ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ឱកាសក្នុងទីផ្សារធំរបស់ចិនផ្តល់កម្លាំងចលករអភិវឌ្ឍន៍ថ្មីដល់ពិភពលោក
2023-09-16 15:25:32cri
Share with:

ទិន្នន័យសេដ្ឋកិច្ចនៅខែសីហាដែលរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី១៥ខែកញ្ញាបានបញ្ជាក់ពីកម្លាំងទាក់ទាញដ៏ធំសម្បើមនៃទីផ្សារប្រើប្រាស់របស់ចិនចំពោះពិភពលោក ។ នៅខែសីហា ទំហំសរុបនៃការលក់រាយផលិតផលប្រើប្រាស់ក្នុងសង្គមចិនបានកើនឡើង៤,៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ ហើយកើនឡើង២,១ភាគរយបើប្រៀបធៀបនឹងខែកក្កដាឆ្នាំនេះ ។ ទិន្នន័យសេដ្ឋកិច្ចចិនត្រូវបានកែលម្អ ទំហំលក់រាយរបស់ចិនលើសពីការប៉ាន់ប្រមាណ។ល។ ប្រព័ន្ធសារព័ត៌មានបរទេសនាំគ្នាផ្តោតការយកចិត្តទុកចំពោះនិន្នាការប្រសើរឡើងនៃសេដ្ឋកិច្ចរបស់ចិន ។

តាំងពីចូលឆ្នាំនេះមក ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលមានកម្លាំងទន់ខ្សោយ ឥទ្ធិពលនៃការរឹតបន្តឹងគោលនយោបាយនៃអង្គភាពសេដ្ឋកិច្ចសំខាន់ៗបានលេចចេញហើយ ។ សេដ្ឋកិច្ចចិនបានស្តារឡើងវិញជាបន្តបន្ទាប់ក្រោមកម្លាំងសម្ពាធ ដែលបន្តក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក ។ ឱកាសក្នុងទីផ្សារធំរបស់ចិនបានផ្តល់កម្លាំងចលករអភិវឌ្ឍន៍ថ្មីដល់ពិភពលោក ពេលសហគ្រិនពហុជាតិជាច្រើនត្រូវគេសួរថា តើឱកាសទីផ្សារដូចប្រទេសចិនបែបនេះបន្ទាប់មកទៀតនៅឯណា? ពួកគេសុទ្ធតែជ្រើសរើសប្រទេសចិនដោយមិនស្ទាក់ស្ទើរតែម្តង ។

អ៊ីចឹង តើពួកគេនឹងទទួលបានអ្វីពីទីផ្សារធំរបស់ចិន?យើងអាចមើលពីទិន្នន័យសេដ្ឋកិច្ចប្រទេសចិននៅខែសីហា ។

នៅខែសីហាដែលទើបបានកន្លងទៅនេះ ប្រជាជនចិនបានធ្វើទេសចរណ៍កាន់តែច្រើនឡើងៗ ដូច្នេះ ការប្រើប្រាស់ខាងសេវាកម្មដូចជា ហូបចុក សណ្ឋាគារនិងគមនាគមន៍ជាដើមបានបន្តកើនឡើង ។ ចំណូលខាងការហូបចុកទូទាំងប្រទេសចិនបានកើនឡើង១២,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ សន្ទស្សន៍សកម្មភាពធុរកិច្ចនៃមុខរបរដូចជាការដឹកជញ្ជូនតាមផ្លូវដែក ដឹកជញ្ជូនតាមអាកាសចរណ៍និងការស្នាក់នៅជាដើមសុទ្ធតែរក្សាក្នុងក្របខ័ណ្ឌកម្រិតខ្ពស់ដែលលើសពី៥៥ភាគរយ ។

តាមការប៉ាន់ប្រមាណនិងគណនានៃរដ្ឋបាលជាតិរូបិយប័ណ្ណរបស់ចិនឱ្យដឹងថា អត្រាបានចំណេញពីការវិនិយោគរបស់ពាណិជ្ជករបរទេសនៅប្រទេសចិនក្នុងរយៈពេលជិត៥ឆ្នាំកន្លងទៅនេះគឺ៩,១ភាគរយ ដែលខ្ពស់ជាងប្រហែល៣ភាគរយរបស់អឺរ៉ុបនិងសហរដ្ឋអាមេរិកយ៉ាងច្រើន ហើយក៏ខ្ពស់ជាងអង្គភាពសេដ្ឋកិច្ចងើបឡើងថ្មីសំខាន់ៗផ្សេងទៀតដែលមានអត្រាបានចំណេញពី៤ដល់៨ភាគរយផងដែរ ។ មានការវិភាគបានលើកឡើងថា ចិនមានក្រុមមនុស្សចំណូលមធ្យមដោយទ្រង់ទ្រាយធំ នេះមានន័យថា វិស័យប្រើប្រាស់ដូចជារថយន្ត ឱសថនិងវេជ្ជសាស្ត្រជាដើមបង្កប់នូវឱកាសកំបាំងយ៉ាងធំធេង ពោលគឺសហគ្រាសពហុជាតិនឹងបន្តវិនិយោគនិងគ្រោងទុករចនាសម្ព័ន្ធក្នុងវិស័យទាំងនេះ ។

បើនិយាយចំពោះសហគ្រាសពហុជាតិ ក្នុងបរិបទដែលកត្តាអស្ថិរភាព មិនប្រាកដប្រជានិងពិបាកប៉ាន់ប្រមាណក្នុងទីផ្សារអន្តរជាតិបានកើនឡើង ការប៉ាន់ប្រមាណប្រកបដោយភាពនឹងនរគឺមានសារសំខាន់ណាស់ ។ ចិនបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំនេះប្រហែល៥ភាគរយ ។ ធនាគារពិភពលោក អង្គការសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ដោយឡែកពីគ្នាថា សេដ្ឋកិច្ចប្រទេសចិននៅឆ្នាំ២០២៣នឹងកើនឡើង៥,៦ភាគរយ ៥,៤ភាគរយនិង៥,២ភាគរយ ។ ព្រមពេលជាមួយគ្នានេះ លើវិស័យគោលនយោបាយ ដោយសារខុសពីប្រទេសប៉ែកខាងលិចមួយចំនួនដែលតែងតែ បត់ភ្លាមៗ បានជាភាពនឹងនរនិងនិរន្តរភាពនៃគោលនយោបាយសេដ្ឋកិច្ចរបស់ចិនបានផ្តល់ ឱសថពង្រឹងជំនឿចិត្តដល់សហគ្រាសពហុជាតិ ។

ពេលថ្មីៗនេះ ភាគីចិនបានដាក់ចេញវិធានការមួយចំនួន ដូចជាការស្តារនិងពង្រីកការប្រើប្រាស់ ជំរុញការអភិវឌ្ឍនៃសេដ្ឋកិច្ចឯកជននិងបង្កើនកម្លាំងទាក់ទាញការវិនិយោគរបស់ពាណិជ្ជករបរទេសជាដើម ។ ទន្ទឹមនឹងបុណ្យសែនព្រះខែដែលជាបុណ្យប្រពៃណីរបស់ចិននិងបុណ្យជាតិជិតចូលមកដល់ ថ្ងៃឈប់សម្រាករយៈពេលវែងនឹងបន្តដើរតួនាទីជំរុញកាន់តែលេចធ្លោចំពោះការប្រើប្រាស់និងសេដ្ឋកិច្ច ហើយប្រទេសចិនចល័តក៏នឹងនាំមកនូវកម្លាំងចលករកាន់តែច្រើនដល់ពិភពលោកផងដែរ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស