“ជប៉ុន យើងខឹងណាស់! ” “ឈប់បង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរ!” “ការពារប៉ាស៊ីហ្វិក និងថែរក្សាកូនចៅយើង!” នៅថ្ងៃទី២៥ ខែសីហា ប្រជាជនហ្វីជីរាប់រយនាក់បានស្រែកពាក្យស្លោក និងដង្ហែក្បួនតាមដងផ្លូវ ដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាលជប៉ុនដែលចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាទៅក្នុងសមុទ្រ អំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការ ដើម្បីទប់ស្កាត់ទង្វើអាក្រក់របស់ប្រទេសជប៉ុន និងការពារបរិស្ថានអេកូឡូស៊ីនៅប៉ាស៊ីហ្វិកនិងសុខុមាលភាពរបស់កូនចៅជំនាន់ក្រោយ។ នៅរសៀលថ្ងៃទី២៦ខែសីហា ប្រជាជនកូរ៉េខាងត្បូងចំនួនប្រហែល៥ម៉ឺននាក់បានទៅកាន់ទីស្តីការប្រធានាធិបតី ដើម្បីតវ៉ាប្រឆាំងនឹងការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរហ្វូគូស៊ីម៉ាទៅក្នុងសមុទ្រ។ លោក Lee Jae-myungមេដឹកនាំគណបក្សប្រជាធិបតេយ្យរួមនៃកូរ៉េខាងត្បូង ដែលជាគណបក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូងបានថ្លែងថា ជប៉ុនបានបំពានខ្សែបន្ទាត់ក្រហមមួយដែលមិនគួរបំពាន នេះជាការបង្ករឿងហេតុចំពោះមនុស្សជាតិ និងជាការប្រកាសសង្គ្រាមដល់បណ្តាប្រទេសនៅតាមឆ្នេរសមុទ្រប៉ាស៊ីហ្វិកទាំងអស់!
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ រដ្ឋាភិបាលជប៉ុនបានបង្ខំឱ្យដំណើរការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រជាឯកតោភាគី ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលបានរងការប្រឆាំងនិងការរិះគន់យ៉ាងខ្លាំងក្លាពីក្នុងប្រទេសជប៉ុននិងសហគមន៍អន្តរជាតិ។ នេះគឺជាលើកដំបូងដែលបានបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រដែលបង្ករឡើងដោយមនុស្សហើយមិនមានស្តង់ដារដោះស្រាយដែលត្រូវបានទទួលស្គាល់ជាទូទៅ ចាប់តាំងពីមនុស្សជាតិបានប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធីមក។ អ្នកជំនាញព្យាករណ៍ថា បច្ចុប្បន្ននេះជប៉ុនមានទឹកវិទ្យុសកម្មនុយក្លេអ៊ែរប្រហែល១.៣លានតោន ហើយរយៈពេលនៃការបង្ហូរអាចមានរយៈពេលពី៣០ទៅ៥០ឆ្នាំ។១០ឆ្នាំក្រោយ ទឹកវិទ្យុសកម្មនុយក្លេអ៊ែរប្រហែលនឹងសាយភាយដល់ស្ទើរតែមហាសមុទ្រប៉ាស៊ីហ្វិកទាំងមូល។ រដ្ឋាភិបាលជប៉ុនបានក្លាយទៅជាអ្នកបំផ្លាញបរិស្ថានអេកូឡូស៊ីនិងជាអ្នកបំពុលមហាសមុទ្រសកលទាំងស្រុងដោយបន្សល់ទុកនូវស្នាមប្រឡាក់មួយទៀតដែលមិនអាចលុបជ្រះក្នុងប្រវត្តិសាស្ត្រ។
១២ឆ្នាំមុន ហេតុការណ៍នុយក្លេអ៊ែរហ្វូគូស៊ីម៉ាបានបញ្ចេញសារធាតុវិទ្យុសកម្មយ៉ាងច្រើនចូលទៅក្នុងសមុទ្រ បណ្តាលឱ្យមានគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ។ ១២ឆ្នាំក្រោយ ភាគីជប៉ុនបានទទូចឱ្យបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រក្នុងសភាពការណ៍ដែលមិនបានបញ្ជាក់ថា ឧបករណ៍ចម្រោះទឹកវិទ្យុសកម្មនុយក្លេអ៊ែរអាចទុកចិត្តបានក្នុងរយៈពេលយូរ មិនបានបញ្ជាក់ថាការបង្ហូរចូលទៅក្នុងសមុទ្រមិនមានគ្រោះថ្នាក់ដល់បរិស្ថានសមុទ្រនិងសុខភាពមនុស្សជាតិ ហើយមិនបានពិគ្រោះពិភាក្សាដោយពេញលេញជាមួយភាគីមានផលប្រយោជន៍ពាក់ព័ន្ធដែលបានបណ្តាលឱ្យបង្កជាផលប៉ះពាល់លើកទី២ដល់ប្រជាជនក្នុងតំបន់ រហូតដល់ប្រជាជនពិភពលោក។ លោកស្រីLucia Raghilievo សមាជិកនៃ“វេទិការដ្ឋធម្មនុញ្ញប្រជាពលរដ្ឋ”ដែលជាអង្គការសិទ្ធិមនុស្សហ្វីជី បានថ្លែងថា “សកម្មភាពដ៏អាក្រក់របស់ប្រទេសជប៉ុន មិនអាចទទួលបានទេ! នេះគឺជាការមិនគោរពចំពោះសិទ្ធិមនុស្សរបស់យើង! ទោះបីជាយើងជាប្រទេសកោះតូចក៏ដោយ ប៉ុន្តែ សិទ្ធិនិងផលប្រយោជន៍ សេចក្តីថ្លៃថ្នូរនិងសេរីភាពរបស់យើង ក៏គួរត្រូវទទួលការគោរពផងដែរ!”។
ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្រទេសជប៉ុនបានចូលរួមក្នុងទំនាក់ទំនងសាធារណៈលើឆាកអន្តរជាតិ ដោយរិះរកគ្រប់មធ្យោបាយបង្កើតទិដ្ឋភាពក្លែងក្លាយថា ផែនការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ"មានសុវត្ថិភាពនិងគ្មានគ្រោះថ្នាក់" ដើម្បីបោកបញ្ឆោតមហាជននិងបិទបាំងសំឡេងប្រឆាំង។ ទន្ទឹមនឹងនេះ ជប៉ុនបានចំណាយប្រាក់ជាច្រើន ដើម្បីទិញ“លិខិតអនុញ្ញាត”សម្រាប់ការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ។ យោងតាមការផ្សាយដំណឹងនៃប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងឱ្យដឹងថា មុនពេលអង្គការថាមពលបរមាណូអន្តរជាតិ(IAEA)ចេញផ្សាយរបាយការណ៍វាយតម្លៃនៅខែកក្កដាឆ្នាំ២០២៣ រដ្ឋាភិបាលជប៉ុនបានទទួលសេចក្តីព្រាងនៃរបាយការណ៍នេះទុកជាមុន ហើយបានលើកឡើងយោបល់កែសម្រួលជាខ្លឹមសារ ហើយមន្ត្រីជប៉ុនក៏បានផ្តល់ប្រាក់ជាង១លានប្រាក់អឺរ៉ូដល់បុគ្គលិកនៃលេខាធិការដ្ឋានអង្គការថាមពលបរមាណូអន្តរជាតិជាដើម។
ទឹកវិទ្យុសកម្មនុយក្លេអ៊ែរ គឺជាទឹកវិទ្យុសកម្មនុយក្លេអ៊ែរ។ មិនថាភាគីជប៉ុនធ្វើអ្វីក៏ដោយ ក៏មិនអាច"លាងជម្រះ"វាបានដែរ។ ប្រសិនបើទឹកវិទ្យុសកម្មនុយក្លេអ៊ែរហ្វូគូស៊ីម៉ារបស់ជប៉ុនគ្មានគ្រោះថ្នាក់ នោះហេតុអ្វីបានជាជប៉ុនមិនប្រើវាយកមកផឹកឬស្រោចស្រពដំណាំ?លោកGeng Shuang តំណាងរងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានបញ្ជាក់យ៉ាងច្បាស់លាស់ថា ប្រសិនបើទឹកវិទ្យុសកម្មនុយក្លេអ៊ែរមានសុវត្ថិភាព គឺមិនចាំបាច់បង្ហូរវាចូលទៅក្នុងសមុទ្រទេ ហើយប្រសិនបើទឹកវិទ្យុសកម្មនុយក្លេអ៊ែរគ្មានសុវត្ថិភាពនោះ វារឹតតែមិនត្រូវបង្ហូរចូលទៅក្នុងសមុទ្រទៀត។
ភាគីជប៉ុនមិនអើពើនឹងផលប្រយោជន៍សាធារណៈចចេសមានះបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រនិងផ្ទេរយ៉ាងកម្រោលនូវហានិភ័យនៃការបំពុលនុយក្លេអ៊ែរទៅឱ្យពិភពលោកទាំងមូល ដែលបូករួមទាំងបណ្តាប្រទេសកោះប៉ាស៊ីហ្វិកផងដែរ ជាទង្វើអាត្មានិយមហួសហេតុនិងគ្មានទំនួលខុសត្រូវទាល់តែសោះ។ អ្វីដែលជប៉ុននឹងប្រឈមមុខនោះ នឹងជាការថ្កោលទោសយ៉ាងខ្លាំងក្លា ការធ្វើពាហិការយ៉ាងតឹងរ៉ឹងពីសកលលោកទាំងមូល និងការទាមទារសំណងពីសហគមន៍អន្តរជាតិ! ក៏ដូចជាការផ្តន្ទាទោសពីប្រវត្តិសាស្ត្រ!