ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ជប៉ុនបានផ្សារភ្ជាប់ខ្លួនជាមួយភាពអាម៉ាស់នៃប្រវត្តិសាស្ត្រម្តងទៀត
2023-08-25 14:49:58cri
Share with:

      ថ្ងៃទី២៤ខែសីហាឆ្នាំ២០២៣វេលាម៉ោង១៣ តាមម៉ោងក្នុងតំបន់  ក្នុងសំឡេងប្រឆាំងពីប្រជាជនដ៏ច្រើនរាប់មិនអស់   រដ្ឋាភិបាលជប៉ុនបានបង្ខំឱ្យដំណើរការការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលទៅក្នុងសមុទ្រ។ ថ្ងៃនេះបានក្លាយទៅជាថ្ងៃមហន្តរាយសម្រាប់បរិស្ថានសមុទ្រសកល។ រដ្ឋាភិបាលជប៉ុនបានក្លាយទៅជាអ្នកបំផ្លាញបរិស្ថានអេកូឡូស៊ីនិងជាអ្នកបំពុលមហាសមុទ្រសកលទាំងស្រុងដែលបន្សល់ទុកនូវស្នាមប្រឡាក់មួយទៀតដែលមិនអាចលុបបំបាត់ចោលបានទេក្នុងប្រវត្តិសាស្ត្រ។

      នេះគឺជាលើកដំបូងដែលបានបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រដែលបង្កើតឡើយដោយមនុស្ស ហើយមិនមានស្តង់ដារដោះស្រាយដែលត្រូវបានទទួលស្គាល់ជាទូទៅ ចាប់តាំងពីមនុស្សជាតិបានប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធីមក។នេះពិតជាធ្វើឱ្យសហគមន៍អន្តរជាតិមានហានិភ័យយ៉ាងខ្លាំង។ យោងតាមផែនការរបស់ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូ  ជប៉ុននឹងបង្ហូរទឹកសំណល់នុយក្លេអ៊ែរចំនួន៧៨០០តោនក្នុងរយៈពេល១៧ថ្ងៃ។នៅឆ្នាំ២០២៣ គេរំពឹងថានឹងបង្ហូរប្រហែល៣១២០០តោន។ អ្នកជំនាញព្យាករណ៍ថា   បច្ចុប្បន្ននេះជប៉ុនមានទឹកសំណល់នុយក្លេអ៊ែរប្រហែល១.៣លានតោន ហើយរយៈពេលនៃការបង្ហូរអាចមានរយៈពេលពី៣០ទៅ៥០ឆ្នាំ។ការក្លែងធ្វើការសិក្សាស្រាវជ្រាវពាក់ព័ន្ធបង្ហាញថា  ទឹកសំណល់នុយក្លេអ៊ែរប្រហែលនឹងទៅដល់ឆ្នេរសមុទ្រអាមេរិកខាងជើងនៅខែវិច្ឆិកាឆ្នាំ២០២៦  ហើយស្ទើរតែគ្របដណ្ដប់មហាសមុទ្រប៉ាស៊ីហ្វិកខាងជើង  ទឹកសំណល់នុយក្លេអ៊ែរនឹងរាលដាលដល់មហាសមុទ្រឥណ្ឌានៅខែកុម្ភៈឆ្នាំ២០៣០និងរាលដាលដល់ស្ទើរតែមហាសមុទ្រប៉ាស៊ីហ្វិកទាំងមូលក្នុងរយៈពេល១០ឆ្នាំក្រោយ។

      តើនេះមានន័យអ្វីសម្រាប់មនុស្សជាតិ?  ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា មានផ្ទុកសារធាតុវិទ្យុសកម្មនុយក្លេអ៊ែរ ជាង៦០ប្រភេទ ហើយពាក់កណ្តាលជីវិតរបស់ពួកគេអាចមានរយៈពេលជាពីរបីឆ្នាំ  រាប់សិបឆ្នាំ រាប់ពាន់ឆ្នាំឬរាប់រយពាន់ឆ្នាំ។  ម្យ៉ាងទៀត  ក្នុងដំណើរបង្ហូរចូលទៅក្នុងសមុទ្រដែលមានរយៈពេលយ៉ាងយូរ តើឧបករណ៍បង្ហូរចូលទៅក្នុងសមុទ្រអាចដំណើរការប្រកបដោយប្រសិទ្ធិភាពដែរឬទេ? តើវិធានការគ្រប់គ្រងនិងយន្តការស្ទង់ពិនិត្យអាចបន្តបានទេ?ជប៉ុនមិនដែលផ្តល់ចម្លើយទេ នឹងមិនអាចផ្តល់ចម្លើយដែរ។

      ១២ឆ្នាំមុន  ហេតុការណ៍នុយក្លេអ៊ែរហ្វូគូស៊ីម៉ាបានបញ្ចេញសារធាតុវិទ្យុសកម្មយ៉ាងច្រើនចូលទៅក្នុងសមុទ្រ  បណ្តាលឱ្យមានគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ។១២ឆ្នាំក្រោយ ភាគីជប៉ុនបានបង្ខំឱ្យបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ ក្នុងសភាពការណ៍ដែលមិនបានបញ្ជាក់ថា  ឧបករណ៍ចម្រោះទឹកបំពុលនុយក្លេអ៊ែរអាចទុកចិត្តបានក្នុងរយៈពេលយូរ  មិនបានបញ្ជាក់ថាការបង្ហូរចូលទៅក្នុងសមុទ្រមិនមានគ្រោះថ្នាក់ដល់បរិស្ថានសមុទ្រនិងសុខភាពមនុស្ស  ហើយមិនបានពិគ្រោះពិភាក្សាដោយពេញលេញជាមួយភាគីដែលមានផលប្រយោជន៍ពាក់ព័ន្ធដែលបានបណ្តាលឱ្យបង្កជាផលប៉ះពាល់លើកទី២ដល់ប្រជាជនក្នុងតំបន់ រហូតដល់ប្រជាជនពិភពលោក។

      បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានទទូចឱ្យដំណើរការការបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ  ឥស្សរជនគ្រប់មជ្ឈដ្ឋានដូចជាឧស្សាហកម្មនេសាទជប៉ុនជាដើមបាននាំគ្នាធ្វើការតវ៉ា ទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ផែនការនេះ  ដោយចង្អុលបង្ហាញថា"នេះនឹងនាំមកនូវគ្រោះមហន្តរាយដល់មនុស្សជំនាន់ក្រោយ"។  ប្រព័ន្ធផ្សព្វផ្សាយជប៉ុនសំខាន់ៗមួយចំនួនក៏បានចុះផ្សាយអត្ថបទដោយរិះគន់រដ្ឋាភិបាលជប៉ុនថា  ខ្វះភាពស្មោះត្រង់និងគ្មានទំនួលខុសត្រូវ  ហើយការប្រញាប់ប្រញាល់បង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ"នឹងបន្សល់ទុកនូវគ្រោះចង្រៃកាន់តែធំសម្រាប់អនាគត"។ ថ្ងៃទី២៤ខែសីហា  ភាគីកូរ៉េខាងត្បូងបានថ្លែងថា  នឹងរក្សាការហាម ឃាត់ការនាំចូលផលិតផលជលផលហ្វូគូស៊ីម៉ាប្រទេសជប៉ុន។ភាគីចិនបានប្រកាសថា  ចាប់ពីថ្ងៃទី២៤ខែសីហាតទៅនឹងផ្អាកទាំងស្រុងនូវការនាំចូលផលិតផលជលផលដែលមានប្រភពដើមមកពីប្រទេសជប៉ុន។

      ហេតុការណ៍កើតឡើងខ្លួនឯង  ធ្វើឱ្យអ្នកដទៃរងទុក្ខ—ប្រទេសជប៉ុនបែបនេះគួរធ្វើឱ្យពិភពលោកមានការប្រុងប្រយ័ត្ន។ ថ្ងៃទី២៤ខែសីហាឆ្នាំ២០២៣  រដ្ឋាភិបាលជប៉ុនបានផ្សារភ្ជាប់ខ្លួនជាមួយភាពអាម៉ាស់នៃប្រវត្តិសាស្ត្រម្តងទៀត។   អ្វីដែលវាត្រូវប្រឈមមុខនោះ  គឺការថ្កោលទោសយ៉ាងខ្លាំងពីពិភពលោកទាំងមូល   ការធ្វើពាហិការយ៉ាងតឹងរ៉ឹងពីគ្រប់ប្រទេសនិងការទាមទារសំណងពីសហគមន៍អន្តរជាតិ!

អ្នកបកប្រែ:冯辉
ប្លុកពិសេស