រដ្ឋាភិបាលជប៉ុនមិនអើពើនឹងការប្រឆាំងយ៉ាងខ្លាំងទាំងជាតិនិងអន្តរជាតិ ដោយបានប្រកាសកាលពីថ្ងៃទី២២ខែសីហាថា នឹងចាប់ផ្តើមបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រចាប់ពីថ្ងៃទី២៤ខែសីហាខាងមុខនេះតទៅ ។ បន្ទាប់មក ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនបានចាប់ផ្តើមប្រតិបត្តិការត្រៀមបម្រុង ដើម្បីបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងបំពង់បង្ហូរទឹកសំណល់ ។ ថ្ងៃដដែល ប្រជាជនជប៉ុន អង្គការអន្តរជាតិនិងប្រទេសតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិកបាននាំគ្នាថ្កោលទោស ទាមទារឱ្យភាគីជប៉ុនលុបចោលសេចក្តីសម្រេចចិត្តនេះ ។ សហគមន៍អន្តរជាតិបានសម្គាល់ឃើញជាទូទៅថា ជប៉ុនបង្ខំឱ្យជំរុញផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រគឺមិនដែលមានក្នុងប្រវត្តិសាស្ត្រឡើយ នេះមិនត្រឹមតែល្មើសនឹងច្បាប់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងក៏នឹងនាំមកនូវគ្រោះមហន្តរាយដែលមិនអាចស្រោចស្រង់បានទៀតផង ។
ចាប់ពីរដ្ឋាភិបាលជប៉ុនប្រកាសពីផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រនាពីរឆ្នាំមុនមក ភាពត្រឹមត្រូវ ភាពស្របច្បាប់និងសុវត្ថិភាពនៃផែនការនេះបានរងការចោទជាមន្ទិលសង្ស័យជាប់រហូតមក ។ ដើម្បីទប់ស្កាត់កំហឹងពីសាធារណជន រដ្ឋាភិបាលជប៉ុននិងក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនបានសន្យាចំពោះប្រជាជនខេត្ត Fukushima និងសហគមន៍អន្តរជាតិថា មុនពេលទទួលការយោគយល់ពីភាគីមានផលប្រយោជន៍ពាក់ព័ន្ធ នឹងមិនចាត់ចែងទឹកសំណល់នុយក្លេអ៊ែរតាមតែទំនើងចិត្តនោះទេ ។ ប៉ុន្តែការពិតជាក់ស្តែងបានបង្ហាញថា រដ្ឋាភិបាលជប៉ុនបានក្បត់ពាក្យសន្យា ដែលគ្មានភាពស្មោះត្រង់ទាល់តែសោះ ។
រយៈពេលពីរឆ្នាំកន្លងទៅនេះ ជប៉ុនបានរៀបចំបង្កើតទំនាក់ទំនងសាធារណៈលើឆាកអន្តរជាតិយ៉ាងសកម្ម ប៉ុនប៉ងឃោសនាបំប៉ោងយ៉ាងគឃ្លើនថា ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រគឺ “មានសុវត្ថិភាពនិងគ្មានគ្រោះថ្នាក់” ។ មួយផ្នែក ភាគីជប៉ុនគឺលួចផ្លាស់ប្តូរនិយមន័យ ដែលនិយាយបំផ្លើសថា “ទឹកសំណល់នុយក្លេអ៊ែរ” គឺជា“ទឹកសំណល់នុយក្លេអ៊ែរដែលធ្វើប្រព្រឹត្តកម្មរួច” ដើម្បីបន្សាបផលវិបាកជាក់ស្តែងរបស់វា ។ មួយផ្នែកទៀត ជប៉ុនចំណាយលុយជាច្រើន ដើម្បីទិញ “លិខិតអនុញ្ញាត”ឱ្យបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ ។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានកូរ៉េខាងត្បូងឱ្យដឹងថា មុនពេលអង្គការថាមពលបរមាណូអន្តរជាតិចេញផ្សាយរបាយការណ៍វាយតម្លៃកាលពីខែកក្កដាឆ្នាំនេះ រដ្ឋាភិបាលជប៉ុនក៏ទទួលបានសេចក្តីព្រាងនៃរបាយការណ៍រួចជាស្រេចហើយ ព្រមទាំងបានលើកឡើងនូវមតិយោបល់ធ្វើវិសោធនកម្មជាក់ស្តែង ។ មន្ត្រីជប៉ុនក៏បានជូន “ប្រាក់វិភាគទាន”ជាង១លានប្រាក់អឺរ៉ូដល់បុគ្គលិកការងារនៃលេខាធិការដ្ឋាននៃអង្គការថាមពលបរមាណូអន្តរជាតិផងដែរ ។ បន្ទាប់ពីត្រូវបានចេញផ្សាយរបាយការណ៍វាយតម្លៃ មិនបានបង្ហាញយ៉ាងពេញលេញនូវមតិយោបល់របស់អ្នកជំនាញទាំងអស់ដែលចូលរួមការវាយតម្លៃទេ ហើយសេចក្ដីសន្និដ្ឋានពាក់ព័ន្ធក៏មិនទទួលបានការទទួលស្គាល់ជាឯកច្ឆន្ទពីអ្នកជំនាញនោះដែរ ។
ទឹកសំណល់នុយក្លេអ៊ែរគឺជាទឹកសំណល់នុយក្លេអ៊ែរ មិនថាភាគីជប៉ុនប្រើមធ្យោបាយច្រើនយ៉ាងណាក៏ដោយ ក៏មិនអាច “លាងឱ្យជ្រះ”បានដែរ ។ បច្ចុប្បន្ន ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ទឹកសំណល់នុយក្លេអ៊ែរ Fukushima មានសារធាតុវិទ្យុសកម្មជាច្រើន ដែលបូករួមទាំង tritium Carbon ១៤ Cobalt ៦០ និងStrontium ៩០ ជាដើម ។ ដោយសាររងឥទ្ធិពលពីលំហូរទឹកសមុទ្រ សារធាតុទាំងនេះប្រហែលនឹងរីកសាយភាយទៅដល់លំហមហាសមុទ្រប៉ាស៊ីហ្វិកទាំងមូលរហូតដល់សមុទ្រទូទាំងពិភពលោក ដែលនឹងបង្កជាផលប៉ះពាល់មិនអាចប៉ាន់ស្មានបានចំពោះបរិស្ថានសមុទ្រនិងសុខភាពមនុស្សជាតិ ។
ក្នុងសភាពការណ៍បែបនេះ ជប៉ុនបង្ខំឱ្យបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ តាមការពិតគឺផ្ទេរហានិភ័យនៃការបំពុលដោយសារធាតុនុយក្លេអ៊ែរដ៏ខ្លាំងទៅឱ្យមនុស្សជាតិទាំងមូល មុខជានឹងរងការប្រឆាំងយ៉ាងដាច់ខាតជាក់ជាមិនខាន ។ ពេលថ្មីៗកន្លងទៅនេះ ប្រជាជនកូរ៉េខាងត្បូងជាង៤ម៉ឺននាក់បានអំពាវនាវឱ្យរដ្ឋាភិបាលដាក់ពាក្យបណ្តឹងទៅតុលាការមហាសមុទ្រអន្តរជាតិ ដើម្បីទប់ស្កាត់ជប៉ុនបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ ។
យោងតាមការកំណត់នៃ《អនុសញ្ញាច្បាប់សមុទ្រនៃអង្គការសហប្រជាជាតិ》ឱ្យដឹងថា ប្រទេសនានាមានកាតព្វកិច្ចការពារនិងអភិរក្សឱ្យបានគង់វង្សនូវបរិស្ថានមហាសមុទ្រ ។ ក្នុងនាមជាប្រទេសហត្ថលេខី ជប៉ុនគួរតែរ៉ាប់រងទំនួលខុសត្រូវតាមច្បាប់អន្តរជាតិ ។ សហគមន៍អន្តរជាតិក៏មានសិទ្ធិទាំងស្រុងធ្វើចំណាត់ការតាមផ្លូវច្បាប់ ដើម្បីផ្តន្ទាទោសនិងទាមទារសំណងពីជប៉ុនដែរ ។ ជប៉ុនដែលបានបើក “ប្រអប់ Pandora”បំផ្លាញនូវពាក្យសច្ចទាំងស្រុង។ ទូទាំងពិភពលោកមិនត្រូវបង់ថ្លៃដ៏ធ្ងន់ធ្ងរដោយសារភាពអាត្មានិយមហួសហេតុនិងមិនទទួលខុសត្រូវរបស់ជប៉ុននោះទេ ៕