ថ្ងៃទី ៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកចិន ជប៉ុន និងកូរ៉េខាងត្បូង(១០+៣)លើកទី ២៦ នៅទីក្រុងហ្សាការតា។
លោក Li Qiang បានថ្លែងថា និយាយចំពោះប្រទេស ១០+៣ សឹងតែទ្វីបអាស៊ីទាំងមូល យើងមានផ្ទះរួម ផលប្រយោជន៍រួម និងឱកាសរួម។ យើងត្រូវផ្តោតលើការងារបីចំណុចជាសំខាន់៖ ទីមួយ បន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងស្វែងរកភាគលាភពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។ ទី២ គឺបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសម្របសម្រួលនិងការបែងចែកការងារផ្នែកឧស្សាហកម្មក្នុងតំបន់។ ទី៣ គឺបន្តបង្កើនការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាដើម្បីជំរុញការអភិវឌ្ឍ។
លោក Li Qiang ក៏បានបញ្ជាក់ពីគោលជំហររបស់ប្រទេសចិនលើបញ្ហាដែលជប៉ុនបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃខេត្ត Fukushima នៅក្នុងសមុទ្រ ដោយថ្លែងថា ការចាត់ចែងទឹកសំណល់នុយក្លេអ៊ែរគឺទាក់ទងទៅនឹងបរិស្ថានអេកូឡូស៊ីនៃមហាសមុទ្រ និងសុខភាពសាធារណៈ។ ប្រទេសជប៉ុនគួរតែបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនដោយស្មោះត្រង់ និងពិគ្រោះយោបល់ដោយពេញលេញជាមួយប្រទេសជិតខាង និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីចាត់ចែងទឹកសំណល់នុយក្លេអ៊ែរប្រកបដោយការទទួលខុសត្រូវ៕