ថ្ងៃទី២៧ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Bill Nelson ទីភ្នាក់ងារអវកាសអាមេរិក ហៅកាត់NASA បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអាហ្សង់ទីន ។ ក្នុងសន្និសីទសារព័ត៌មានមួយលើក លោកបានអះអាងថា ចិននិងអាមេរិកបាននិងកំពុងធ្វើ “ការប្រកួតប្រជែងនៅលើលំហអវកាស ” ។ នេះជាពាក្យពេចន៍មួយដែលជាប់ពាក់ព័ន្ធនឹងសង្គ្រាមត្រជាក់ ប៉ុន្តែ បច្ចុប្បន្ននេះ លោក Nelson បាននាំពាក្យនេះទៅដល់ប្រទេសអាហ្សង់ទីន ដែលជាប្រទេសធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យអវកាសអន្តរជាតិយ៉ាងផុលផុស ។ ដូច្នេះបានជាប្រព័ន្ធសារព័ត៌មាននៃប្រទេសអាហ្សង់ទីនបានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោក Nelson លើកនេះមាន “គោលបំណងខាងនយោបាយ ” ។
នេះមិនមែនជាលើកទីមួយហើយ ដែលមន្ត្រីជាន់ខ្ពស់របស់អាមេរិកធ្វើដំណើរទៅកាន់អាហ្សង់ទីនក្នុងគោលបំណងឃោសនាបំប៉ោងពីបញ្ហាអវកាស ។ កាលពីខែមីនា ឆ្នាំ២០២២ ខណៈពេលបំពេញទស្សនកិច្ចនៅប្រទេសអាហ្សង់ទីន លោកស្រី Laura Richardson មេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ភាគខាងត្បូងរបស់អាមេរិកធ្លាប់លើកឡើងដល់ស្ថានីយវាស់ស្ទង់អវកាសជ្រៅ ជាគម្រោងសហប្រតិបត្តិការរវាងចិននិងអាហ្សង់ទីន ដែលស្ថិតនៅខេត្ត Neuquenនៃប្រទេសអាហ្សង់ទីន ហើយបានមួលបង្កាច់ថា វាជាសំណង់យោធា ។ រីឯលើកនេះវិញ លោក Nelson បានឃោសនាបំប៉ោងពីអ្វីដែលហៅថា “ការប្រកួតប្រជែងលើអវកាស ” អ្នកវិភាគបានសម្គាល់ឃើញថា គោលបំណងដ៏សំខាន់មួយរបស់លោក គឺចង់ញុះញង់និងបំផ្លាញដល់កិច្ចសហប្រតិបតិ្តការលើវិស័យអវកាសរវាងចិននិងអាហ្សង់ទីន ។
សូមបញ្ជាក់ថា ស្ថានីយវាស់ស្ទង់អវកាសជ្រៅ ដែលស្ថិតនៅខេត្ត Neuquen ជាស្ថានីយវាស់ស្ទង់អវកាសជ្រៅនៅឯនាយសមុទ្រទីមួយរបស់ចិន ដែលបានចាប់ផ្តើមដំណើរការជាផ្លូវការនៅឆ្នាំ២០១៧ ។ ចិននិងអាហ្សង់ទីនបានអភិវឌ្ឍនិងប្រើប្រាស់អវកាសស្រទាប់ខាងក្រៅដោយសន្តិភាពតាមរយៈស្ថានីយនេះ ហើយស្ថានីយនេះក៏បានបើកចំហទៅកាន់សហគមន៍អន្តរជាតិផងដែរ ។ បច្ចុប្បន្ននេះ ស្ថាប័នវិទ្យាសាស្ត្រនិងបច្ចេកទេសនៃប្រទេសជាច្រើន ក្នុងនោះក៏បូករួមទាំងអាមេរិកផងដែរ សុទ្ធតែប្រើប្រាស់ស្ថានីយវាស់ស្ទង់អវកាសជ្រៅនេះ ដើម្បីធ្វើការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រ ។
កាលពីខែមីនា ឆ្នាំ២០២២ លោក Daniel Filmus រដ្ឋមន្ត្រីក្រសួងច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានៃប្រទេសអាហ្សង់ទីនបានលើកឡើងថា “ក៏ដូចយើងបានធ្វើនៅទ្វីអឺរ៉ុបអ៊ីចឹងដែរ ស្ថានីយវាស់ស្ទង់អវកាសជ្រៅ ដែលស្ថិតនៅខេត្ត Neuquen គឺជាសំណង់របស់អាហ្សង់ទីនក្នុងការធ្វើការវាស់ស្ទង់នៅអវកាសនិងធ្វើកិច្ចសហប្រតិបតិ្តការខាងផ្កាយរណបជាមួយប្រទេសចិន” ។ តាមពិតទៅ តាំងពីឆ្នាំ២០១២មកម្លេះ ទីភ្នាក់ងារអវកាសអឺរ៉ុបក៏បានបង្កើតស្ថានីយវាស់ស្ទង់អវកាសជ្រៅនៅប្រទេសអាហ្សង់ទីនរួចហើយ ស្ថានីយនេះមានចម្ងាយប្រហែល៤៨០គីឡូម៉ែត្រជាមួយស្ថានីយវាស់ស្ទង់អវកាសជ្រៅរវាងចិននិងអាហ្សង់ទីន ។ អ្នកផងទាំងពួងចង់សួរថា ហេតុអ្វីបានជាអាមេរិកគ្រាន់តែរិះគន់ទៅលើស្ថានីយវាស់ស្ទង់អវកាសជ្រៅរវាងចិននិងអាហ្សង់ទីនប៉ុណ្ណោះ ? នេះជាការប្រកាន់ស្តង់ដារពីរដ៏សុទ្ធសាធមែនទេ ?
«សន្ធិសញ្ញាអវកាស»របស់អង្គការសហប្រជាជាតិបានកំណត់យ៉ាងច្បាស់ថា “មិនថាប្រទេសណាមួយសុទ្ធតែមិនអាចអះអាងថា មានអធិបតេយ្យភាពឬសិទ្ធិគ្រប់គ្រង់ចំពោះលំហអវកាសឬលំហអវកាសចំណែកណាមួយនោះទេ ហើយក៏មិនអាចចាត់ទុកអវកាសជារបស់ខ្លួនឬច្រានចោលអ្នកដទៃបានទេ ។” ក្នុងនាមជាប្រធាននៃទីភ្នាក់ងារអវកាសរបស់អាមេរិក លោក Nelson មិនមែនមិនយល់ច្បាស់ពី “ប្រវតិ្តសាស្ត្រខ្មៅងងឹត”របស់ផែនការអវកាសអាមេរិកនោះឡើយ ។ ពីការបង្កសំរាមនៅលំហអវកាស រហូតដល់ញុះញង់ឱ្យធ្វើការប្រកួតប្រជែងសព្វាវុធនៅអវកាស អាមេរិកបានបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការប្រើប្រាស់អវកាសដោយសន្តិភាព ។
បើនិយាយចំពោះប្រទេសចិន ចាប់តាំងពីពេលទើបអភិវឌ្ឍបុព្វហេតុអវកាសមក ចិនក៏បានប្រកាន់ខ្ជាប់គោលបំណងស្តីពីការអភិវឌ្ឍដោយសន្តិភាព ។ ស្ថានីយអវកាសរបស់ចិនដែលបាននិងកំពុងដំណើរការនៅអវកាស ជាគម្រោងលើកដំបូងដែលបានបើកចំហទៅកាន់រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ ។ ប្រការនេះបានបង្ហាញឱ្យឃើញនូវគោលបំណង់ដើមរបស់ចិនក្នុងការស្ទង់រុករកនៅអវកាស នេះគឺមិនអាចលុបបំបាត់បានទោះធ្វើការវាយប្រហារយ៉ាងណាក៏ដោយ ។
លំហអវកាសជាទីជម្រករួមរបស់មនុស្សជាតិ មិនមែនជាវេទិកាសម្រាប់ធ្វើអនុត្តរភាពនោះទេ ។ សូមដាស់តឿនមនុស្សមួយចំនួនតូចរបស់ប្រទេសអាមេរិកកុំអនុវត្តតាមគំនិតសង្រ្គាមត្រជាក់កាលពីមុនទៀត ខណៈពេលឈានចូលសតវត្សរ៍ទី២១ ៕