ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ភ្លើងព្រៃឆេះនៅកោះ Maui ធ្វើឱ្យប្រជាជនអាមេរិកយល់ដឹងយ៉ាងជ្រាលជ្រៅពីអ្វីជា "ក្តីអស់សង្ឃឹមចំពោះការជួយសង្គ្រោះបែបអាមេរិក"
2023-08-17 22:53:01cri
Share with:

មនុស្សរាប់រយនាក់ស្លាប់បាត់បង់ជីវិត រាប់ពាន់នាក់បាត់ខ្លួន ផ្ទះជាងរាប់ពាន់ខ្នងត្រូវបំផ្លាញ ។ល។ គិតរហូតដល់ថ្ងៃទី ១៧ ខែសីហា តាមម៉ោងក្នុងតំបន់ គ្រោះភ្លើងព្រៃឆេះនៅកោះ Maui រដ្ឋហាវ៉ៃ នៅមិនទាន់ត្រូវបានគ្រប់គ្រងទាំងស្រុងនៅឡើយទេ ។ នេះជាគ្រោះភ្លើងឆេះព្រៃកំណាចប្រល័យជីវិតមនុស្សដ៏ធ្ងន់ធ្ងរមិនធ្លាប់មាននៅអាមេរិកក្នុងរយៈពេលជាង១សតវត្សរ៍កន្លងមកនេះ។ តើភ្លើងព្រៃឆេះលើកនេះបានកើតឡើងដោយមូលហេតុអី ? យោងតាមព័ត៌មានកាន់តែច្រើនត្រូវទម្លាយ អ្នកផងទាំងពួងបានរកឃើញថា ដូចហេតុការណ៍ជាច្រើនដែលកើតឡើងនៅអាមេរិកនាកាលពីមុនអ៊ីចឹង គ្រោះភ្លើងព្រៃឆេះនៅកោះ Maui មិនមែនជាគ្រោះមហន្តរាយធម្មជាតិទេ តែគឺជាគ្រោះចង្រៃដែលបង្កឡើងដោយមនុស្ស ។

ក្នុងនាមជាមហាអំណាចផុតលេខនៅលើពិភពលោកទាំងមូល អាមេរិកមិនខ្វះប្រាក់ទុនហើយក៏មិនខ្វះបច្ចេកទេសនោះដែរ ប៉ុន្តែសមត្ថភាពជួយសង្គ្រោះរបស់អាមេរិករងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ។ ចាប់ពីហេតុការណ៍បាក់រលំអគារខុនដូនៅរដ្ឋFlorida កាលពីឆ្នាំ២០២១ ដល់ហេតុការណ៍រថភ្លើងក្រឡាប់ធ្លាក់ផ្លូវនៅរដ្ឋ Ohio កាលពីឆ្នាំ២០២៣ រហូតដល់សោកនាដកម្មដែលកើតនៅកោះMauiនាពេលបច្ចុប្បន្ននេះ ប្រជាជនអាមេរិកបានទទួលអារម្មណ៍ម្តងហើយម្តងទៀតពីអ្វីជា "ក្តីអស់សង្ឃឹមចំពោះការជួយសង្គ្រោះបែបអាមេរិក" ។

   តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអាមេរិកបានឱ្យដឹងថា រដ្ឋហាវ៉ៃមានប្រព័ន្ធប្រកាសអាសន្នជាមុនអំពីសន្តិសុខសាធារណៈ ដែលបានដាក់ពង្រាយស៊ីរ៉ែនបន្លឺសំឡេងចំនួន៤រយ ក្នុងនោះនៅកោះMaui មានចំនួន៨០ ។ ប៉ុន្តែ ពេលកោះMauiកើតមានភ្លើងព្រៃឆេះ ស៊ីរ៉ែនទាំងនេះមិនបានបន្លឺសំឡេងទេ ។ ម្ចាស់  នៃភោជនីយដ្ឋានក្នុងតំបន់មួយរូបបានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមថា បន្ទាប់ពីភ្លើងព្រៃឆេះកើតមាន៧២ម៉ោង កងទ័ពជើងទឹក នាវាព្យាបាលរោគ  ឧទ្ធម្ភាគចក្រ កងទ័ពជើងគោកនិងបរិក្ខាជួយសង្គ្រោះទើបទៅដល់តំបន់រងគ្រោះ ។

     ប្រព័ន្ធប្រកាសប្រកាសអាសន្នដ៏ជឿនលឿនអត់បានការ ក្រុមជួយសង្គ្រោះមកយឹតៗ កងទ័ពអាមេរិកដ៏ខ្លាំងក្លា   គ្មានដំណោះស្រាយអ្វីទាល់តែសោះ ។ល។ នៅពីក្រោយអសមត្ថភាពជួយសង្គ្រោះរបស់អាមេរិក បានបង្ហាញឱ្យឃើញនូវការព្រងើយកន្តើយរបស់អ្នកនយោបាយទាំងឡាយចំពោះការឈឹចាប់របស់ប្រជាជន ។

      ហេតុអ្វីបានជាអ្នកនយោបាយអាមេរិកអាចទៅដើរកម្សាន្តដោយសប្បាយរីករាយ ប៉ុន្តែ មិនយកចិត្តទុកដាក់ដល់ភ្លើងប្រៃឆេះនៅកោះMaui ? ភាពព្រងើយកន្តើយបែបនេះ គឺចាក់ឬក្នុងនយោបាយបក្ខពួកប្រកបដោយលក្ខណៈប្រកួតប្រជែងបែបអាមេរិក បញ្ហាគន្លឹះរបស់នយោបាយបែបនេះ គឺសំឡេងឆ្នោត ។ សូមបញ្ជាក់ថា រដ្ឋហាវ៉ៃ ជាដែនដីរបស់អាមេរិកនៅឯនាយសមុទ្រ ប្រជាជននៅលើកោះ  Maui ភាគច្រើនជាជនជាតិដើមភាគតិច។ តាំងពីដើមមក អ្នកនយោបាយអាមេរិកបានមើលរំលងពីសំណូមពរអំពីផលប្រយោជន៍របស់ក្រុមមនុស្សទាំងនេះ ហើយក៏មិនសូវយកចិត្តទុកដាក់ដល់ពួកគេផងដែរ ។ ប្រព័ន្ធសារព័ត៌មានរបស់អាមេរិកមួយចំនួនបានលើកឡើងថា ប្រហែលលោកបៃដិនសម្គាល់ឃើញថា យ៉ាងណាមិញ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិក្រោយ លោកអាចនឹងទទួលបានសំឡេងឆ្នោតនៃរដ្ឋហាវ៉ៃ ដោយសាររដ្ឋហាវ៉ៃជាតំបន់គាំទ្របក្សប្រជាធិបតេយ្យរបស់អាមេរិក ។ អ្វីៗទាំងអស់សុទ្ធតែជាល្បែងបោះឆ្នោតដែលចាត់ទុកសំឡេងឆ្នោតជាចម្បង ប្រការនេះធ្វើឱ្យអ្នកនយោបាយអាមេរិកមានអាត្មានិយមកាន់តែខ្លាំងឡើង ទីបំផុតបណ្តាលឱ្យគ្រោះមហន្តរាយធម្មជាតិប្រែទៅជាគ្រោះចង្រៃដែលបង្កឡើងដោយមនុស្ស ព្រមទាំងបណ្តាលឱ្យមនុស្សជាច្រើនស្លាប់បាត់បង់ជីវិតនិងរងរបួស ។

     បច្ចុប្បន្ននេះ ភ្លើងព្រៃនៅកោះ Maui នៅតែឆេះរាលដាលដដែល ។ គ្រោះមហន្តរាយនេះមិនត្រឹមតែបំផ្លាញដល់ស្រុកកំណើតរបស់ប្រជាជនអាមេរិកជាច្រើនប៉ុណ្ណោះទេ ថែមទាំងក៏លាតត្រដាងនូវការមិនបំពេញភារកិច្ចរបស់អ្នកនយោបាយនិងគុណវិបតិ្តរបស់ប្រព័ន្ធរបបអាមេរិកផងដែរ ។ ប្រឈមនឹងសម្រែកថ្ងួចថ្ងូររបស់ប្រជាជនរងគ្រោះនិងការរិះគន់យ៉ាងខ្លាំងក្លាពីមជ្ឈដ្ឋានខាងក្រៅ តើអ្នកនយោបាយអាមេរិកដែលទើបបានបញ្ចប់វិស្សមកាលអាចភ្ញាក់រលឹកឬអត់ ? ពួកគេគួរតែបញ្ឈប់ការញុះញង់និងរករឿងនៅលើផ្ទៃអន្តរជាតិ យកចិត្តទុកដាក់ដល់ការដោះស្រាយបញ្ហាក្នុងស្រុក និងជួយសង្គ្រាះប្រជាជនដែលរងទុក្ខវេទិនា ៕



 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស