ប៉ុន្មានថ្ងៃកន្លងទៅនេះ ទឹកវិទ្យុសកម្មនៃរោងចក្រអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ត្រូវបានបង្ហូរទៅក្នុងសមុទ្រ សំឡេងរិះគន់ពីសំណាក់សហគមន៍អន្តរជាតិចំពោះជប៉ុនបានបន្លឺឡើងជាបន្តបន្ទាប់ ។ ប៉ុន្តែភាគីជប៉ុនមិនត្រឹមតែមិនបានកែកំហុសរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបានថ្កោលទោសប្រទេសចិនទៅវិញ ។ ប្រព័ន្ធសារព័ត៌មានរបស់ជប៉ុនជាច្រើនបានឃោសនាបំប៉ោងថា "បរិយាកាសប្រឆាំងជប៉ុនក្នុងស្រុកចិនកាន់តែខ្លាំងក្លា " "ប្រជាជនចិនធ្វើសកម្មភាព ‘បង្ករឿង’សំដៅចំពោះជប៉ុន " ។ អ្នកនយោបាយរបស់ជប៉ុនជាច្រើនរូប ដូចជាលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនជាដើម បានទាមទារឱ្យប្រទេសចិនលុបចោលវិធានការដាក់កំហិតទៅលើការនាំចូលផលិតផលជលផលរបស់ជប៉ុន រហូតដល់ព្រលយសម្តីថា នឹងអនុវត្តនូវអ្វីដែលហៅថាវិធានការតបតវិញ ។
នេះជាចំណែកមួយនៃសង្គ្រាមមតិមហាជនដែលជប៉ុនបានរៀបគ្រោងយ៉ាងម៉ត់ចត់ ។ នៅថ្ងៃដែលជប៉ុនចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្មទៅក្នុងសមុទ្រ ក្រុមហ៊ុន NHK បានផ្សាយដំណឹងឱ្យដឹងថា ក្រសួងការបរទេសជប៉ុនបានកំណត់គោលនយោបាយផ្សព្វផ្សាយដើម្បីទប់ទល់នឹងអ្វីដែលហៅថា "ព័ត៌មានក្លែងក្លាយ" ថវិការបស់ផែនការប្រហែលមាន៧ម៉ឺនលានយ៉េនជប៉ុន ។ បើប្រៀបធៀបនឹងរបាយការណ៍ចាត់ចែងទឹកវិទ្យុសកម្មនុយក្លេអ៊ែរដែលជប៉ុនបានចេញផ្សាយនៅកាលពីឆ្នាំ២០២០ " ថវិកាផ្សព្វផ្សាយ"នេះប្រហែលត្រូវជា២០ដងនៃថវិកាសម្រាប់បង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ ។
អាចឃើញថា ដើម្បីកាត់បន្ថយថវិកា ជប៉ុនបានជ្រើសរើសវិធីបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រតែម្តង តែបែរជាចំណាយថវិកាយ៉ាងច្រើនសម្បើមដើម្បី "ប្រកែកដោះសារ "និង "បំបិទមាត់" ។ អ្នកវិភាគបានលើកឡើងថា ជប៉ុនបែរជាថ្កោលទោសប្រទេសចិនទៅវិញ គឺក្នុងគោលបំណងបំភាន់មជ្ឈដ្ឋានមតិមហាជន និងក្លែងខ្លួនជា "អ្នករងគ្រោះ" តាមពិតទៅគឺចង់លាក់បាំងធាតុពិតរបស់ជប៉ុន ដែលជា "អ្នកបង្កផលវិបាក" ចំពោះសន្តិសុខបរិស្ថាននិងសុខភាពរបស់មនុស្សជាតិ ដើម្បីទប់ទល់នឹងការរិះគន់ពីសំណាក់មជ្ឈដ្ឋានខាងក្រៅចំពោះទង្វើបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ ។
ជប៉ុនមិនអើពើចំពោះការចោទជាមន្ទិលសង្ស័យនិងការប្រឆាំងពីសំណាក់សហគមន៍អន្តរជាតិ ទទូចបង្ហូរទឹកវិទ្យុសកម្មនៃរោងចក្រអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ ទង្វើនេះបាននាំមកនូវហានិភ័យយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានសមុទ្រសកលលោកនិងសុខភាពរបស់មនុស្សជាតិសកលលោក ដូច្នេះញ៉ាំងឱ្យសហគមន៍អន្តរជាតិមានការខឹងសម្បាយ៉ាងខ្លាំង ។ នេះជាដើមចមនៃរឿងហេតុ ។ ការព្រួយបារម្ភរបស់អ្នកប្រើប្រាស់ចិនចំពោះសុវត្ថិភាពអាហារគឺពិតជាមានមែន ហើយខ្លាំងក្លាទៀតផង ។ ដូច្នេះហើយបានជា រដ្ឋាភិបាលចិនគួរតែឆ្លើយតបនឹងការយកចិត្តទុកដាក់របស់ប្រជាជន និងគួរតែត្រូវចាត់វិធានការទប់ទល់ដ៏ចាំបាច់ ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រនិងការពិតជាក់ស្តែង ក្នុងន័យគាំពារសន្តិសុខបរិស្ថានសមុទ្រ ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋចិនផងដែរ ។
បន្ទាប់ពីជប៉ុនចាប់ផ្តើមអនុវត្តផែនការបង្ហូរទឹកវិទ្យុសកម្មទៅក្នុងសមុទ្រមក អត្រាគាំទ្ររបស់គណៈរដ្ឋមន្ត្រីលោក Fumio Kishida បានធ្លាក់ដល់២៦ភាគរយ បានតិចជាង៣០ភាគរយដែលជា “កម្រិតមានគ្រោះថ្នាក់”ពីរខែជាប់ៗគ្នា ។ អ្នកវិភាគបានលើកឡើងថា ពេលនេះ អ្នកនយោបាយជប៉ុនថ្កោលទោសចិនទៅវិញ គឺចង់បង្វែរទំនាស់ក្នុងស្រុកនិងឃោសនារកសំឡេងឆ្នោត ព្រមពេលជាមួយគ្នានេះចង់ដើរស្របជាមួយមជ្ឈដ្ឋានមតិរបស់លោកខាងលិច បិទស្លាក “ការរករឿងហេតុ”ទៅលើប្រទេសចិនវិញ ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ មួយផ្នែក ប្រទេសជប៉ុនទទូចជំរុញផែនការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ មួយផ្នែកទៀត ពង្រីកសព្វាវុធ និងប្រញាប់ប្រញាល់ឃុបឃិតជាមួយអាមេរិក ប៉ុនប៉ងបង្កការបដិបក្ខគ្នានៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ជប៉ុនដែលមានទង្វើបែបនេះ វាមានតែធ្វើឱ្យប្រទេសជិតខាងនិងសហគមន៍អន្តរជាតិប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង។ បច្ចុប្បន្ននេះ អ្វីដែលជប៉ុនត្រូវធ្វើ គឺប្រញាប់កែកំហុសរបស់ខ្លួន បញ្ឈប់បង្ហូរទឹកវិទ្យុសកម្មទៅក្នុងសមុទ្រភ្លាម មិនមែនជាការប្រព្រឹត្តិផ្ទុយនោះទេ ។ ការលេងល្បិច និងនិយាយប្រែសជាខ្មៅមិនអាចបោកបញ្ឆោតសកលលោកទេ វាមានតែធ្វើឱ្យទោសកំហុសរបស់ខ្លួនកាន់តែត្រូវបានលាតត្រដាងយ៉ាងច្បាស់ក្រឡែតទៅវិញ៕