កាលពីថ្ងៃទី២៥ខែកក្កដា ពេលទៅត្រួតពិនិត្យការងារនៅផ្លូវភ្នំបុរាណឈ្មោះ ឈួយយូនឡាង /翠云廊នៃខេត្តស៊ឺឈួន លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ព្រៃដើមកន្ទុយដំរីបុរាណដាំដោយមនុស្សដ៏ទ្រង់ទ្រាយធំបំផុតលើសកលលោកតាមដងផ្លូវនេះ អាចរស់រានមានជីវិតយូរអង្វែងបាន អភិរក្សយ៉ាងល្អបែបនេះគឺដោយសារមហាជនក្នុងតំបន់បានចូលរួមអភិរក្សរួមគ្នាគ្រប់ជំនាន់ ក៏បានណែនាំឱ្យដឹងថាការកសាងអរិយធម៌អេកូឡូស៊ីចាំបាច់ត្រូវអនុវត្តឱ្យល្អនូវយន្តការដែលមានស្រាប់។ យើងគួរអភិរក្សដើមឈើបុរាណឱ្យបានល្អ ដើម្បីអភិរក្សវប្បធម៌ប្រពៃណីប្រជាជាតិចិនឱ្យបានល្អ។
គួរបញ្ជាក់ថា បណ្តោយផ្លូវដែលស្ថិតក្នុងស្រុកចេនកឺ/剑阁 នៃផ្លូវភ្នំបុរាណឈួយយូនឡាង គឺ១៥១ គឺឡូម៉ែត្រ កាលពីបុរាណ គឺជាផ្លូវសំខាន់តភ្ជាប់វាលទំនាបកណ្តាលចិនជាមួយខេត្តស៊ឺឈួន តាមដងផ្លូវមានដើមឈើបុរាណចំនួន៧៨០៣ដើម ក្នុងនោះ “អាយុ” ជាមធ្យមរបស់ដើមកន្ទុយដំរីចាស់តាមផ្លូវនេះគឺ១០៥០ឆ្នាំ ចំណែកដើមកន្ទុយដំរីដ៏ចំណាស់បំផុតមានឈ្មោះ “Jiange”គឺដាក់ឈ្មោះតាមឈ្មោះស្រុក ដែលកម្ពស់២៧ម៉ែត្រ អាយុប្រហែល២៣០០ឆ្នាំ។
តាំងពីរជ្ជកាលឈីនមក គ្រប់សម័យកាលក្នុងតំបន់នេះសុទ្ធតែមានទំនៀមទំលាប់ដាំដើមឈើតាមសងខាងផ្លូវរដ្ឋ ហើយអភិរក្សដើមឈើបុរាណ។ សៀវភៅប្រវត្តិសាស្ត្របានកត់ត្រាថា កាលពីឆ្នាំ៧៧៣ រជ្ជកាលថាំងបានចេញរាជបញ្ជាថា៖ «គ្រប់ខ្សែផ្លូវរដ្ឋទាំងអស់ មិនត្រូវដាំដំណាំ ឬកាប់ឈើឡើយ បើកាប់ឈើដួលរលំ ត្រូវដាំដើមឈើបន្ថែមឡើងវិញ។» កាលពីឆ្នាំ១១១៦ រជ្ជកាលសុងបានចេញរាជបញ្ជាថា៖ «ក្នុងតំបន់ព្រៃឈើរដ្ឋ អ្នកកាប់ឈើនឹងត្រូវវាយដំចំនួន៨០ដំបង។» រជ្ជកាលម៉េងបានចេញបញ្ជាហាមឃាត់មិនឱ្យមន្ត្រីនិងមហាជនកាប់បំផ្លាញដើមឈើ ដល់រជ្ជកាលឆេង រាជរដ្ឋាភិបាលបានព្យួរផ្លាកឈើ និងបង់លេខសម្គាល់លើគ្រប់ដើមកន្ទុយដំរីចាស់។
ចាប់ពីសាធារណៈរដ្ឋប្រជាមានិតចិនបានបង្កើតមក ស្រុកចេនកឺបានធ្វើតាមច្បាប់ទម្លាប់បុរាណ រដ្ឋបាលក្នុងតំបន់បន្តខិតខំអភិរក្សដើមឈើចាស់ៗទាំងនេះ ឈើមួយដើមមានអ្នកអភិរក្សម្នាក់ ដែលយាមត្រួតពិនិត្យមើលថែជារៀងរាល់ថ្ងៃ ឈើមួយដើមមានវិធានការសង្គ្រោះនិងអភិរក្សតាមវិធីបច្ចេកទេសដោយឡែកពីគ្នា ផ្លូវបុរាណឈួយយូនឡាងបានក្លាយជាគំរូបង្ហាញយ៉ាងរស់រវើកនៃការអភិវឌ្ឍបៃតងរបស់ប្រទេសចិន៕