ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖បើនិយាយចំពោះអ្នកនយោបាយអាមេរិក ការចំណាយពេលក្នុងការ"ទម្លាក់កំហុសឱ្យគេ"មិនស្មើនឹងយកពេលមកគិតពីការធ្វើយ៉ាងម៉េច ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចអាមេរិកវិញ
2023-08-04 15:53:36cri
Share with:

     គណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋអាមេរិកបាន"ឈ្លោះគ្នា"ម្តងទៀតហើយ! លើកនេះ គឺដោយសារក្រុមហ៊ុនវាយតម្លៃអន្តរជាតិFitchបានទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់អាមេរិកនៅថ្ងៃទី១ខែសីហា  ពោលគឺបានទម្លាក់ចំណាត់ថ្នាក់លំនាំដើមនៃគ្រឹះស្ថានដាក់ចេញរូបិយប័ណ្ណបរទេសរយៈពេលវែងរបស់អាមេរិកពីAAAមកនៅត្រឹមAA+។បន្ទាប់ពីចេញដំណឹងនេះត្រូវបានចេញផ្សាយ   គណបក្សអាមេរិកទាំង២បានឈ្លោះប្រកែកគ្នានិងចោទប្រកាន់គ្នាទៅវិញទៅមក។ គណបក្សប្រជាធិបតេយ្យបានថ្លែងថា ការទម្លាក់ចំណាត់ថ្នាក់ឥណទានលើកនេះគឺជា "លទ្ធផលនៃវិបត្តិលំនាំដើមដែលត្រូវបានបង្កឡើងដោយពួកគណបក្សសាធារណរដ្ឋ"  រីឯគណបក្សសាធារណរដ្ឋវិញ  បានសន្មត់ថាមូលហេតុគឺដោយសាររដ្ឋាភិបាលរបស់លោកBidenធ្វើការមិនល្អក្នុងការដោះស្រាយកិច្ចការសេដ្ឋកិច្ច។

      ជុំថ្មីនៃហ្គេម"ទម្លាក់កំហុសឱ្យគេ"រវាងគណបក្សទាំង២អាមេរិកបានបញ្ជាក់ពីមូលហេតុដ៏សំខាន់មួយដែលបណ្តាលឱ្យក្រុមហ៊ុនFitchទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់អាមេរិក។ក្រុមហ៊ុននេះបានចេញសេចក្តីថ្លែងការណ៍មួយថា  ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ  អាមេរិកបានលេចចេញភាពជាប់គាំងនយោបាយលើពិដានបំណុលម្តងហើយម្តងទៀត ហើយតែងតែអូសបន្លាសយរហូតដល់ខណៈពេលចុងក្រោយទើបមានដំណោះស្រាយ  ដែលបានកាត់បន្ថយជំនឿចិត្តរបស់ប្រជាជនចំពោះសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុរបស់អាមេរិក។ អ្នកវិភាគបានយល់ឃើញថា  នេះគឺជាការព្រមានដំបូងចំពោះវ៉ាស៊ីនតោនដែលថា ភាពបែកបាក់គ្នាខាងនយោបាយបានបណ្តាលឱ្យសមត្ថភាពអភិបាលកិច្ចមិនគ្រប់គ្រាន់។

      នៅខែឧសភាឆ្នាំ២០២៣  ក្រុមហ៊ុនFitchក៏បានដាក់បញ្ចូលចំណាត់ថ្នាក់ឥណទានអធិបតេយ្យភាពរបស់អាមេរិកទៅក្នុងបញ្ជីរាយនាមនៃការតាមដានអវិជ្ជមានហើយ។ ការទម្លាក់ចំណាត់ថ្នាក់ជាផ្លូវការលើកនេះ អាចចាត់ទុកថា  ជាការបង្ហាញពីការអស់សង្ឃឹមនិងមិនពេញចិត្តបន្ថែមទៀតចំពោះការធ្លាក់ចុះជាបន្តបន្ទាប់នៃសមត្ថភាពអភិបាលកិច្ចរបស់រដ្ឋាភិបាលអាមេរិក។

      ទន្ទឹមនឹងការនេះ   សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនFitchបានចង្អុលបង្ហាញថា  ស្ថានភាពសារពើពន្ធរបស់អាមេរិកក្នុង៣ឆ្នាំខាងមុខនឹងបន្តមានភាពអាប់អួ  ហើយបំណុលរបស់រដ្ឋាភិបាលមានកម្រិតខ្ពស់និងបន្តកើនឡើងថែមទៀត។ នេះត្រូវបានចាត់ទុកថា ជាការព្រមានទី២ចំពោះវ៉ាស៊ីនតោនដែលថា"បំណុលដ៏ធំ"របស់អាមេរិកគួរឱ្យអ្នកផងប្រុងប្រយ័ត្ន ហើយអនាគតនៃសេដ្ឋកិច្ចដែលពង្រីកបំណុលគួរឱ្យព្រួយបារម្ភ។

      យោងតាមព័ត៌មាននៅលើវេបសាយរបស់ក្រសួងហិរញ្ញវត្ថុអាមេរិកបង្ហាញឱ្យឃើញថា  គិតត្រឹមថ្ងៃទី៣១ខែកក្កដា  ទំហំបំណុលរបស់រដ្ឋាភិបាលអាមេរិកមានដល់ទៅ៣២.៦ទ្រីលានដុល្លារអាមេរិក  ដែលស្មើនឹងក្នុងចំនួនប្រជាជនអាមេរិកម្នាក់ជំពាក់បំណុលជិត១សែនដុល្លារអាមេរិក។ ក្រុមហ៊ុនFitch បានព្យាករណ៍ថា  រហូតដល់ឆ្នាំ២០២៥  អត្រានៃបំណុលរបស់រដ្ឋាភិបាលអាមេរិកក្នុងGDPនឹងកើនឡើងដល់១១៨.៥ភាគរយ។

      សញ្ញាព្រមានទី៣ គឺទាក់ទិននឹងកេរ្តិ៍ឈ្មោះរបស់អាមេរិក  ដែលប្រហែលនឹងពន្លឿនដំណើរការ"បដិដុល្លាររូបនីយកម្ម"។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានថ្លែងនៅថ្ងៃទី២ខែសីហាថា  ដើម្បីបង្ការភាពចលាចលក្នុងទីផ្សារហិរញ្ញវត្ថុដែលបណ្តាលមកពីការទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់អាមេរិក  នឹងពង្រឹងការត្រួតពិនិត្យទីផ្សារ។

      មូលហេតុដែលប្រាក់ដុល្លារអាមេរិកក្លាយជារូបិយវត្ថុអន្តរជាតិ គឺអាស្រ័យលើឥណទានរបស់រដ្ឋាភិបាល។  បើសិនជាឥណទានត្រូវបានខូតខាត  នោះអ្នកទាំងអស់នឹងធ្វើការជ្រើសរើសសារជាថ្មី។ ក្នុងមួយរយៈពេលមួយកន្លងមក  ពីតំបន់ប្រភពថាមពលដ៏សំខាន់លើពិភពលោកដូចជាអាមេរិកឡាទីន មជ្ឈិមបូព៌ានិងអាហ្វ្រិកជាដើម  រហូតដល់អឺរ៉ុបនិងអាស៊ីប៉ាស៊ីហ្វិកដែលមានសម្ព័ន្ធមិត្តដ៏ច្រើនកុះកររបស់អាមេរិក  មានប្រទេសកាន់តែច្រើនឡើងៗបាននិងគ្រោងធ្វើ"បដិដុល្លាររូបនីយកម្ម"រួចហើយ។

      បន្ទាប់ពីក្រមហ៊ុនFitchបានទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់អាមេរិក  មន្ត្រីរដ្ឋាភិបាលអាមេរិកជាច្រើនរូបបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ដោយបង្ហាញពីការមិនពេញចិត្តនិងកំហឹង។ បើនិយាយចំពោះអ្នកនយោបាយអាមេរិក   ការចំណាយពេលក្នុងការ"ទម្លាក់កំហុសឱ្យគេ"មិនស្មើនឹងយកពេលមកគិតពីការធ្វើយ៉ាងម៉េចដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចអាមេរិកវិញ ក៏ដូចជាស្ដារកិតិ្តយសរបស់ខ្លួនឱ្យប្រាកដប្រជា៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស