ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ជប៉ុនបន្តបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ ដែលបានបង្កប់គ្រោះថ្នាក់កំបាំងដ៏ធ្ងន់ធ្ងរនៅពេលខាងមុខ
2023-09-18 08:36:26cri
Share with:

សូមញ៉ាំត្រីដែលរងការបំពុលឱ្យកាន់តែយកចិត្តទុកដាក់ សឹមប្រាប់យើងអំពីសភាពការណ៍សុខភាពរបស់អ្នកនៅ១០ឆ្នាំក្រោយ ។ ពេលថ្មីៗកន្លងទៅនេះ លោកស្រី Murai Akemi អតីតសមាជិកសភានៃបក្សកុម្មុយនីស្តជប៉ុនបានរងការរិះគន់និងវាយប្រហារពីអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតជប៉ុនមួយចំនួនដោយសារបានច្រានចោលមតិប្លែកៗរបស់អ្នកសារព័ត៌មានជប៉ុនស្តីពី ការញ៉ាំត្រីជប៉ុន ដើម្បីយកឈ្នះលើប្រទេសចិន ហើយលោកស្រីបានលុបចោលសារដើមនិងសុំអភ័យទោសម្តងហើយម្តងទៀតទាំងបង្ខិតបង្ខំ ។

ប្រព័ន្ធសារព័ត៌មានជប៉ុនបានផ្សាយដំណឹងឱ្យដឹងថា ពាក្យ ត្រីរងការបំពុលក្នុងសារនេះត្រូវគេសម្គាល់ថា ហួសហេតុពេក ដែលនាំឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតជប៉ុន ។ ដោយសាររងកម្លាំងសម្ពាធយ៉ាងខ្លាំង លោកស្រី Murai Akemi បានលុបចោលសារពាក់ព័ន្ធ ព្រមទាំងសុំអភ័យទោសតាមរយៈការបង្ហោះសារវែងនៅលើប្លុកហ្គឺផ្ទាល់ខ្លួនលោកស្រីផងដែរ ។

រឿងនេះបានជះឥទ្ធិពលរហូតដល់បច្ចុប្បន្ននេះ ។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានជប៉ុនដូចជាកាសែត Yomiuri Shinbun ជាដើមឱ្យដឹងថា ក្រៅពីសុំអភ័យទោសនិងលុបចោលសារដើម លោកស្រី Murai Akemi ក៏បានដកខ្លួនចេញពីការបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្ត្រអាណត្តិក្រោយផងដែរ ។

    គួរឱ្យបញ្ជាក់ថា នៅចុងខែសីហា បន្ទាប់ពីចូលរួមសិក្ខាសាលាមួយអំពីបញ្ហាថា តើត្រូវជួយឧបត្ថម្ភឧស្សាហកម្មជលផលជប៉ុនតាមរបៀបណា លោក Nomura Tetsuro រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទរបស់ជប៉ុនបានលើកឡើងដល់ពាក្យ ទឹកវិទ្យុសកម្មនុយក្លេអ៊ែរនៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន តែមិនមែនប្រើពាក្យ ទឹកសំណល់ដែលធ្វើប្រព្រឹត្តកម្មដែលភាគីជប៉ុនតែងតែប្រើប្រាស់នោះ ហើយត្រូវលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបញ្ជាឱ្យដកមកវិញនិងសុំអភ័យទោស ។ យប់ថ្ងៃដដែល លោក Nomura Tetsuro បានឱនលំទោនខ្លួនសុំទោសនៅក្នុងសន្និសីទសារព័ត៌មាន ។

ទាក់ទងនឹងរឿងនេះ ពេលថ្មីៗកន្លងទៅនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ពាក្យ ទឹកសំណល់ដែលធ្វើប្រព្រឹត្តកម្ម នេះគឺមិនអើពើនឹងការពិតជាក់ស្តែង គ្រាន់តែជាការប៉ុនប៉ងកាត់បន្ថយនិងបិទបាំងផលប៉ះពាល់នៃការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ ក៏ដូចជាបំភាន់សាធារណជននិងមតិអន្តរជាតិរបស់ជប៉ុនប៉ុណ្ណោះ ។ ការលើកឡើងនូវទឹកវិទ្យុសកម្មនុយក្លេអ៊ែរ របស់មន្ត្រីជប៉ុនពាក់ព័ន្ធ គឺគ្រាន់តែនិយាយពីការពិតមួយម៉ាត់ប៉ុណ្ណោះ ។ អ្វីដែលភាគីជប៉ុនគួរតែដកមកវិញយ៉ាងពិតប្រាកដ តើមិនមែនជាសេចក្តីសម្រេចចិត្តដ៏ខុសឆ្គងស្តីពីការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រទេឬ? ហើយអ្នកដែលភាគីជប៉ុនគួរតែសុំអភ័យទោស តើមិនមែនជាទង្វើអាត្មានិយមដែលផ្ទេរហានិភ័យបំពុលដោយនុយក្លេអ៊ែរទៅឱ្យទូទាំងពិភពលោកទេឬ?

តាមទិន្នន័យនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរ Fukushima ដែលស្ថិតនៅក្រោមឱវាទនៃក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនឱ្យដឹងថា ការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរ Fukushima លើកដំបូងបានបញ្ចប់នៅថ្ងៃទី១១ខែកញ្ញារួចហើយ ។ ព្រមពេលជាមួយគ្នានេះ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុននឹងធ្វើការត្រួតពិនិត្យចំពោះគ្រឿងបរិក្ខារពាក់ព័ន្ធនឹងការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរ ។ បន្ទាប់ពីបញ្ចប់ការងារត្រួតពិនិត្យ នឹងចាប់ផ្តើមត្រៀមលក្ខណៈសម្រាប់ការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រលើកទីពីរ ។ 

ជប៉ុនបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ មើលទៅហាក់ដូចជាទង្វើទាល់ច្រក ក៏ប៉ុន្តែតាមការពិតគឺជាទង្វើមិនដឹងក្បាលមិនដឹងកន្ទុយនិងកុហកខ្លួនឯងកុហកអ្នកដទៃ។ គ្មានអ្វីគួរឱ្យសង្ស័យឡើយ អ្នករងគ្រោះដ៏ធំបំផុតគឺជប៉ុនខ្លួនឯង ។ ប្រទេសជប៉ុនដែលល្បីឈ្មោះខាងរបរនេសាទនិងឧស្សាហកម្មពាក់ព័ន្ធមុខជានឹងប្រឈមមុខនឹង គ្រោះមហន្តរាយដ៏កាចសាហាវជាមិនខាន ។

ក្នុងពេលដំណាលគ្នា ការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ ក៏នឹងបង្កជាផលប៉ះពាល់ដល់វិស័យជាច្រើនដូចជា បម្លាស់ទីនៃត្រីទូទាំងពិភពលោក របរនេសាទនៅសមុទ្រឆ្ងាយ សុខភាពមនុស្សជាតិនិងសុវត្ថិភាពអេកូឡូស៊ីជាដើម ពោលគឺពិបាកប៉ាន់ប្រមាណចំពោះការគំរាមកំហែងកំបាំងទៅលើសង្គមមនុស្សជាតិនិងបរិស្ថានអេកូឡូស៊ីសមុទ្រ ។

ជប៉ុនបានចាប់ផ្តើមពន្លឿនការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ ហើយត្រៀមបម្រុងការងារបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រដំណាក់កាលទីពីរយ៉ាងឆាប់រហ័ស។ ទង្វើបែបនេះបានបង្ហាញថា អាជ្ញាធរជប៉ុនមិនអើពើនឹងការយកចិត្តទុកដាក់និងប្រឆាំងរបស់សាធារណជនទូទាំងពិភពលោក គិតតែបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរដែលខ្លួនស្តុកទុកទាំងអស់ទៅក្នុងសមុទ្រ ។ បច្ចុប្បន្ននេះ ប្រទេសនានាលើពិភពលោកបានប្រឈមមុខនឹងបញ្ហាជាបន្ទាន់មួយ ពោលគឺតើនឹងបន្ថែមសម្ពាធទៅលើជប៉ុនយ៉ាងណា ដើម្បីដាក់កំហិតលើការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរ ។ យើងមិនអាចឱបដៃឈរមើលទេ ចាំបាច់ត្រូវប្រើមធ្យោបាយដ៏រឹងចចេសក្នុងការទប់ស្កាត់ជប៉ុន ដើម្បីចៀសវាងពីការបង្កជាការគំរាមកំហែងកាន់តែធំចំពោះតុល្យភាពអេកូឡូស៊ីសកលនិងការរស់រានមានជីវិតរបស់មនុស្សជាតិ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស