ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រទេសចិននឹងពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់ចំពោះបរទេសជាបន្តបន្ទាប់ ក្នុងន័យនាំមកនូវអារម្មណ៍ទទួលបានកាន់តែច្រើនដល់ប្រជាជនសកលលោក
2023-09-03 11:46:24cri
Share with:

      នៅស្តង់តាំងពិព័រណ៍ក្រុមហ៊ុន Qualcomm  ម៉ូដែល AI មុនគេបង្អស់នៅលើសកលលោកដែលអាចដំណើរការបានក្នុងទូរស័ពន្ទដៃប្រព័ន្ធប្រតិបតិ្តការ android កំពុងធ្វើបទបង្ហាញ  រីឯនៅស្តង់នៃក្រុមហ៊ុន PHILIPS បានតាំងពិព័រណ៍ដំណោះស្រាយច្នៃប្រឌិតថ្មីផ្នែកសុខាភិបាល ហើយនៅស្តង់នៃក្រុមហ៊ុន Tesla បាននាំមកនូវការដកបទពិសោធថ្មីពីបែបបទរស់នៅវៃឆ្លាត   ។ល។ បើសិនជាសួរអ្នកទស្សនាថា អាចរកឃើញអ្វីខ្លះក្នុងពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិដែលសម្ពោធបើកនៅថ្ងៃទី២ ខែកញ្ញា? ចម្លើយគឺ បច្ចកវិទ្យាថ្មីបំផុតនិងឱកាសពាណិជ្ជកម្មសេវាកម្មឈាមមុខនៅលើពិភពលោកទាំងមូល ។

      នៅថ្ងៃដដែល ខណៈពេលថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅក្នុងកិច្ចប្រជុំកំពូលអំពីពាណិជ្ជកម្មសេវាកម្មសកលនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ឆ្នាំ ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ពីពាក្យគន្លឹះទាំងបួន គឺការបើកទូលាយ កិច្ចសហប្រតិបតិ្តការ ច្នៃប្រឌិតថ្មីនិងចែករំលែក ដែលបានបង្ហាញទៅកាន់ពិភពលោកជាថ្មីម្តងទៀតនូវការបេ្តជ្ញាចិត្តរបស់ប្រទេសចិនក្នុងការពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់ និងផ្តល់ផលប្រយោជន៍ដល់ពិភពលោកតាមរយៈសមិទ្ធផលនៃការបើកទូលាយ ។

      នាប៉ុន្មានឆ្នាំកន្លងទៅនេះ ពាណិជ្ជកម្មសេវាកម្មបានក្លាយជាក្បាលម៉ាស៊ីនថ្មីរបស់ពាណិជ្ជកម្មសកល ។ តាមការប៉ាន់ប្រមាណរបស់អង្គការពាណិជ្ជកម្មពិភពលោកឱ្យដឹងថា ដល់ឆ្នាំ២០៤០ សមាមាត្រនៃពាណិជ្ជកម្មសេវាកម្មក្នុងពាណិជ្ជកម្មសកលនឹងឡើងដល់៥០ភាគរយ ។ ប្រការនេះធ្វើឱ្យអ្នកផងមិនពិបាកយល់ថា ហេតុអ្វីបានជាពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិលើកនេះអាចទាក់ទាញសហគ្រាសចំនួនជាង២៤០០មកចូលរួមការតាំងពិព័រណ៍នៅកន្លែងផ្ទាល់ ក្នុងនោះក្រុមហ៊ុនលំដាប់កំពូលទាំង៥០០លើពិភពលោកនិងសហគ្រាសឈានមុខលើវិស័យនានា មានចំនួនជាង៥០០ ដែលបានគ្របដណ្តប់ប្រទេសនិងតំបន់ចំនួន២៨ ដែលស្ថិតនៅលេខរៀង៣០ខាងមុខនៅលើពិភពលោកលើវិស័យពាណិជ្ជកម្មសេវាកម្ម ។

      យោងតាមទិន្ន័យនៃក្រសួងពាណិជ្ជកម្មចិនបានបង្ហាញឱ្យឃើញថា ទំហំពាណិជ្ជកម្មសេវាកម្មនាំចេញនាំចូលសរុបរបស់ប្រទេសចិននៅឆ្នាំ២០២២ មានចំនួនជិត៦ទ្រីលានយាន់ប្រាក់ចិន ដែលបានកាន់ចំណាត់ថ្នាក់ទីពីរនៅលើពិភពលោកក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នា ។ ពាណិជ្ជករជាតិនិងអន្តរជាតិចូលរួមពិព័រណ៍យ៉ាងសកម្ម មូលហេតុសំខាន់ គឺមានសុទិដ្ឋិនិយមចំពោះទីផ្សារដ៏ធំធេងរបស់ចិននិងកាលានុវត្តភាពថ្មីដែលបាននាំមកដោយការលើកកម្ពស់លំដាប់ថ្នាក់នៃឧស្សាហកម្មជាបន្តបន្ទាប់ ។

      “ពង្រីកការបើកទូលាយលើវិស័យពាណិជ្ជកម្មសេវាកម្ម ដូចជាទូរគមនាគមន៍ ទេសចរណ៍ ច្បាប់និងការប្រឡងខាងវិជ្ជាជីវៈជាដើម  ” “ពង្រីកការនាំចូលសេវាកម្មមានគុណភាពខ្ពស់ដោយម្ចាស់ការ ” “លើកទឹកចិត្តឱ្យពង្រីកការនាំចេញសេវាកម្មដែលពឹងផ្អែកលើចំណេះដឹង” ។ល។ ប្រទេសចិនបានដាក់ចេញវិធានការថ្មីមួយចំនួន ដែលបាននាំមកនូវឱកាសកាន់តែច្រើនដល់ពិភពលោកដើម្បីចែករំលែកទីផ្សារចិនជាមួយគ្នា។ ឥស្សរជនវិភាគបានប៉ាន់ប្រមាណថា នៅឆ្នាំ២០២៥ អត្រានៃការប្រើប្រាស់ខាងសេវាកម្មនៃប្រជាជនទីក្រុងនិងជនបទរបស់ប្រទេសចិន នឹងត្រូវលើកកម្ពស់ពី៤៣,២ភាគរយនាឆ្នាំ២០២២ ឡើងដល់ប្រហែល៥០ភាគរយ ប្រការនេះនឹងនាំមកនូវទីផ្សារប្រើប្រាស់ថ្មីដែលមានទំហំប្រហែល១០ទ្រីលានយាន់ប្រាក់ចិន ។

សូមបញ្ជាក់ថា ឆ្នាំនេះជាខួបទី៤៥ នៃការអនុវត្តគោលនយោបាយកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិន ។ ក្នុងនាមជាវេទិកាដ៏សំខាន់មួយរបស់ប្រទេសចិនក្នុងការបើកទូលាយប្រកបដោយកម្រិតខ្ពស់ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ជាសាក្សីនៃការរួមចំណែកដល់ពាណិជ្ជកម្មសេវាកម្មនិងកំណើនសេដ្ឋកិច្ចសកលរបស់ប្រទេសចិន ។ អាចប៉ាន់ប្រមាណថា ស្របពេលដែលការធ្វើទំនើបកម្មតាមបែបផែនចិនត្រូវបានជំរុញជាបន្តបន្ទាប់ ប្រទេសចិននឹងពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ឥតឈប់ឈរ ។ ប្រការនេះ មុខជានឹងបង្កើតសេវាកម្មបែបចិនកាន់តែច្រើននិងកាន់តែល្អប្រសើរ ក្នុងន័យនាំមកនូវអារម្មណ៍ទទួលបានកាន់តែច្រើនដល់ប្រជាជនសកលលោក ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស