ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖គន្លឹះនៃ "មធ្យោបាយប្រាស្រ័យទាក់ទងថ្មី"ស្ថិតនៅត្រង់ថា ភាគីអាមេរិកនឹងធ្វើយ៉ាងម៉េចនៅជំហានបន្ទាប់
2023-08-31 14:51:38cri
Share with:

កាលពីថ្ងៃទី៣០ខែសីហា លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានបញ្ចប់ដំណើរទស្សនកិច្ចអស់រយៈពេល៤ថ្ងៃនៅប្រទេសចិន ។ នេះគឺអ្នកនយោបាយសំខាន់របស់អាមេរិករូបទី៤ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីខែមិថុនាឆ្នាំនេះមក ។ ពេលវាយតម្លៃអំពីដំណើរទស្សនកិច្ចរបស់លោកស្រី Gina Raimondo លើកនេះ មតិអន្តរជាតិនាំគ្នាកត់សម្គាល់ឃើញថា ចិននិងអាមេរិកបានប្រកាស "បង្កើតមធ្យោបាយប្រាស្រ័យទាក់ទងថ្មី" ហើយសម្គាល់ថា នេះនឹងមានអំណោយផលដល់ "ការកាត់បន្ថយការយល់ច្រឡំ" ។ លោកស្រី Gina Raimondo ក៏សម្តែងអាកប្បកិរិយាយ៉ាងច្បាស់លាស់ថា "មិនស្វែងរកការផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន"នោះទេ ហើយសង្ឃឹមថា សហគ្រាសអាមេរិកអាចវិនិយោគទុននៅប្រទេសចិន ។ អ្នកជំនាញពាក់ព័ន្ធបានលើកឡើងថា "មធ្យោបាយប្រាស្រ័យទាក់ទងថ្មី"នឹងមានអំណោយផលដល់ចិននិងអាមេរិកក្នុងការប្រាស្រ័យទាក់ទងនិងផ្លាស់ប្តូរថែមមួយកម្រិតទៀត ប៉ុន្តែបើចង់ឱ្យវាដើរតួនាទីយ៉ាងពិតប្រាកដ នោះនៅត្រូវមើលប្រតិបត្តិការជាក់ស្តែងរបស់ភាគីអាមេរិក ។

អ្នកផងទាំងពួងរំពឹងទុកថាភាគីអាមេរិកនឹងអនុវត្តយ៉ាងប្រាកដប្រជានូវអាកប្បកិរិយាដែល "មិនផ្តាច់ទំនាក់ទំនង" នេះមិនត្រឹមតែសម្រេចដោយធាតុពិតនៃទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏ជាតម្រូវការជាក់ស្តែងនៃមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មចិននិងអាមេរិកផងដែរ ដែលមានអំណោយផលចំពោះការអភិវឌ្ឍសេដ្ឋកិច្ចចិននិងអាមេរិក ក៏ដូចជាសេដ្ឋកិច្ចពិភពលោក ។ អ៊ីចឹង តើភាគីអាមេរិកត្រូវធ្វើយ៉ាងណាទើបអាចអនុវត្តយ៉ាងប្រាកដប្រជានូវអាកប្បកិរិយាដែល "មិនផ្តាច់ទំនាក់ទំនង" ?

ក្រុងវ៉ាស៊ីនតោនត្រូវធ្វើសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវចំពោះការយល់ដឹងជាមូលដ្ឋាន ពោលគឺគួរតែយល់ច្បាស់ថា ធាតុពិតនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកគឺផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ គ្មានអ្នកណាខាតអ្នកណាចំណេញនោះទេ ។

ចាប់ពីឆ្នាំ២០១៨មក សហរដ្ឋអាមេរិកបានដំឡើងពន្ធគយខ្ពស់ចំពោះទំនិញចិនជាបន្តបន្ទាប់ ប៉ុន្តែទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិកនៅឆ្នាំ២០២២បានឡើងដល់ជិត៧សែន៦ម៉ឺនលានដុល្លារអាមេរិក ដែលបានបំបែកកំណត់ត្រាខ្ពស់ថ្មីក្នុងប្រវត្តិសាស្ត្រ ។ នៅឆ្នាំ២០២៣ មានសហគ្រាសអាមេរិកចំនួនលើសពី៧ម៉ឺនបានវិនិយោគទុននិងប្រកបអាជីពនៅប្រទេសចិន ហើយទីផ្សារជិត៩០ភាគរយបានសម្រេចបានចំណេញនៅប្រទេសចិន ។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មាន CNN អាមេរិកឱ្យដឹងថា សហគ្រាសអាមេរិកបានបង្កើតបណ្តាញផលិតកម្មដ៏ធំធេងនៅប្រទេសចិន ហើយពឹងផ្អែកទៅលើអ្នកប្រើប្រាស់របស់ចិនយ៉ាងខ្លាំង។ នេះគឺបង្ហាញពីការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនៃឧស្សាហកម្មចិននិងអាមេរិកនិងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហើយក៏ជាមូលហេតុផ្ទាល់ដែលមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មអាមេរិកមិនយល់ព្រម "ផ្តាច់ទំនាក់ទំនង"ជាមួយប្រទេសចិនដែរ ។

អាចឃើញថា ការដែលភាគីអាមេរិកបញ្ឈប់ភ្លាមនូវការធ្វើឱ្យបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មទៅជាកិច្ចការនយោបាយនិងកិច្ចការសន្តិសុខគឺជាបញ្ហាសំខាន់បំផុតនាពេលបច្ចុប្បន្ន ។ ឥឡូវនេះ សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងបញ្ហាអតិផរណានិងវិបត្តិបំណុលដុល្លារអាមេរិកជាដើម ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ វាមិនអាចឃ្លាតពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននោះទេ ។

អ្វីដែលសហរដ្ឋអាមេរិកត្រូវធ្វើឥឡូវនេះ គឺលុបចោលក្នុងពេលឆាប់ៗនូវពន្ធគយដែលតម្លើងចំពោះប្រទេសចិន បន្ធូរបន្ថយការរឹតបន្ដឹងទៅលើការនាំចេញចំពោះប្រទេសចិន លុបចោលការដាក់ទណ្ឌកម្មទៅលើសហគ្រាសចិន ដើម្បីបង្កបង្កើតលក្ខខណ្ឌសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការនិងវិនិយោគខាងពាណិជ្ជកម្មនៃសហគ្រាសប្រទេសទាំងពីរ ។ ក្នុងនោះ ក៏បូករួមទាំងការប្រើប្រាស់ "មធ្យោបាយប្រាស្រ័យទាក់ទងថ្មី"ដែលបង្កើតឡើងលើកនេះឱ្យបានល្អ ។

ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាយុថ្កាសម្រាប់លំនឹងនាវានៃទំនាក់ទំនងរវាងចិននិងអាមេរិក ។ រំពឹងទុកថា នឹងចាត់ទុកការបង្កើត "មធ្យោបាយប្រាស្រ័យទាក់ទងថ្មី"ជាទីចាប់ផ្តើមថ្មី ភាគីអាមេរិកត្រូវបង្ហាញពីភាពស្មោះត្រង់ក្នុងការដោះស្រាយបញ្ហា ដើរស្របតាមទិសដៅជាមួយភាគីចិន ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកមានភាពល្អប្រសើរនិងភាពនឹងនរ ក៏ដូចជាជំរុញការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ។ បន្ទាប់ពីលោកស្រី Gina Raimondo បញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិន ទូទាំងពិភពលោកសុទ្ធតែកំពុងមើលថា ភាគីអាមេរិកនឹងធ្វើយ៉ាងម៉េចនៅជំហានបន្ទាប់៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស