ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖បច្ចេកវិទ្យាបូកសេវាកម្ម ជាកម្លាំងជំរុញដ៏សំខាន់នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់
2023-09-05 09:36:07cri
Share with:

      ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកញ្ញា ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២៣ បានបើកធ្វើនៅក្រុងប៉េកាំង ក្រោមប្រធានបទ “ការបើកទូលាយជំរុញការអភិវឌ្ឍ កិច្ចសហប្រតិបតិ្តការទទួលបានឈ្នះ-ឈ្នះនៅពេលអនាគត ” ។ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះ ហាក់ដូចជាបានបើកបង្អួចកាលានុវត្តភាពសម្រាប់ឱ្យបច្ចេកទេសឌីជីថលនិងតួអង្គសេដ្ឋកិច្ចពិតរួមបញ្ចូលយ៉ាងស៊ីជម្រៅ ព្រមនឹងជំរុញឱ្យការធ្វើឌីជីថលូបនីយកម្មរបស់ពាណិជ្ជកម្មសេវាកម្មសកលពន្លឿនការធ្វើបរិវត្តកម្មទៀតផង ។

ស្របពេលដែលការច្នៃប្រឌិតថ្មីខាងបច្ចេកទេសបង្កើនល្បឿនលើវិស័យទិន្នន័យធំ cloud computing  បណ្តាញIOT និងភាពវៃឆ្លាតសិប្បនិមិ្មតជាដើម ដំណើរធ្វើឌីជីថលូបនីយកម្មរបស់ពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនត្រូវពន្លឿនថែមមួយកម្រិតទៀត ។ លោក Zhu Fulin អនុប្រធានផ្នែកការស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវកិច្ចសហប្រតិបតិ្តការផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ចអន្តរជាតិរបស់ក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ការធ្វើបរិវត្តកម្មឌីជីថលរបស់ពាណិជ្ជកម្មសេវាកម្មចិនបានលើកកម្ពស់ថែមមួយកម្រិតទៀតនូវកម្រិតចំណេះដឹងនិងបច្ចេកវិទ្យារបស់ពាណិជ្ជម្មសេវាកម្ម ព្រមពេលជាមួយគ្នានេះ ក៏បានជំរុញឱ្យបង្កើតរូបមន្តថ្មីនិងមុខរបរថ្មីរបស់ពាណិជ្ជកម្មសេវាកម្ម ដូចជាការព្យាបាលរោគពីចម្ងាយ និងម៉ៅគម្រោងជាមួយគ្នាជាដើម ។ ការប្រើប្រាស់បច្ចេកទេសឌីជីថល អាចធ្វើឱ្យសេវាកម្មដែលមិនអាចធ្វើពាណិជ្ជកម្មនៅកាលពីមុន ក្លាយជាពាណិជ្ជកម្មសេវាកម្ម ដែលបានពង្រីកទ្រង់ទ្រាយពាណិជ្ជកម្មសេវាកម្មថែមមួយកម្រិតទៀត ។

ព្រមពេលជាមួយគ្នានេះ “ក្រុមមិត្តភកិ្ត”របស់ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើផ្ទៃអន្តរជាតិក៏បានពង្រីកជាបន្តបន្ទាប់ ។ តំណាងពាណិជ្ជករនៃប្រទេសជាច្រើនដែលបានចូលរួមពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះបានថ្លែងថា ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មបានបង្កើតជាវេទិកាមួយសម្រាប់ឱ្យពិភពលោករួមគ្នាចែករំលែកផលប្រយោជន៍នៃពាណិជ្ជកម្មសេវាកម្ម ហើយបានក្លាយជាវេទិកាដ៏សំខាន់សម្រាប់ជំរុញការអភិវឌ្ឍពាណិជ្ជកម្មសេវាកម្ម ប្រមូលផ្តុំមតិឯកភាពរួមនៃកិច្ចសហប្រតិបតិ្តការសកល និងជំរុញការផ្លាស់ប្តូរលើផ្ទៃអន្តរជាតិ ។

ក្នុងនាមជាប្រទេសភ្ញៀវកិតិ្តយសនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មឆ្នាំនេះ ប្រទេសអង់គ្លេសបានបង្កើតគណៈប្រតិភូពាណិជ្ជកម្មសេវាកម្មដែលមានទ្រង់ទ្រាយធំជាងគេតាំងពីបានចូលរួមពិព័រណ៍នេះមក ។ បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំទីពីររបស់អង់គ្លេសរួចទៅហើយ រីឯឧស្សាហកម្មសេវាកម្មជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់សេដ្ឋកិច្ចអង់គ្លេស ដែលត្រូវជា៧៩ភាគរយនៃទំហំសេដ្ឋកិច្ចសរុបរបស់អង់គ្លេស ។ ក្នុងពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះ សហគ្រាសអង់គ្លេសគ្រប់ប្រភេទបានដាក់តាំងបង្ហាញផលិតផលនិងសមិទ្ធផលថ្មីបំផុតតាមរយៈបែបបទច្នៃប្រឌិតថ្មី ធ្វើឱ្យអ្នកទស្សនាអាចដកបទពិសោធយ៉ាងប្រាកដប្រជានូវភាពរស់រវើកនៃមុខរបរជាច្រើនរបស់ប្រទេសអង់គ្លេស ។

 ក្នុងនាមជា “មិត្តចាស់”របស់ពិព័រណ៍ពាណិជ្ជកម្មសេវាកម្ម ក្រុមហ៊ុនQualcomm បានចូលរួមពិព័រណ៍ក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នា ។ ឆ្នាំនេះ ក្រុមហ៊ុនQualcomm បាននាំមកនូវសមិទ្ធផលសហប្រតិបតិ្តការជាមួយដៃគូឧស្សាហកម្មរបស់ចិន លើវិស័យបច្ចេកវិទ្យាឈានមុខ ដូចជា5G បច្ចេកទេស  LLM និងបច្ចេកទេស VR ជាដើម ក្នុងន័យបង្ហាញពីការអនុវត្តជាក់ស្តែងដ៏សម្បូរបែបរបស់ ក្រុមហ៊ុនQualcomm ក្នុងការពួតដៃជាមួយដៃគូសហប្រតិបតិ្តការ ដើម្បីក្តាប់ជាប់កាលានុវត្តភាពនៃការធ្វើបរិវត្តកម្មឌីជីថល ។

“ព្រឹតិ្តការណ៍ដ៏ឱឡារិកលើកនេះ បានបញ្ជាក់ពីភាពបម្រែបម្រួលឥតឈប់ឈររបស់សេដ្ឋកិច្ចសកល ឧស្សាហកម្មសេវាកម្មមានសក្តានុពលយ៉ាងខ្លាំងក្លា ។ ” ពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលអំពីពាណិជ្ជកម្មសេវាកម្មសកល លោកស្រីRebeca Grynspan អគ្គលេខាធិការនៃសន្និសីទពាណិជ្ជកម្មនិងការអភិវឌ្ឍរបស់ អង្គការសហប្រជាជាតិបានលើកឡើងថា ពាណិជ្ជកម្មសេវាកម្មនឹងក្លាយជាក្បាលម៉ាស៊ីនដ៏ខ្លាំងក្លាក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល បង្កើតឱកាសការងារ និងបង្រួញគម្លាតអភិវឌ្ឍន៍រវាងប្រទេសជឿនលឿននិងប្រទេសកំពុងអភិវឌ្ឍន៍ ។

ពាណិជ្ជកម្មសេវាកម្ម ម្ខាងតភ្ជាប់ជាមួយទីផ្សារក្នុងស្រុកចិន ម្ខាងទៀតតភ្ជាប់ជាមួយទីផ្សារអន្តរជាតិ គឺជាចំណុចសំខាន់ក្នុងការបើកទូលាយប្រកបដោយកម្រិតខ្ពស់ជុំថ្មីមួយ ហើយក៏ជាកម្លាំងចលករយ៉ាងខ្លាំងក្លាដែលអាចជំរុញកំណើនពាណិជ្ជកម្មជាមួយបរទេសផងដែរ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនបានរក្សានិន្នាការកើនឡើង ។ ទិន្នន័យបានបង្ហាញថា នៅឆ្នាំ២០២២ ទំហំនាំចេញនាំចូលរបស់ពាណិជ្ជកម្មសេវាកម្មចិនមានចំនួនជិត ៦ទ្រីលានយាន់ប្រាក់ចិន បានកាន់លំដាប់ថ្នាក់ទីពីរលើសកលលោកបន្ទាប់ពីអាមេរិកក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នា ។

ក្រោមការជំរុញដែលបច្ចេកវិទ្យាផ្តល់កម្លាំងចលករដល់ពាណិជ្ជកម្មសេវាកម្ម ការអភិវឌ្ឍនៅពេលអនាគតរបស់ពាណិជ្ជកម្មសេវាកម្មនឹងមានភាពកាន់តែធំទូលាយ និងមានសក្តានុពលកាន់តែខ្លាំងក្លា ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មនឹងដើរតួនាទីដ៏សំខាន់ក្នុងដំណើរធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការ ណែនាំការច្នៃប្រឌិតថ្មី និងបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ក្នុងន័យបណ្តុះបណ្តាលកម្លាំងចលករអភិវឌ្ឍតាមរយៈការច្នៃប្រឌិតថ្មីខាងសេវាកម្ម និងបង្កើតអនាគតដ៏ល្អបវរតាមរយៈការចែករំលែកខាងសេវាកម្ម ដើម្បីពួតដៃគ្នាជំរុញឱ្យសេដ្ឋកិច្ចសកលដើរតាមផ្លូវងើបឡើងវិញជានិរន្តរភាព ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស