ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ហេតុអ្វីបានជាចិននិងអាហ្វ្រិកមានទំនាក់ទំនងល្អប្រសើរ?ពីព្រោះភាគីទាំងពីរបានដើរស្របតាមទិសដៅរួម
2023-08-26 16:05:28cri
Share with:

ពេលថ្មីៗចុងក្រោយនេះ ចំណូលនៃអ្នកស្រុក Garissa តំបន់ភាគឦសានរបស់កេនយ៉ាបានកើនឡើងហើយ មូលហេតុគឺដោយសារមានថាមពលអគ្គិសនីគ្រប់គ្រាន់ ដូច្នេះ ភោជនីយដ្ឋានបានបន្ថែមម៉ោងធ្វើអាជីវកម្ម ហើយខាងកសិកម្មក៏មានម៉ាស៊ីនបូមទឹកផងដែរ ។ ស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ស្រុក Garissa ដែលទទួលការសាងសង់ដោយសហគ្រាសចិនបានដោះស្រាយដោយប្រសិទ្ធភាពនូវបញ្ហាខ្វះថាមពលអគ្គិសនីក្នុងតំបន់ ពោលគឺបានបំពេញបន្ថែមកម្លាំងចលករបៃតងក្នុងការអភិវឌ្ឍរបស់កេនយ៉ា ។

ឆ្នាំនេះជាខួបទី១០នៃការដែលភាគីចិនលើកឡើងនូវទស្សនៈអំពីគោលនយោបាយចំពោះអាហ្វ្រិកស្តីពីភាពពិតប្រាកដ ជិតស្និទ្ធនិងស្មោះត្រង់ ។ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ចិនបានចូលរួមក្នុងការសាងសង់ផ្លូវដែកចម្ងាយជាង៦ពាន់គីឡូម៉ែត្រ ផ្លូវថ្នល់ចម្ងាយជាង៦ពាន់គីឡូម៉ែត្រនិងសំណង់ថាមពលអគ្គិសនីទ្រង់ទ្រាយធំចំនួនជាង៨០នៅអាហ្វ្រិក។ល។ ។ ការជួយសាងសង់គម្រោងទាំងនេះបានបញ្ជាក់ពីអ្វីដែលលោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងក្នុងសុន្ទរកថាគន្លឹះនៅកិច្ចប្រជុំសន្ទនារវាងថ្នាក់ដឹកនាំចិននិងអាហ្វ្រិកកាលពីថ្ងៃទី២៤ខែសីហាថា ចិន រីករាយធ្វើជាអ្នកធ្វើដំណើររួមជាមួយអាហ្វ្រិកលើផ្លូវធ្វើទំនើបកម្ម ។

បច្ចុប្បន្ននេះ ចិនបាននិងកំពុងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដោយគ្រប់ជ្រុងជ្រោយ ស្វាគមន៍ប្រទេសអាហ្វ្រិកធ្វើដំណើរតាម រទេះភ្លើងល្បឿនលឿននៃការអភិវឌ្ឍ ។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាហ្វ្រិកក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា ។ ឆ្នាំ២០២២ ទំហំនាំចេញនាំចូលរបស់ចិនជាមួយអាហ្វ្រិកមានដល់ទៅ១,៨៧ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង១៤,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ ។ បច្ចុប្បន្ននេះ ចិនជាគោលដៅនៃការនាំចេញកសិផលធំទីពីររបស់អាហ្វ្រិក ។ ល្ងនិងសណ្តែកដីរបស់អាហ្វ្រិកត្រូវជា៨០ភាគរយនៃទំហំទឹកប្រាក់សរុបនៃទំនិញប្រភេទដូចគ្នានៃការនាំចូលរបស់ចិន ។ ដល់ឆ្នាំ២០៣៥ តាមការប៉ាន់ប្រមាណ ទំហំពាណិជ្ជកម្មប្រចាំឆ្នាំរវាងចិននិងអាហ្វ្រិកនឹងឡើងដល់៣សែនលានដុល្លារអាមេរិក ។

ព្រមពេលជាមួយគ្នានេះ សំដៅចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើទំនើបកម្មនិងការអភិវឌ្ឍដោយម្ចាស់ការរបស់ប្រទេសអាហ្វ្រិក ចិនបានផ្តល់ការគាំទ្រយ៉ាងសកម្មជាប់រហូតមក ។ នៅឆ្នាំ២០១៥ សហភាពអាហ្វ្រិកបានអនុម័តលើរបៀបវារៈឆ្នាំ២០៦៣ ដែលមានគោលដៅកសាងអាហ្វ្រិកថ្មីដែលប្រកបដោយសមាហរណកម្មក្នុងតំបន់និងមានសន្តិភាពនិងវិបុលភាពក្នុងរយៈពេល៥០ឆ្នាំខាងមុខនេះ ។ ការជំរុញការធ្វើសមាហរណកម្មជាផ្លូវធ្វើទំនើបកម្មដែលប្រទេសនិងប្រជាជនអាហ្វ្រិកបានជ្រើសរើសដោយម្ចាស់ការ ។ ក្នុងកិច្ចប្រជុំសន្ទនាលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងវិធានការចំនួនបីចំណុច គឺ គាំទ្រគំនិតផ្តួចផ្តើមស្តីពីការធ្វើឧស្សាហូបនីយកម្មរបស់អាហ្វ្រិក ចិនផ្តល់ជំនួយដល់ផែនការទំនើបកម្មខាងកសិកម្មរបស់អាហ្វ្រិក និងផែនការសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលធនធានមនុស្សរវាងចិននិងអាហ្វ្រិក ដែលបានសមស្របនឹងតម្រូវការនៃការអភិវឌ្ឍទំនើបកម្មរបស់អាហ្វ្រិក មានអំណោយផលដល់ការបង្កើនសមត្ថភាព បង្កើតគោលិកាឈាមនៅអាហ្វ្រិក ក៏ដូចជាជំរុញការកសាងសមាហរណកម្មនិងទំនើបកម្មរបស់អាហ្វ្រិក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកថែមមួយកម្រិតទៀត ។

ហេតុអ្វីបានជាចិននិងអាហ្វ្រិកមានទំនាក់ទំនងល្អប្រសើរ?ហេតុអ្វីបានជាចំណងមិត្តភាពរវាងចិននិងអាហ្វ្រិកមានភាពយ៉ាងស៊ីជម្រៅ?ពីព្រោះភាគីទាំងពីរបានដើរស្របតាមទិសដៅរួម ។ តាមការស្ទង់ប្រជាមតិមួយដែលមូលនិធិគ្រួសារ Ichikowitz របស់អាហ្វ្រិកខាងត្បូងបានប្រកាសកាលពីឆ្នាំ២០២២ឱ្យដឹងថា យុវជនអាហ្វ្រិកយល់ឃើញថា ចិនគឺជាប្រទេសដែលបានជះឥទ្ធិពលវិជ្ជមានខ្លាំងបំផុតចំពោះអាហ្វ្រិក ។

នៅលើផ្លូវសម្រេចបាននូវទំនើបកម្មនេះ ចិនរីករាយធ្វើដំណើររួមជាមួយអាហ្វ្រិក កសាងសហគមន៍រួមវាសនាចិននិងអាហ្វ្រិកជាមួយគ្នា ដើម្បីបង្កើតអនាគតកាន់តែល្អបវរជូនចំពោះប្រជាជននៃប្រទេសទាំងពីរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស