ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អ្នកកាន់ដាវប្រហែលនឹងត្រូវស្លាប់ក្រោមផ្លែដាវរបស់ខ្លួន
2023-09-11 10:13:56cri
Share with:

    នាពេលថ្មីៗកន្លងទៅនេះ សេតវិមានអាមេរិកបានប្រកាសថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកនឹងធ្វើដំណើរទៅកាន់រដ្ឋអាឡាស្កា ដើម្បីចូលរួមសកម្មភាពរំលឹកខួបទី ២២ នៃហេតុការណ៍វាយប្រហារដោយភេរវកម្ម"១១កញ្ញា" ។

    បើរំលឹកពីហេតុការណ៍វាយប្រហារដោយភេរវកម្ម"១១កញ្ញា" វាមិនមែនជារឿងចម្លែកសម្រាប់អ្នកផងទាំងពួងនោះទេ ។ វាជាហេតុការណ៍វាយប្រហារដោយភេរវកម្មដ៏ធ្ងន់ធ្ងរបំផុតដែលកើតឡើងនៅលើទឹកដីអាមេរិកដែលចំនួនអ្នកស្លាប់បាត់បង់ជីវិតសរុបមានដល់ទៅ ២៩៩៦ នាក់ឯណោះ ។ ហេតុការណ៍នេះបានបណ្តាលឱ្យសុវត្ថិភាពផ្លូវចិត្តរបស់ប្រជាជនអាមេរិកចំពោះសេដ្ឋកិច្ចនិងនយោបាយសុទ្ធតែត្រូវបានកាត់កម្សោយយ៉ាងខ្លាំង ។

បន្ទាប់ពីកើតមានហេតុការណ៍វាយប្រហារដោយភេរវកម្ម"១១កញ្ញា" សហរដ្ឋអាមេរិកបានចាប់ផ្តើមកែសម្រួលគោលនយោបាយការទូតរបស់ខ្លួន ដើម្បីប្រឆាំងភេរវកម្មក្នុងក្របខ័ណ្ឌទូទាំងពិភពលោក ក៏ដូចជាបំផុសសង្គ្រាមនៅក្រៅប្រទេសក្រោមលេសវាយបង្ក្រាបភេរវកម្មនិយម ។

    កាលពីឆ្នាំ ២០០១ សហរដ្ឋអាមេរិកបានបំផុសសង្រ្គាមនៅអាហ្វហ្កានីស្ថានដោយយកការ"ប្រឆាំងភេរវកម្ម"ធ្វើជាលេស" ។ សង្គ្រាមនេះបានដំណើរការអស់រយៈពេល ២០ ឆ្នាំដែលបានបណ្តាលឱ្យមនុស្សសរុបប្រហែល ២ សែន ៤ ម៉ឺន ១ ពាន់នាក់ស្លាប់បាត់បង់ជីវិត ក្នុងនោះបូករួមទាំងជនស៊ីវិលប្រហែលជាង ៧ ម៉ឺន ១ ពាន់នាក់ផងដែរ ។ គិតរហូតដល់បច្ចុប្បន្ននេះ ពិតមែនតែសហរដ្ឋអាមេរិកនិងអង្គការណាតូបានដកទ័ពទាំងអស់ចេញពីអាហ្វហ្កានីស្ថានក៏ដោយ ប៉ុន្តែអ្វីដែលបានបន្យល់ទុកនៅអាហ្វហ្កានីស្ថានគឺមានតែភាពខ្ទេចខ្ទាំប៉ុណ្ណោះ ។

    "សង្គ្រាមប្រឆាំងភេរវកម្ម"ដែលបានដំណើរការអស់រយៈពេល ២០ ឆ្នាំ និងចំណាយលុយជាង ២ ទ្រីលានដុល្លារអាមេរិក ក៏ដូចជាបានបណ្តាលឱ្យនាយទាហាននិងពលទាហានអាមេរិកជាង ២ ម៉ឺននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស ហេតុអ្វីបានជាបានបញ្ចប់ដោយបរាជ័យដូចនេះ ? អាមេរិកគួរតែពិចារណាពីកំហុសរបស់ខ្លួន

    ដូចអ្នកវិភាគមួយចំនួនបានលើកឡើងថា មូលហេតុសំខាន់មួយ គឺដោយមកពីក្នុងបញ្ហាប្រឆាំងភេរវកម្ម សហរដ្ឋអាមេរិកតែងតែគិតពិចារណាដល់ផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបានប្រើស្តង់ដាវិនិច្ឆ័យផ្សេងគ្នាចំពោះភេរវនិយមនិងសកម្មភាពភេរវកម្ម ។ ដូច្នេះ ស្តង់ដាពីរក្នុងបញ្ហាប្រឆាំងភេរវកម្មបានបណ្តែតបណ្តោយឱ្យភេរវនិយមកើតឡើងនិងរីករាលដាលយ៉ាងឆាប់រហ័ស ។

    តាមពិតទៅ នៅគ្រាដំបូងដែលសហរដ្ឋអាមេរិកបានចាត់បញ្ជូនកងទ័ពទៅកាន់អាហ្វហ្កានីស្ថាននិងអ៊ីរ៉ាក់ជាដើម អាមេរិកក៏ប៉ុនប៉ងធ្វើឱ្យការប្រឆាំងភេរវកម្មផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងគោលដៅស្តីពីការអនុវត្តអនុត្តរភាពនិយមនិងការធ្វើវិទ្ធង្សនារដ្ឋអំណាចប្រទេសដទៃ ។ ដូច្នេះ អ្វីដែលហៅថា "ការប្រឆាំងភេរវកម្ម"ដែលគិតតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន តាមពិតទៅ វាបានធ្វើឱ្យការប៉ះទង្គិចនិងភាពច្របូកច្របល់ក្នុងតំបន់និងប្រទេសពាក់ព័ន្ធកាន់តែមានភាពតានតឹងថែមទៀត ក៏ដូចជាបានបណ្តាលឱ្យកើតមានសកម្មភាពវាយប្រហារដោយភេរវកម្មជាបន្តបន្ទាប់ផងដែរ ។

    តាមទិន្នន័យស្ថិតិបានបង្ហាញឱ្យឃើញថា សង្រ្គាមនៅអាហ្វហ្កានីស្ថានដែលបំផុសដោយអាមេរិកបានធ្វើឱ្យចំនួនអង្គការភេរវកម្មនៅអាហ្វហ្កានីស្ថានកើនឡើងពីខ្ទង់រាយទៅដល់ជាង ២០ ដែលមានភេរវជនបរទេសជិត ១ ម៉ឺននាក់ ។ ពីអង្គការអាល់កៃដាដល់អង្គការ"រដ្ឋអ៊ីស្លាម" ពីអង្គការ"Boko Haram"ដល់អង្គការអាល់កៃដា Maghrebអ៊ីស្លាម ការគំរាមកំហែងដែលបង្កឡើងដោយភេរវកម្មនិយមក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូលមិនបានថយចុះនោះទេ បែរជាបានកើនឡើងទៅវិញ ។

    ក្រៅពីនេះ អាមេរិកបានជ្រោងទង់ "ប្រឆាំងភេរវកម្ម" ប៉ុន្តែតាមការពិត គឺបានបែងចែកជាក្រុមប្រឆាំងភេរវកម្មតាមរយៈទស្សនៈមនោគមវិជ្ជានិងគំនិតសង្គ្រាមត្រជាក់ ក៏ដូចជាប្រើស្តង់ដាពីរ ពោលគឺ "អនុវត្តតាមលុះត្រាតែសមស្របនឹងផលប្រយោជន៍ផ្ទាល់ខ្លួន បើពុំនោះទេ ចាំបាច់ត្រូវជម្រុះចោល" ក្នុងន័យគាំពារអនុត្តរភាពបែបអាមេរិក ។ វាមិនខុសអ្វីពីការគាំទ្រភេរវជនដែលបានបង្កជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កិច្ចសហប្រតិបតិ្តការប្រឆាំងភេរវកម្មសកល ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនយោបាយអាមេរិកមិនអើពើនឹងបទឧក្រិដ្ឋរបស់ភេរវជនដែលបានសម្លាប់ជនស៊ីវិលឥតទោសពៃរ៍នៅប្រទេសចិន បែរជាបានមួលបង្កាច់ដោយចេតនាអាក្រក់ចំពោះវិធានការដ៏សមហេតុផលរបស់រដ្ឋាភិបាលចិនក្នុងការវាយប្រហារភេរវនិយមនិងជ្រុលនិយមនៅតំបន់ស៊ីនជាំងក្រោមលេស"សិទិ្ធមនុស្ស"និង"សាសនា" ។ ការប្រឆាំងភេរវកម្មតាមស្តង់ដាពីរដោយឈរលើមូលដ្ឋាននៃការគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនទាំងនេះបានរង្គោះរង្គើយ៉ាងខ្លាំងក្លាដល់មូលដ្ឋានជឿទុកចិត្តរវាងប្រទេសនានាក្នុងកិច្ចសហប្រតិបតិ្តការប្រឆាំងភេរវកម្ម បើនិយាយចំពោះការប្រឆាំងភេរវកម្មក្នុងស្រុកអាមេរិកវិញ ក៏មានតែផលប៉ះពាល់គ្មានផលប្រយោជន៍អ្វីនោះឡើយ ។

    គោលនយោបាយប្រឆាំងភេរវកម្មដ៏បរាជ័យរបស់អាមេរិកក៏បានធ្វើឱ្យសម្ព័ន្ធមិត្តសម្រាប់ប្រឆាំងភេរវកម្មរបស់ខ្លួនរងការខូចខាតយ៉ាងដំណំនិងបង់តម្លៃយ៉ាងធ្ងន់ធ្ងរផងដែរ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការភេរវកម្ម ដូចជាអង្គការ"រដ្ឋអ៊ីស្លាម"និងអង្គការអាល់កៃដាជាដើមមិនត្រឹមតែបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កការវាយប្រហារដោយភេរវកម្មជាច្រើនលើកនៅក្នុងប្រទេសអឺរ៉ុបផងដែរ ។ ព្រមពេលជាមួយគ្នានេះ សង្គ្រាមប្រឆាំងភេរវកម្មរបស់អាមេរិកក៏បានធ្វើឱ្យអឺរ៉ុបរងផលប៉ះពាល់ដោយផ្ទាល់លើបញ្ហាជនភៀសខ្លួនជាបន្តបន្ទាប់ដែលបណ្តាលឱ្យសន្តិសុខសង្គមប្រឈមមុខនឹងការសាកល្បងដ៏តឹងរ៉ឹង អត្រាបាត់បង់ការងារនិងនិន្នាការប្រជានិយមបានកើនឡើង ក៏ដូចជាបានបង្កើនហានិភ័យនៃការវាយប្រហារដោយភេរវកម្ម ។

    មូលហេតុដែលបណ្តាលឱ្យ"ការប្រឆាំងភេរវកម្មបែបអាមេរិក"កាន់តែប្រឆាំងកាន់តែមានភាពធ្ងន់ធ្ងរ គឺដោយមកពីពូកគេងប់ងល់នឹងកម្លាំងបាយនិងសកម្មភាពយោធានិយម ប៉ុន្តែមិនយកចិត្តទុកដាក់ចំពោះការលុបបំបាត់កត្តាដែលងាយនឹងកើតឡើងភេរវនិយម ដូចជាភាពក្រីក្រ ការបែកបាក់ពូជសាសន៍ និងគំនិតជ្រុលនិយមជាដើម ។ វិធីប្រឆាំងភេរវកម្មបែបនេះមានតែនាំមកនូវស្ថានការណ៍ច្របូកច្របល់ បង្កជាទំនាស់ថ្មីក្នុងសង្គម ក៏ដូចជាធ្វើឱ្យសកម្មភាពភេរវកម្មកើតឡើងយ៉ាងអនាធិបតេយ្យពីមួយថ្ងៃទៅមួយថ្ងៃទៀតផង ។

     រយៈពេល ២២ ឆ្នាំបានកន្លងផុតទៅហើយ តើសហរដ្ឋអាមេរិកមានការផ្លាស់ប្តូរឬទេ ? ចម្លើយគឺច្បាស់លាស់ណាស់ ។ ប្រសិនបើចង់ដកដាវអួតថាខ្លួនខ្លាំង ហើយមិនចេះប្រមូលដាវទុកបញ្ឈប់ការបង្ករឿងនោះទេ សហរដ្ឋអាមេរិកមិនត្រឹមតែនឹងបាត់បង់កិត្យានុភាពអន្តរជាតិជាបណ្តើរៗប៉ុណ្ណោះទេ ចុងបញ្ចប់ក៏ប្រហែលនឹងត្រូវស្លាប់ក្រោមផ្លែដាវរបស់ខ្លួនដែរ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស