ពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានចេញផ្សាយ《យុទ្ធសាស្ត្រជាតិស្តីពីការស៊ើបការណ៍ឆ្នាំ២០២៣》ដែលចាត់ទុកប្រទេសចិនជា “ផ្ទាំងស៊ីប” ។ របាយការណ៍នេះបានលើកឡើងថា “ចិនជាដៃគូប្រកួតប្រជែងតែមួយគត់របស់សហរដ្ឋអាមេរិកដែលប៉ុនប៉ងរៀបចំរបៀបរៀបរយអន្តរជាតិជាថ្មីឡើងវិញ ព្រមទាំងមានសមត្ថភាពកាន់តែខ្លាំងឡើងៗក្នុងការសម្រេចបាននូវគោលដៅនេះក្នុងវិស័យសេដ្ឋកិច្ច ការទូត យោធានិងកម្លាំងបច្ចេកវិទ្យា” ។ លោកស្រី Avril Haines នាយកចារកម្មជាតិរបស់អាមេរិកបានថ្លែងថា របាយការណ៍នេះនឹងផ្តល់ទិសដៅយុទ្ធសាស្ត្រដល់មជ្ឈដ្ឋានស៊ើបការណ៍អាមេរិកក្នុងរយៈពេល៤ឆ្នាំខាងមុខនេះ ។
ក្នុងរបាយការណ៍នៃ《យុទ្ធសាស្ត្រជាតិស្តីពីការស៊ើបការណ៍ឆ្នាំ២០២៣》ដែលសរុបមាន២០ទំព័រនេះ ភាគីអាមេរិកបានលើកឡើងពីគោលដៅចំនួន៦ ដែលបូករួមទាំងការបង្កើនការកំណត់ទិសដៅនៃមជ្ឈដ្ឋានស៊ើបការណ៍ ដើម្បីឆ្លើយតបនឹងការសាកល្បងពីយុទ្ធសាស្ត្រដ៏ខ្លាំងក្លា និងការបង្កើនទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាដើម ។ របាយការណ៍បានលើកឡើងម្តងទៀតពីប្រទេសចិននិងរុស្ស៊ី ដាស់តឿនឱ្យយកចិត្តទុកដាក់ដល់ចិននិងរុស្ស៊ីឱ្យបានកាន់តែច្រើនឡើងៗ ដើម្បីឆ្លើយតបនឹង “ការគំរាមកំហែងដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ”របស់ប្រទេសទាំងពីរ ក៏ដូចជាចាត់ទុកប្រទេសចិនជា “ដៃគូប្រកួតប្រជែងដ៏ខ្លាំងក្លាតែមួយគត់”របស់សហរដ្ឋអាមេរិក ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ អ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មានមួយចំនួនរបស់ប្រទេសលោកខាងលិចបានផ្សព្វផ្សាយ “ពាក្យសម្តីស្តីពីការគំរាមកំហែងរបស់ប្រទេសចិន”ជាញឹកញាប់ ឧទាហរណ៍ដូចជា កាលពីខែមីនាឆ្នាំនេះ ស្ថាប័នស៊ើបការណ៍របស់អាមេរិកបានចេញផ្សាយ “របាយការណ៍ស្តីពីការវាយតម្លៃចំពោះការគំរាមកំហែងប្រចាំឆ្នាំ”មួយច្បាប់ ដោយបានឃោសនាបំប៉ោងយ៉ាងខ្លាំងអំពីអ្វីដែលហៅថា “ការគំរាមកំហែងចំពោះសន្តិសុខជាតិអាមេរិករបស់ប្រទេសចិន ។ កាលនោះ របាយការណ៍ដែលចេញផ្សាយដោយការិយាល័យនាយកចារកម្មជាតិរបស់អាមេរិកនេះបានលើកឡើងថា ចិនជាការគំរាមកំហែងខាងសន្តិសុខជាតិដ៏ធំបំផុតដែលសហរដ្ឋអាមេរិកបានប្រឈមមុខ ហើយចិនបានកាន់កាប់តំណែងដឹកនាំក្នុងវិស័យរ៉ែជាគន្លឹះ របាយការណ៍នេះក៏បានមួលបង្កាច់ថា ចិនបានគ្រប់គ្រងក្រុមហ៊ុន TikTok ដែរ ។
តាមការពិត “របាយការណ៍វាយតម្លៃពីការគំរាមកំហែង”នេះជាការវាយតម្លៃដ៏សំខាន់ដែលស្ថាប័នស៊ើបការណ៍អាមេរិកចេញផ្សាយជាសាធារណៈជារៀងរាល់ឆ្នាំអំពីការសាកល្បងខាងសន្តិសុខជាតិគ្រប់បែបយ៉ាង ។ ប៉ុន្តែ ខ្លឹមសារអំពីវិស័យមួយចំនួនក្នុងរបាយការណ៍ប្រចាំឆ្នាំមិនសូវមានការផ្លាស់ប្តូរធំអ្វីទេ ប៉ុន្តែខ្លឹមសារពាក់ព័ន្ធនឹងប្រទេសចិនបានកើនឡើងជាច្រើននៅឆ្នាំនេះ ។ ប្រព័ន្ធសារព័ត៌មានបានវិភាគសម្គាល់ថា នេះបានបង្ហាញថា ស្ថាប័នស៊ើបការណ៍ក្នុងអំឡុងពេលរដ្ឋាភិបាលលោក Joe Biden គឺកាន់តែយកចិត្តទុកដាក់ដល់ប្រទេសចិន ។
មួយរយៈពេលកន្លងទៅនេះ ប្រទេសទាំងពីរចិននិងអាមេរិកក៏មានការប្រកួតប្រជែងកម្រិតខុសគ្នាក្នុងវិស័យផ្សេងទៀតដែរ ។ លោក William Burns ប្រធានទីភ្នាក់ងារ CIA អាមេរិកបានថ្លែងថា កំពុងបង្កើតបណ្តាញស៊ើបការណ៍ចំពោះប្រទេសចិន លោកបានថ្លែងថា ភាគីអាមេរិកចង់អភិវឌ្ឍន៍ចារបុរសឬចារនារីឱ្យបានច្រើននៅប្រទេសចិន ដើម្បីបំពេញកង្វះខាតនៃការឈ្លបការណ៍មិនគ្រប់គ្រាន់ពីមធ្យោបាយផ្សេងទៀតតាមរយៈប្រមូលការណ៍សម្ងាត់ដោយមនុស្ស ។
កាលពីខែកក្កដាឆ្នាំនេះ 《ច្បាប់ប្រឆាំងចារកម្ម》របស់ចិនដែលធ្វើវិសោធនកម្មថ្មីបានចូលជាធរមានជាផ្លូវការ ច្បាប់នេះបានកំណត់វិធានការបង្ការ ទប់ស្កាត់ ស៊ើបអង្កេតនិងដាក់ទណ្ឌកម្មទៅលើសកម្មភាពចារកម្មបរទេសនិងទង្វើបំផ្លាញផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន ។ បន្ទាប់មក ភាគីអាមេរិកក៏បានបង្ហាញពីភាពតឹងតែងនិងព្រួយបារម្ភ ដែលព្រួយបារម្ភថា សកម្មភាពស៊ើបការណ៍របស់ខ្លួននៅប្រទេសចិននឹងរងការវាយប្រហារ ។ លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានថ្លែងថា នឹងយកចិត្តទុកដាក់យ៉ាងដិតដល់ចំពោះការនេះ ហើយថ្លែងថា ច្បាប់នេះប្រហែលនឹង “បង្កផលប៉ះពាល់អវិជ្ជមានចំពោះសកម្មភាពប្រក្រតីរបស់ប្រជាជននិងអង្គការអាមេរិកនៅប្រទេសចិន” ។
ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះ ដើម្បីរក្សា “អនុត្តរភាពជាឯកតោភាគី” សហរដ្ឋអាមេរិកបានបំផុសសង្គ្រាម ជំរុញរដ្ឋប្រហារនៅទូទាំងពិភពលោក ដែលបូករួមទាំងការលួចស្តាប់នៅគ្រប់ទីកន្លែង អ៊ីចឹង តើអ្នកណាបាននាំមកនូវការគំរាមកំហែងដល់ពិភពលោកនេះ?មុនពេលមួលបង្កាច់ប្រទេសចិន សហរដ្ឋអាមេរិកត្រូវមើលខ្លួនឯងសិនថាតើបានប្រព្រឹត្តទង្វើអ្វីខ្លះ ។
ដូចលោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា “ក្នុងនាមជាប្រទេសមហាអំណាចតែមួយគត់ដែលបំពាក់សព្វាវុធពេញខ្លួន សហរដ្ឋអាមេរិកគួរតែពិនិត្យកំហុសដែលខ្លួនបានប្រព្រឹត្តអ្វីនិងគួរតែធ្វើអ្វីមុនពេលរិះគន់និងចោទប្រកាន់ប្រទេសផ្សេងទៀត ។” ភាគីអាមេរិកចេញផ្សាយរបាយការណ៍គ្រប់ប្រភេទ ដើម្បីឃោសនាបំប៉ោង “ការគំរាមកំហែងរបស់ចិន”សារចុះសារឡើង មួលបង្កាច់និងវាយប្រហារប្រទេសចិន ប្រការទាំងនេះគ្រាន់តែជាការស្វែងរកលេសដើម្បីពង្រីកកម្លាំងសព្វាវុធនិងរក្សាអនុត្តរភាពឱ្យខ្លួនឯងតែប៉ុណ្ណោះ៕