ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ទំនាក់ទំនងរវាងចិននិងអាហ្វ្រិកខាងត្បូងបានឈានចូល “យុគសម័យមាស” ដែលនឹងមានអនាគតដ៏ល្អបវរ
2023-08-24 10:55:06cri
Share with:

      ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងអាហ្វ្រិកខាងត្បូងបានរួមគ្នាធ្វើជាសក្សីនៃពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការចំនួន១១ច្បាប់ ភាគីទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ដើម្បីឈានដល់គំនិតឯកភាពរួមដ៏សំខាន់មួយចំនួន លោក Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានបំពាក់ “ឥស្សរិយយសអាហ្វ្រិកខាងត្បូង ” ដែលជាគ្រឿងឥស្សរិយយសខ្ពស់បំផុត និងជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់អាហ្វ្រិកខាងត្បូង ជូនចំពោះលោក Xi Jinping    ។ល។  សមិទ្ធផលជាផ្លែផ្កាទាំងនេះ ជាការបកស្រាយដ៏ល្អបំផុតចំពោះ “យុគសម័យមាស” របស់ទំនាក់ទំនងរវាងចិននិងអាហ្វ្រិកខាងត្បូង ។

       ឆ្នាំនេះជាខួបទី២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាហ្វ្រិកខាងត្បូង ។ ក្នុងរយៈពេល២៥ ឆ្នាំកន្លងមក ប្រទេសទាំងពីរបានឆ្លងកាត់បម្រែបម្រួលនៃឆាកអន្តរជាតិ សម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះដែលបានប្រែពីទំនាក់ទំនងភាពជាដៃគូ និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ក្លាយទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយ ។ នៅថ្ងៃទី២២ ខែសីហា តាមម៉ោងក្នុងតំបន់ ខណៈពេលធ្វើកិច្ចជំនួប ប្រមុខរដ្ឋប្រទេសទាំងពីរបានឯកភាពគ្នាថា នឹងចាប់ដៃគ្នាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងចិននិងអាហ្វ្រិកខាងត្បូងឱ្យឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់ និងចាប់ដៃគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកខាងត្បូងប្រកបដោយកម្រិតខ្ពស់ ។

      សូមបញ្ជាក់ថា អាហ្វ្រិកខាងត្បូងជាប្រទេសនៅទ្វីបអាហ្វ្រិកទីមួយដែលបានចូលរួមកិច្ចសហប្រតិបតិ្តការស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ហើយប្រទេសចិនជាដៃគូពាណិជ្ជកម្មធំទីមួយនៅអាហ្វ្រិកក្នុងរយៈពេល១៣ឆ្នាំជាប់ៗគ្នា ។ ព្រមពេលជាមួយគ្នានេះ អាហ្វ្រិកខាងត្បូងក៏ជាគោលដៅវិនិយោគធំបំផុតមួយរបស់ចិននៅទ្វីអាហ្វ្រិក ទំហំបណ្តាក់ទុនសរុបរបស់ចិននៅអាហ្វ្រិកខាងត្បូងលើសពី២៥ពាន់លានដុល្លារអាមេរិក ដែលបានផ្តល់ឱកាសការងារចំនួនជាង៤សែននាក់ដល់អាហ្វ្រិកខាងត្បូង ។ នៅឆមាសទីមួយឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាហ្វ្រិកបានកើនជាង១១,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។

      បច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុងជំរុញដោយគ្រប់ជ្រុងជ្រោយនូវការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ហើយអាហ្វ្រិកខាងត្បូងក៏កំពុងស្វែងរកផ្លូវអភិវឌ្ឍន៍ទំនើបដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួនផងដែរ ។ ប្រទេសចិនបានបង្ហាញថា រីករាយបណ្តុះបំប៉នចំណុចកំណើនថ្មីរបស់កិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ និងនាំចេញផលិតផលដែលមានគុណភាពខ្ពស់នៃប្រទេសអាហ្វ្រិកខាងត្បូងឱ្យបានកាន់តែច្រើន ក៏ដូចជាជួយអាហ្វ្រិកខាងត្បូងអនុវត្តគម្រោងភូមិជាគំរូស្តីពីការកាត់បន្ថយភាពក្រីក្រ ។ កិច្ចព្រមព្រៀងសហប្រតិបតិ្តការទ្វេភាគីដែលប្រទេសទាំងពីរបានចុះហត្ថលេខា បានគ្របដណ្តប់ខ្លឹមសារ ដូចជាការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” អគ្គិសនីថាមពលថ្មី តំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម សេដ្ឋកិច្ចព័ណ៌ខៀវ និងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាជាដើម ។ លោក Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានថ្លែងថា ការបណ្តាក់ទុននិងកិច្ចសហប្រតិបតិ្តការរបស់ចិនបានជំរុញយ៉ាងខ្លាំងនូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់អាហ្វ្រិកខាងត្បូង លោកសូមស្វាគមន៍សហគ្រាសចិនកាន់តែច្រើនទៅបណ្តាក់ទុននិងប្រកបអាជីពនៅអាហ្វ្រិកខាងត្បូង ។

      ក្នុងបរិបទបច្ចុប្បន្នដែលពិភពលោកបាននិងកំពុងស្ថិតក្នុងភាពបម្រែបម្រួលនិងច្របូកច្របល់  ប្រជាជនរំពឹងទុកចង់បានសន្តិភាពនិងការអភិវឌ្ឍ ក៏ដូចជាស្វែងរកសមភាពនិងយុត្តិធម៌ ប៉ុន្តែប្រទេសលោកខាងលិចមួយចំនួនតូចដាក់ទណ្ឌកម្មដោយឯកតោភាគី បង្កើត “របាំង” ញុះញង់ឱ្យមានការបែកបាក់និងបដិបក្ខគ្នា ដែលបាននាំមកនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសកលនិងសណ្តាប់ធ្នាប់អន្តរជាតិ ។

      ក្នុងកិច្ចជំនួបលើកនេះ ប្រទេសចិនបានបង្ហាញយ៉ាងច្បាស់ថា គាំទ្រអាហ្វ្រិកខាងត្បូងដើរតួនាទីកាន់តែធំក្នុងកិច្ចការអន្តរជាតិនិងតំបន់ រីករាយរួមសហការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ដែលបូករួមទាំងប្រទេសអាហ្វ្រិកខាងត្បូងជាដើម អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ។ ភាគីអាហ្វ្រិកខាងត្បូងបានថ្លែងថា អាហ្វ្រិកខាងត្បូងនិងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត សុទ្ធតែសង្ឃឹមឱ្យបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការជាមួយប្រទេសចិន ជំរុញការបង្កើតរបៀបរៀបរយអន្តរជាតិដែលមានភាពកា់តែស្មើគ្នា យុត្តិធម៌និងសមហេតុសមផល ។ អាចប៉ាន់ប្រមាណថា កិច្ចសហប្រតិបតិ្តការរវាងចិននិងអាហ្វ្រិកមានភាពកាន់តៃជិតស្និទ្ធ កម្លាំងគាំពារសមភាពនិងយុត្តិធម៌អន្តរជាតិក៏មានភាពកាន់តែខ្លាំងឡើងៗ ។

      ពេលមុននឹងចេញដំណើរទស្សនកិច្ច អត្ថបទរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានចុះផ្សាយនៅប្រព័ន្ធសារព័ត៌មាននៃប្រទេសអាហ្វ្រិកខាងត្បូង បានធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៃប្រទេសចិននិងអាហ្វ្រិកខាងត្បូងមានប្រតិកម្មតបយ៉ាងខ្លាំងជាទូទៅ ។ សមិទ្ធផលជាផ្លែផ្ការបស់ដំណើរទស្សនកិច្ចលើកនេះ នឹងធ្វើឱ្យ “យុគសម័យមាស” របស់ចិននិងអាហ្វ្រិកខាងត្បូងមានលក្ខណៈពិសេសកាន់តែលេចធ្លោ  ព្រមនឹងអាចបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការពង្រីកកិច្ចសហប្រតិបតិ្តការរវាងចិននិងអាហ្វ្រិកខាងត្បូង ក៏ដូចជាគាំពារសន្តិភាពនិងការអភិវឌ្ឍសកលផងដែរ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស