ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សមុទ្រចិនខាងត្បូងជាផ្ទះរួមរបស់បណ្តាប្រទេសក្នុងតំបន់ មិនមែនជាទីលានបរបាញ់សត្វរបស់កម្លាំងក្រៅតំបន់នោះទេ
2023-08-09 17:00:51cri
Share with:

    នាពេលថ្មីៗកន្លងទៅនេះ អ្នកនាំពាក្យរបស់រដ្ឋបាលឆ្មាំសមុទ្រចិនបានថ្លែងថា នាវាឆ្មាំសមុទ្រចិនបានប្រើកាណុងបាញ់ទឹកជាលក្ខណៈព្រមានចំពោះទូករបស់ហ្វីលីពីនដែលបានបរចូលដោយខុសច្បាប់ក្នុងលំហសមុទ្រក្បែថ្មប៉ប្រះទឹក Ren’ai នៃប្រជុំកោះ Nansha ប្រទេសចិន ។ អ្នកផងទាំងពួងអាចមើលឃើញយ៉ាងច្បាស់ថា នាវាឆ្មាំសមុទ្រចិនបានទប់ស្កាត់តាមផ្លូវច្បាប់ ហើយបានចាត់វិធានការអនុវត្តច្បាប់ជាលក្ខណៈព្រមានដោយរក្សាភាពអត់ធ្មត់ក្នុងដំណើរទាំងមូល ។ ឥស្សរជនវិភាគបានយល់ឃើញថា វិធានការដោះស្រាយមិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តនិងសមត្ថភាពរបស់ចិនក្នុងការគាំពាររអធិបតេយ្យភាពជាតិព្រមនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្រប៉ុណ្ណោះទេ ថែមទាំងក៏គិតពិចារណាដល់ស្ថានការណ៍ទូទៅនៃទំនាក់ទំនងរវាងចិននិងហ្វីលីពីនផងដែរដែលបានបង្ហាញពីកាតព្វកិច្ចនិងទំនួលខុសត្រូវរបស់ប្រទេសធំ ។

    យ៉ាងណាមិញ សកម្មភាពអនុវត្តច្បាប់សម្រាប់គាំពារសិទ្ធិដែនសមុទ្រដ៏ត្រឹមត្រូវនិងស្របច្បាប់បែបនេះបែរជារងការវាយប្រហារនិងមួលបង្កាច់ដោយសហរដ្ឋអាមេរិក ។ ពេលថ្មីៗនេះ ក្រសួងការបរទេសអាមេរិកនិងក្រសួងការពារជាតិអាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍ដោយអះអាងថា ទង្វើរបស់ចិនបាន"ល្មើសនឹងច្បាប់អន្តរជាតិ" ចំណែកអាមេរិកគាំទ្រ"សកម្មភាពស្របច្បាប់ក្នុងសមុទ្រ"របស់ភាគីហ្វីលីពីនជាដើម ។ តើប្រទេសណាមួយបានល្មើសនឹងច្បាប់អន្តរជាតិ ? តើអ្វីជាដំណើរដើមទងនៃករណីថ្មប៉ប្រះទឹក Ren’ai ? ការពិតជាក់ស្តែង គឺច្បាស់លាស់ណាស់ ។

    សូមបញ្ជាក់ថា ថ្មប៉ប្រះទឹក Ren’ai ជាចំណែកមួយរបស់ប្រជុំកោះ Nansha ប្រទេសចិន ។ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ១៩៩៩ ប្រទេសហ្វីលីពីនបានចាត់បញ្ជូននាវាចម្បាំងមួយគ្រឿងទៅកាន់ថ្មប៉ប្រះទឹក Ren’ai ព្រមទាំងទុកចោលនៅកន្លែងនោះដោយខុសច្បាប់ ប៉ុនប៉ង"កាន់កាប់យ៉ាងពិតប្រាកដ"នៅតំបន់នេះ ។ បន្ទាប់ពីនោះ ហ្វីលីពីនបានសន្យាជាច្រើនលើកច្រើនសារថា នឹងអូសនាវាចម្បាំងគ្រឿងនេះចេញ ប៉ុន្តែមិនបានអនុវត្តកិច្ចសន្យានេះរហូតដល់បច្ចុប្បន្ននេះ ។ មិនត្រឹមតែប៉ុណ្ណោះទេ ហ្វីលីពីនក៏ប៉ុនប៉ងចង់ជួសជុលនិងពង្រឹងយ៉ាងទ្រង់ទ្រាយធំដើម្បីកាន់កាប់ជាអចិន្រៃ្តយ៍ចំពោះថ្មប៉ប្រះទឹក Ren’ai ។ អាចឃើញថា ទង្វើរបស់ភាគីហ្វីលីពីនបានល្មើសនឹងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ក៏ដូចជាបានលើ្មសនឹង« សេចកី្តប្រកាសប្រតិបតិ្តបណ្តាភាគីសមុទ្រចិនខាងត្បូង»ដែលចិននិងប្រទេសអាស៊ានបានចុះហត្ថលេខា ។

    មួយរយៈពេលកន្លងទៅនេះ ប្រទេសចិនបានធ្វើការប្រាស្រ័យទាក់ទងជាមួយហ្វីលីពីនស្តីពីថ្មប៉ប្រះទឹក Ren’ai ជាច្រើនលើកដោយទាមទារឱ្យភាគីហ្វីលីពីនមិនត្រូវបញ្ជូនសម្ភារៈសំណង់ដល់នាវាចម្បាំងដែលទុកចោលដោយខុសច្បាប់ ហើយស្នើឱ្យភាគីទាំងពីរធ្វើការពិគ្រោះពិភាក្សាអំពីវិធានការគ្រប់គ្រងនិងដោះស្រាយនូវស្ថានការណ៍នៅថ្មប៉ប្រះទឹក Ren’ai ក្នុងពេលឆាប់ៗ ។ ប៉ុន្តែភាគីហ្វីលីពីនបានអើពើនឹងសំណើរទាំងនេះ ហើយបានទទូចបញ្ជូនសម្ភារៈសំណង់ដល់នាវាចម្បាំងដែលទុកចោលនៅថ្មប៉ប្រះទឹក Ren’ai ។ ព្រមពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកបានញុះញង់និងគាំទ្រទង្វើរបស់ហ្វីលីពីន រហូតដល់បានចាត់បញ្ជូនយន្តហោះយោធានិងនាវាចម្បាំងដើម្បីផ្តល់ការគាំទ្រក្នុងដែនសមុទ្រផងដែរ ។ លើសពីនេះទៅទៀត អាមេរិកក៏បានប្រើ«សន្ធិសញ្ញាស្តីពីការរួមគ្នាការពាររវាងអាមេរិកនិងហ្វីលីពីន»ធ្វើជាលេសដើម្បីគំរាមកំហែងដល់ប្រទេសចិនទៀតផង ។ ប្រការទាំងនេះគឺជាមូលហេតុសំខាន់ដែលបណ្តាលឱ្យកើតមានហេតុការណ៍នេះ ។

   បើមើលពីមូលហេតុស៊ីជម្រៅអាឃើញថា សហរដ្ឋអាមេរិកបានចាត់ទុកបញ្ហាសមុទ្រចិនខាងត្បូងជាសន្លឹកបៀសម្រាប់ទប់ស្កាត់ការអភិវឌ្ឍរបស់ចិន ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ទីក្រុងវ៉ាស៊ីនតោនបានផ្សព្វផ្សាយពាក្យភូតកុហកនៅគ្រប់ទីកន្លែងថា "សេរីភាពខាងការធ្វើនាវាចរណ៍លើសមុទ្រចិនខាងត្បូងបានរងការគំរាមកំហែង" ក្នុងន័យអុជអាលបំបែកបំបាក់ទំនាក់ទំនងរវាងប្រទេសក្នុងតំបន់ ក៏ដូចជាចង់ស្វែងរកលេសដើម្បីបង្កការប៉ះទង្គិចនិងការបដិបក្ខគ្នាក្នុងតំបន់ ។

    ភាគីហ្វីលីពីនគួរតែយល់ឃើញថា ប្រសិនបើខ្លួនត្រូវបានសហរដ្ឋអាមេរិកប្រើប្រាស់ជាឧបករណ៍នយោបាយ រហូតដល់"ចាប់ពង្រត់"ទំនាក់ទំនងរវាងចិននិងហ្វីលីពីន នោះ វាមិនសមស្របនឹងផលប្រយោជន៍ផ្ទាល់ខ្លួនជាដាច់ខាតទេ ហើយក៏នឹងបំផ្លាញដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់ផងដែរ ។ ភាគីហ្វីលីពីនគួរតែគោរពតាមពាក្យសន្យារបស់ខ្លួនដែលធ្វើឡើងចំពោះប្រទេសចិន កែតម្រូវទង្វើខុសឆ្គងរបស់ខ្លួនភ្លាម ក៏ដូចជាដោះស្រាយបញ្ហាដែនសមុទ្រឱ្យបានសមរម្យជាមួយប្រទេសចិនតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សា ។

    សមុទ្រចិនខាងត្បូងជាផ្ទះរួមរបស់បណ្តាប្រទេសក្នុងតំបន់ មិនមែនជាទីលានបរបាញ់សត្វរបស់កម្លាំងក្រៅតំបន់នោះទេ ។ ដោយឡែកចិននិងប្រទេសអាស៊ានចាំបាច់ត្រូវរក្សាភាពនឹងនរ ក្នុងន័យជំរុញយ៉ាងសកម្មនូវការពិគ្រោះពិភាក្សាអំពី"ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង" ក៏ដូចជាប្រឆាំងយ៉ាងដាច់ខាតនូវការជ្រៀតជ្រែករបស់កម្លាំងក្រៅតំបន់ ហើយក្តាប់ជាប់នូវសិទ្ធិដឹកនាំនិងសិទ្ធិម្ចាស់ការក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងក្នុងដៃរបស់បណ្តាប្រទេសក្នុងតំបន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស