ប៉ុន្មានថ្ងៃចុងក្រោយនេះ ទន្ទឹមនឹងទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushimaត្រូវបានបង្ហូរទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក សម្លេងថ្កោលទោសរបស់ប្រទេសតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិកបានលាន់ឮកាន់តែខ្លាំងឡើងៗ។ បើនិយាយចំពោះប្រទេសដែនកោះ ដូចជាប្រជុំកោះ Marshallជាដើមដែលធ្លាប់រងការបំពុលនុយក្លេអ៊ែរ ទង្វើរបស់ជប៉ុនកាន់តែធ្វើឱ្យពួកគេនឹករលឹកដល់ការចងចាំដ៏ឈឺចាប់។អ្នកជំនាញពាក់ព័ន្ធបានលើកឡើងថា ប្រទេសតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិកមិនត្រូវបង់តម្លៃដើម្បីភាពអាត្មានិយមហួសហេតុរបស់រដ្ឋាភិបាលជប៉ុន ពួកគេមានសិទ្ធិទាមទារសំណងអំពីទឹកសំណល់នុយក្លេអ៊ែរ!
កាសែត«Los Angelesថែមស៍»អាមេរិកបានចុះផ្សាយអត្ថបទកាលពីឆ្នាំ២០១៩ថា អំឡុងពេលពីឆ្នាំ១៩៤៦ដល់ឆ្នាំ១៩៥៨ អាមេរិកធ្លាប់ធ្វើពិសោធនុយក្លេអ៊ែរចំនួន៦៧លើកនៅប្រជុំកោះ Marshall ដែលបានបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កោះនិងថ្មប៉ប្រះទឹក អេកូឡូស៊ីសមុទ្រនិងសុខភាពរបស់ប្រជាជននៃមហាសមុទ្រប៉ាស៊ីហ្វិក។គិតរហូតដល់បច្ចុប្បន្ននេះ ប្រជាជនក្នុងតំបន់នៅតែរងការឈឺចាប់យ៉ាងខ្លាំងពីវិទ្យុសកម្មនុយក្លេអ៊ែរ ការបំពុលសត្វនិងរុក្ខជាតិសមុទ្រនិងការធ្លាយនៃកាកសំណល់នុយក្លេអ៊ែរដដែល៕
របួសចាស់មិនបានជាសះស្បើយ របួសថ្មីត្រូវបានបន្ថែម។បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានប្រកាសផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រនា២ឆ្នាំមុន ប្រទេសប្រជុំកោះប៉ាស៊ីហ្វិកបានសម្តែងការប្រឆាំងភ្លាម ដោយរិះគន់ថា ប្រការនេះបង្កជាផលប៉ះពាល់មួយទៀតចំពោះពួកគេ។ អ្នកផងទាំងពួងសុទ្ធតែដឹងច្បាស់ថា ស្ថានីយអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushimaធ្លាប់កើតមានឧប្បតិ្តហេតុនុយក្លេអ៊ែរកម្រិតខ្ពស់បំផុតដែលបានបង្កើតទឹកសំណល់នុយក្លេអ៊ែរចំនួនជាង១៣០ម៉ឺនតោន អាយុកាលពាក់កណ្តាលយូរបំផុតនឹងមានរយៈពេលរាប់សែនឆ្នាំ។ សូម្បីតែជប៉ុនខ្លួនឯងក៏ទទួលស្គាល់ដែរថា ទឹកសំណល់នុយក្លេអ៊ែរដែលធ្វើប្រព្រឹត្តកម្មតាមរយៈប្រព័ន្ធប្រព្រឹត្តកម្មទឹកដ៏ជឿនលឿន(ALPS)មានចំនួនជិត៧០ភាគរយមិនបានឡើងដល់ស្តង់ដារបញ្ចេញ។ សារធាតុមានពុលទាំងនេះបានរីកសាយភាយទៅដល់ពិភពលោកទាំងមូលតាមលំហូរទឹកសមុទ្រ បណ្តាលឱ្យកើតមានផលវិបាកដែលមិនអាចប៉ាន់ប្រមាណបាន។
បើនិយាយពីផ្លូវច្បាប់ បច្ចុប្បន្ននេះ អនុសញ្ញាអន្តរជាតិជាច្រើនមានការកំណត់អំពីការចាក់កាកសំណល់វិទ្យុសកម្មទៅក្នុងសមុទ្រ។ប្រទេសជប៉ុនគឺជាភាគីហត្ថលេខីនៃអនុសញ្ញាអន្តរជាតិជាច្រើន ដូចជា«អនុសញ្ញាសមុទ្រអន្តរជាតិ»និង«អនុសញ្ញាច្បាប់មហាសមុទ្រនៃអង្គការសហប្រជាជាតិ»ជាដើម បច្ចុប្បន្ននេះ ជប៉ុនបែរជាល្មើសនឹងការកំណត់នៃអនុសញ្ញាពាក់ព័ន្ធ វាច្បាស់ណាស់ថា ជប៉ុនត្រូវរ៉ាប់រងទំនួលខុសត្រូវ ហើយសងថ្លៃជម្ងឺចិត្តចំពោះប្រទេសតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក។
បើនិយាយពីការអនុវត្តជាក់ស្តែង ការដេញដោលទំនួលខុសត្រូវនិងការទាមទារសំណងចំពោះការបំពុលនុយក្លេអ៊ែរបែបនេះ ក៏មានករណីជាច្រើនលើផ្ទៃអន្តរជាតិផងដែរ។ នៅឆ្នាំ១៩៨៦ អាមេរិកបានចុះហត្ថលេខាលើ《កិច្ចព្រមព្រៀងទំនាក់ទំនងដោយសេរី》ជាមួយប្រជុំកោះMarshall ដោយឯកភាពគ្នាថា នឹងសងថ្លៃជម្ងឺចិត្តចំពោះការខូចខាតខាងទ្រព្យសម្បត្តិនិងសុវត្ថិភាពអាយុជីវិតរបស់ប្រជាជនក្នុងតំបន់ដែលបណ្តាលមកពីការធ្វើពិសោធនុយក្លេអ៊ែរ។ តុលាការមជ្ឈត្តកម្មអន្តរជាតិមួយដែលបង្កើតឡើងនៅឆ្នាំ១៩៨៨ បានកាត់ក្តីថា អាមេរិកត្រូវសងសំណង២៣០លានដុល្លារអាមេរិកដល់ប្រជុំកោះMarshall។
អាចឃើញថា ប្រទេសតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិកអាចយោងតាមករណីទាំងនេះហើយប្រើប្រាស់អាវុធតាមផ្លូវច្បាប់ដើម្បីទាមទារសំណងពីប្រទេសជប៉ុន និងគាំពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួន។
រដ្ឋាភិបាលជប៉ុនតែងតែអួតអាងពី"នីតិរដ្ឋសមុទ្រ"ប៉ុន្តែវាបង្ខំឱ្យបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រតាមតែទំនើងចិត្តដោយមិនអើពើនឹងការប្រឆាំងពីសហគមន៍អន្តរជាតិ គឺបានរំលោភលើស្មារតីនីតិរដ្ឋនិងបានលាតត្រដាងនូវភាពលាក់ពុតនៃអ្វីដែលហៅថាទស្សនៈស្តីពី"ការការពារសមុទ្រ" ។ អ្វីដែលជប៉ុននឹងត្រូវប្រឈមមុខ គឺការថ្កោលទោស ការដេញដោលទំនួលខុសត្រូវនិងការទាមទារសំណងពីប្រទេសតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាការកាត់ក្តីពីប្រវត្តិសាស្ត្រ៕