាន់តែច្រើនដល់មជ្ឈដ្ឋាននយោបាយអាមេរិក
2023-10-05 18:56:29cri
Share with:

 

    ត្រឹមតែកាន់មុខតំណែងរយៈពេល៩ខែប៉ុណ្ណោះ លោក Kevin McCarthy ប្រធានសភាតំណាងរាស្រ្តអាមេរិកក៏ត្រូវបានទម្លាក់ពីមុខតំណែងហើយ ។ កាលពីថ្ងៃទី៣ខែតុលាតាមម៉ោងក្នុងតំបន់ នៅសភាតំណាងរាស្រ្តដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ សមាជិកសភាតំណាងរាស្រ្តទាំងឡាយបានទម្លាក់លោក Kevin McCarthyចេញពីមុខតំណែងជាប្រធានសភាតំណាងរាស្រ្ត តាមលទ្ធផលបោះឆ្នោតសំឡេងគាំទ្រ២១៦សំឡេងនិង២១០សំឡេងប្រឆាំង។ ប្រការនេះនាំឱ្យប្រព័ន្ធសារព័ត៌មានអាមេរិកផ្សាយដំណឹងយ៉ាងភ្ញាក់ផ្អើលថា មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិក សភាតំណាងរាស្រ្តធ្លាក់ចូលក្នុងសភាពច្របូកច្របល់ នៅផ្ទៃក្នុងគណបក្សសាធារណរដ្ឋបាត់បង់ម្ចាស់ការហើយ។ល។ មជ្ឈដ្ឋាននានារបស់សហរដ្ឋអាមេរិកព្រួយបារម្ភថា ទន្ទឹមនឹងការទម្លាក់ពីមុខតំណែងរបស់អ្នកដឹកនាំលំដាប់លេខបីរបស់អាមេរិក ទំនាស់រវាងគណបក្សទាំងពីរនិងបក្សពួកនានារបស់អាមេរិកនឹងកាន់តែខ្លាំងឡើងៗ ដែលនាំមកនូវភាពច្របូកច្របល់កាន់តែច្រើនដល់មជ្ឈដ្ឋាននយោបាយអាមេរិក ក៏ដូចជាធ្វើឱ្យសង្គមអាមេរិកមានភាពបែកបាក់គ្នាថែមមួយកម្រិតទៀត ។

ក្នុងប្រវត្តិសាស្ត្រអាមេរិក ការដាក់សំណើឱ្យទម្លាក់ប្រធានសភាតំណាងរាស្រ្តគឺកម្រឃើញណាស់ ។បន្ទាប់ពីលទ្ធផលបោះឆ្នោតបានប្រកាស មនុស្សជាច្រើនបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះគណបក្សសាធារណរដ្ឋមានអាសនៈចំនួន២២១នៅសភាតំណាងរាស្រ្ត ដែលច្រើនជាង២១២អាសនៈរបស់គណបក្សប្រជាធិបតេយ្យ ។ ប៉ុន្តែដោយសារសមាជិកគណបក្សសាធារណរដ្ឋស្តាំនិយមជ្រុលចំនួន៨នាក់បាន ក្បត់ ដូច្នេះ សភាតំណាងរាស្រ្តបានទម្លាក់លោក Kevin McCarthy នៅចុងបញ្ចប់ ។

ចាប់តាំងពីខែកញ្ញាឆ្នាំនេះមក វិវាទរវាងគណបក្សទាំងពីររបស់សហរដ្ឋអាមេរិកជុំវិញថវិកាឆ្នាំសារពើពន្ធថ្មីបានកើនឡើងជាបន្តបន្ទាប់ ។ ព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យនិងសភាតំណាងរាស្រ្តដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋបានលើកឡើងផែនការទម្លាក់ថវិកាជាបណ្តោះអាសន្នមួយដោយឡែកពីគ្នា ប៉ុន្តែសុទ្ធតែមិនត្រូវបានអនុម័តទេ ។ ពួកអភិរក្សនៃគណបក្សសាធារណរដ្ឋក៏បានអះអាងថា មិនទទួលយកផែនការបន្ធូរបន្ថយគោលជំហរជាបណ្តោះអាសន្នណាមួយនោះឡើយ ។ នៅថ្ងៃទី៣០ខែកញ្ញាតាមម៉ោងក្នុងតំបន់ ក្នុងនាមជាប្រធានសភាតំណាងរាស្រ្ត លោក Kevin McCarthy បានសម្រេចចិត្តរួមសហការជាមួយសមាជិកបក្សប្រជាធិបតេយ្យ ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការទម្លាក់ថវិកាបណ្តោះអាស្ន ហើយសេចក្តីព្រាងច្បាប់នេះគ្មានខ្លឹមសារដូចជា ការកាត់បន្ថយយ៉ាងខ្លាំងនូវការចំណាយរបស់សហព័ន្ធនិងការបង្កើនការគ្រប់គ្រងតំបន់ព្រំដែនជាដើមដែលពួកអភិរក្សនៃគណបក្សសាធារណរដ្ឋបានគាំទ្រនោះ ។ នេះបានធ្វើឱ្យវិវាទរវាងលោកនិងពួកអភិរក្សនៃគណបក្សសាធារណរដ្ឋមានភាពកាន់តែផុយស្រួយដោយផ្ទាល់។

យប់ថ្ងៃទី១២ខែតុលាតាមម៉ោងក្នុងតំបន់ លោក Matt Gaetz សមាជិកគណបក្សសាធារណរដ្ឋស្តាំនិយមជ្រុលបានលើកសំណើឱ្យដកហូតមុខតំណែងរបស់ប្រធានសភាតំណាងរាស្រ្ត ដោយយកលេសថា លោក Kevin McCarthy កំពុងបម្រើគណបក្សប្រជាធិបតេយ្យ ។ យោងតាមច្បាប់កំណត់នៃសភាតំណាងរាស្រ្ត សមាជិកសភាអាចទាមទារឱ្យប្រធានសភាតំណាងរាស្រ្តរៀបចំការបោះឆ្នោតសម្រេចក្នុងរយៈពេលពីរថ្ងៃការងារ ការបោះឆ្នោតនេះគ្រាន់តែត្រូវទទួលបានសន្លឹកឆ្នោតភាគច្រើនក៏អាចទម្លាក់ប្រធានសភាតំណាងរាស្រ្តបានដែរ។ គឺដោយមកពីសមាជិកគណបក្សសាធារណរដ្ឋស្តាំនិយមជ្រុលចំនួន៨នាក់ចូលក្នុងក្រុមគណបក្សប្រជាធិបតេយ្យ បានជា លោក Kevin McCarthy បានត្រូវទម្លាក់ពីមុខតំណែង ។

ដូច្នេះអាចឃើញថា នៅសភាតំណាងរាស្រ្តដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ប្រធានសភាតំណាងរាស្រ្តត្រូវគេបោះឆ្នោតទម្លាក់ចេញពីតំណែង មើលទៅហាក់ដូចជារឿងចៃដន្យ ប៉ុន្តែវាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទាល់តែសោះ ។ ក៏ដូចអ្នកវិភាគជាច្រើនបានលើកឡើងថា ការបដិបក្ខយ៉ាងមុតស្រួចរវាងគណបក្សនិងវិវាទនៅផ្ទៃក្នុងគណបក្សនយោបាយដែលមានភាពកាន់តែខ្លាំងឡើងៗ គឺជាមូលហេតុដ៏សំខាន់ដែលបណ្តាលឱ្យលោក Kevin McCarthy ត្រូវគេទម្លាក់ចេញពីមុខតំណែង ។

ខណៈពេលនយោបាយអាមេរិកបម្រើដល់ផលប្រយោជន៍របស់មនុស្សភាគតិច ខណៈពេលប្រជាធិបតេយ្យបែបអាមេរិកក្លាយជា ហ្គេមនៃអំណាច នោះ តើការបរិយាយពីប្រជាធិបតេយ្យដែលប្រឌិតដោយអ្នកនយោបាយអាមេរិកនៅតែមានភាពអាចជឿទុកចិត្តបាននិងឥទ្ធិពលបញ្ចុះបញ្ចូលទៀតដែរឬទេ?

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស