ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖លំហបណ្តាញអ៊ីនធើណេតជាទីជម្រករួមរបស់មនុស្សជាតិ មិនមែនជាវេទិកាសម្រាប់ធ្វើអនុត្តរភាពនោះទេ
2023-07-27 11:12:48cri
Share with:

កាលពីថ្ងៃទី២៦ខែកក្កដា មន្ទីរគ្រប់គ្រងអាសន្ននិងស្នងការដ្ឋាននគរបាលក្រុង Wuhan របស់ចិនបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈនិងសេចក្តីរាយការណ៍ខាងសន្តិសុខដោយឡែកពីគ្នាថា មជ្ឈមណ្ឌលជាតិដោះស្រាយវីរុសកុំព្យូទ័រជាបន្ទាន់របស់ចិននិងក្រុមហ៊ុន ៣៦០បានសង្កេតឃើញថា មជ្ឈមណ្ឌលវាស់ស្ទង់គ្រោះរញ្ជួយដីក្រុង Wuhan បានរងការវាយប្រហារពីបណ្តាញអ៊ីធើណេត ដែលអ្នកផ្ដើមគំនិតគឺជាក្រុម Hacker និងឧក្រិដ្ឋជនដែលមានប្រវត្តិជាមួយនឹងរដ្ឋាភិបាលនៅក្រៅប្រទេស ភស្តុតាងជំហានដំបូងបានបង្ហាញថា ការវាយប្រហារតាមបណ្តាញអ៊ីនធើណេតមានប្រភពពីសហរដ្ឋអាមេរិក ។

ទោះបីជានៅខ្វះខ្លឹមសារលម្អិតពាក់ព័ន្ធក៏ដោយ ក៏ប៉ុន្តែអ្នកផងទាំងពួងដែលដឹងពីព័ត៌មានបែបនេះអាចឃើញនូវស្រមោលខ្មៅដែលស្គាល់ច្បាស់ពីក្នុងនោះ កាលពីឆ្នាំ២០២២ មជ្ឈមណ្ឌលជាតិដោះស្រាយវីរុសកុំព្យូទ័រជាបន្ទាន់របស់ចិននិងក្រុមហ៊ុន ៣៦០ ក៏បានសង្កេតឃើញថា សាកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យនៃប្រទេសចិនបានរងការវាយប្រហារពីក្រុមពួក Hacker នៅបរទេស ។ តាមរបាយការណ៍ស៊ើបអង្កេតកាលនោះបានទម្លាយឱ្យដឹងថា ការិយាល័យប្រតិបត្តិការលុកលុយជាពិសេស(TAO)ដែលស្ថិតនៅក្រោមឱវាទនៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិកNSAបានប្រើប្រាស់អាវុធវាយប្រហារតាមបណ្តាញអ៊ីនធើណេតចំនួន៤១ប្រភេទជាបន្តបន្ទាប់ ដើម្បីបង្កការវាយប្រហារជាង១ពាន់លើកចំពោះសាកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យនៃប្រទេសចិន ដែលបានលួចយកទិន្នន័យបច្ចេកវិទ្យាជាស្នូលមួយចំនួន ។

មិនថាសាកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យ ឬក៍មជ្ឈមណ្ឌលវាស់ស្ទង់គ្រោះរញ្ជួយដីក្រុង Wuhan ក៏ដោយ តាមការពិត សហរដ្ឋអាមេរិកកំពុងប៉ុនប៉ងឃ្លាំមើលនិងត្រួតពិនិត្យចំពោះលំហបណ្តាញអ៊ីនធើណេតសកលដោយគ្រប់ជ្រុងជ្រោយ ។

ក្នុងបណ្តាញឃ្លាំមើលនិងត្រួតពិនិត្យសកលរបស់សហរដ្ឋអាមេរិក ប្រទេសចិនជាគោលដៅនិងអ្នករងគ្រោះសំខាន់ ។ កាលពីខែមិថុនាឆ្នាំ១៩៩៩ លោក Jeffrey T.Richelson បញ្ញវន្តដែលសិក្សាស្រាវជ្រាវពីវិទ្យាសាស្ត្រស៊ើបការណ៍សម្ងាត់របស់អាមេរិកក៏បានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ថា ចិនបានក្លាយជាគោលដៅចម្បងក្នុងការឃ្លាំមើលនិងត្រួតពិនិត្យតាមបណ្តាញស៊ើបការសម្ងាត់នៃ សម្ព័ន្ធ Five Eyes ជាសន្សឹមៗ ។ កាលពីឆ្នាំ២០១៥ កាសែត New York Times បានចុះផ្សាយដំណឹងអំពីអ្វីដែលហៅថា ការគំរាមកំហែងដែលចេញផ្សាយដោយឥស្សរជនមិនបញ្ចេញឈ្មោះនៃសេតវិមានថា សហរដ្ឋអាមេរិកបានដាក់បញ្ចូលប្រព័ន្ធជាច្រើនក្នុងបណ្តាញកុំព្យូទ័រនៃចិនដីគោក ។

បើមើលពីចក្ខុវិស័យរបស់អាមេរិក ការបង្កើនការឃ្លាំមើលនិងគ្រប់គ្រងចំពោះប្រទេសចិនគឺជាមធ្យោបាយដ៏ចាំបាច់ក្នុងការប្រកួតប្រជែងជាយុទ្ធសាស្ត្រ ។ អាមេរិករំពឹងថា ឆ្លងតាមរយៈការលួចស្តាប់ ឈ្វេងយល់និងបញ្ជាក់ពី អាវុធសម្ងាត់សម្រាប់អភិវឌ្ឍន៍លើសពីសហរដ្ឋអាមេរិករបស់ចិន ដើម្បីនាំឱ្យសហរដ្ឋអាមេរិកបញ្ចៀសនូវ ការគំរាមកំហែងពីការងើបឡើងរបស់ចិន ។ តាមដំណឹងទម្លាយឱ្យដឹងថា គ្រឿងបរិក្ខារនៃមជ្ឈមណ្ឌលវាស់ស្ទង់គ្រោះរញ្ជួយដីក្រុង Wuhan ត្រូវបានដាក់បញ្ចូលនូវកម្មវិធីអាចបញ្ជាពីចម្ងាយ កម្មវិធីនេះអាចគ្រប់គ្រងនិងលួចយកដោយខុសច្បាប់នូវទិន្នន័យអំពីកម្រិតថ្នាក់នៃរញ្ជួយដីដែលប្រមូលផ្តុំដោយស្ថានីយរាយការណ៍ពីសភាពការណ៍រញ្ជួយដី ដែលនឹងបង្កការគំរាមកំហែងចំពោះសន្តិសុខជាតិចិន ។

មួយរយៈពេលកន្លងទៅនេះ មន្ត្រីជាច្រើននាក់របស់ភាគីអាមេរិកបានឃោសនាបំប៉ោងពីអ្វីដែលហៅថា ចិនបំផុសការវាយប្រហារបណ្តាញអ៊ីនធើណេតទៅលើសហរដ្ឋអាមេរិក ។ ហេតុការណ៍ដែលមជ្ឈមណ្ឌលវាស់ស្ទង់គ្រោះរញ្ជួយដីក្រុង Wuhan រងការវាយប្រហារតាមបណ្តាញអ៊ីនធើណេត បានបញ្ជាក់ម្តងទៀតថា ក្រោមការជំរុញនៃ ការព្រួយបារម្ភពីសន្តិសុខដែលកើនឡើងជាបន្តបន្ទាប់ សហរដ្ឋអាមេរិកបានបន្តអនុវត្តការវាយប្រហារតាមបណ្តាញអ៊ីនធើណេតដែលគ្មានការគ្រប់គ្រង គ្មានព្រំដែននិងគ្មានខ្សែបន្ទាត់ក្រហមចំពោះប្រទេសចិន ហើយក៏បានបញ្ជាក់ម្តងទៀតថា សហរដ្ឋអាមេរិកគឺជាអាណាចក្រ Hacker ដ៏ពិតប្រាកដផងដែរ ។ 

ចំពោះទង្វើវាយប្រហារតាមបណ្តាញអ៊ីនធើណេតដែលមិនទទួលខុសត្រូវ ភាគីចិនបានថ្កោលទោសយ៉ាងខ្លាំង ហើយនឹងចាត់វិធានការដ៏ចាំបាច់ដើម្បីគាំពារសន្តិសុខបណ្តាញអ៊ីនធើណេត ។ អ្នកផងទាំងពួងដែលស្រឡាញ់សន្តិភាពលើទូទាំងពិភពលោកគួរតែពួតដៃគ្នា ដើម្បីរួមគ្នាប្រឆាំងនឹងអនុត្តរភាពតាមបណ្តាញអ៊ីនធើណេត ក៏ដូចជារួមគ្នាឆ្លើយតបនឹងការវាយប្រហារតាមបណ្តាញអ៊ីនធើណេត ។ លំហបណ្តាញអ៊ីនធើណេតជាទីជម្រករួមរបស់មនុស្សជាតិ តែមិនមែនជាសួនច្បារក្រោយផ្ទះសម្រាប់ធ្វើអនុត្តរភាពនោះទេ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស