ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖តំបន់អាស៊ីប៉ាស៊ីហ្វិកជាទីពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ តែមិនមែនជាក្តារអុកសម្រាប់ប្រទេសមហាអំណាចប្រកួតប្រជែងនោះទេ
2023-07-12 15:41:35cri
Share with:

       ចាប់ពីថ្ងៃទី១១ខែកក្កដា តាមម៉ោងក្នុងតំបន់ឡើងទៅ   កិច្ចប្រជុំកំពូលអង្គការណាតូបានបើកធ្វើនៅប្រទេសលីទុយអានី។ ក្រៅពីប្រធានបទគន្លឹះអំពីស្ថានការណ៍នៅអ៊ុយក្រែន មេដឹកនាំប្រទេសទាំង៤គឺជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលសេឡង់បានចូលរួមក្នុងកិច្ចប្រជុំនេះក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា ដែលធ្វើឲ្យបញ្ហាអង្គការណាតូបង្វែរការផ្តោតសំខាន់ទោលើអាស៊ីប៉ាស៊ីហ្វិឡើងកម្តៅម្តងទៀត។  យោងតាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនឱ្យដឹងថា  ដោយសារការប្រឆាំងរបស់ប្រទេសបារាំង  ផែនការស្តីពីការបើកការិយាល័យទំនាក់ទំនងអាស៊ីទីមួយនៅប្រទេសជប៉ុនរបស់អង្គការណាតូ ដែលគ្រោងនឹងពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលលើកនេះ  ត្រូវបានពន្យារពេលកំណត់រហូតដល់រយៈពេលក្រោយពីរដូវរំហើយ។ ប៉ុន្តែ អ្នកវិភាគជឿជាក់ថា   ក្រោមការណែនាំរបស់ប្រទេសអាមេរិក  ចេតនារបស់អង្គការណាតូក្នុងការពង្រីកក្របខ័ណ្ឌនៃឥទ្ធិពលរបស់ខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកនឹងមិនប្រែប្រួលឡើយ។

      ក្នុងនាមជាបច្ច័យនៃសង្គ្រាមត្រជាក់  ចាប់តាំងពីបានបង្កើតឡើងមក  អង្គការណាតូគឺជាសសរស្តម្ភជាស្នូលរបស់អាមេរិកក្នុងការគាំពារអនុត្តរភាពរបស់ខ្លួន   "បើគ្មានសត្រូវ វាពិបាករស់រានមានជីវិត"គឺជាតក្កវិជ្ជារបស់វា ។  បន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់មក   ក្រោមការជំរុញនៃយុទ្ធសាស្ត្ររបស់អាមេរិកដែល"ជាន់លើអាល្លឺម៉ង់និងបារាំង""ទាត់ចោលរុស្ស៊ី"  និង"យកឈ្នះលើប្រទេសចិន"   អង្គការណាតូបានធ្វើការពង្វាតទៅទិសខាងកើតចំនួន៦ជុំ   ដែលបង្កឱ្យមានការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន  បង្កើតភាពបែកបាក់ផ្នែកសន្តិសុខនៅអឺរ៉ុប ហើយនិងលូតដៃរបស់ខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកជាបន្តបន្ទាប់។

       នៅឆ្នាំ២០២២   "គំនិតយុទ្ធសាស្ត្រថ្មីរបស់អង្គការណាតូ" បានលើកឡើងពីប្រទេសចិនជាលើកដំបូង  ព្រមទាំងបានចាត់ទុកប្រទេសចិនថា  ជា"ការប្រឈមជាប្រព័ន្ធ"យ៉ាងច្បាស់លាស់  ហើយយកបញ្ហានេះធ្វើជាលេសដើម្បីពន្លឿនដំណើរការដាក់ពង្រាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រសិនបើអង្គការណាតូលូតដៃចូលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងធ្វើការកែប្រែបែប"បស្ចិមប្រទេស" ចំពោះអភិបាលកិច្ចជាតិនិងទស្សនៈតម្លៃរបស់បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក  នោះវាមុខជានឹងបណ្តាលឱ្យមានការធ្វើពហិការជាទូទៅ ក៏ដូចជានាំមកនូវវិបត្តិនិងភាពរង្គោះរង្គើជាមិនខាន។

      នៅក្នុងដំណើរដែលអង្គការណាតូពង្វាតទៅតំបន់អាស៊ីប៉ាស៊ីហ្វិក  ប្រទេសជប៉ុនបានដើរតួនាទីដែលនាំចចកចូលផ្ទះ។  នៅខែឧសភាឆ្នាំ២០១៤ ប្រទេសជប៉ុនបានចុះហត្ថលេខាលើគម្រោងទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការជាមួយអង្គការណាតូ  ដោយលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការជាមួយអង្គការណាតូជាបន្តបន្ទាប់  និងដើរតួនាទីជា"អ្នកនាំផ្លូវ"ដែលណែនាំអង្គការណាតូពង្វាតទៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ មូលហេតុនៅពីក្រោយរឿងនេះ  មិនត្រឹមតែដោយសារជប៉ុនជាអ្នកដើរតាមយ៉ាងមុតមាំរបស់អាមេរិកប៉ុណ្ណោះទេ  ថែមទាំង ជប៉ុនមានមហិច្ឆតាចង់ដើរតាមផ្លូវនៃប្រទេសខ្លាំងផ្នែកយោធាឡើងវិញ និងចង់ជួយគ្នាទៅវិញទៅមកជាមួយអង្គការណាតូក្នុងវិស័យការពារជាតិផងដែរ។

      ពេលថ្មីៗនេះ  មហាជនជប៉ុននិងកូរ៉េខាងត្បូងជាច្រើនបានធ្វើការជួបជុំគ្នា ដើម្បីលើកការប្រឆាំងតវ៉ាចំពោះអង្គការណាតូដែលបណ្តាលឱ្យមានភាពតានតឹងផ្នែកយោធា ហើយប្រឆាំងនឹងអង្គការណាតូដាក់ពង្រាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាការពិត   នៅផ្ទៃក្នុងអង្គការណាតូ  ក៏មិនខ្វះសំឡេងប្រឆាំងនឹងទង្វើពង្រីកក្របខ័ណ្ឌនៃឥទ្ធិពលរបស់ខ្លួននោះដែរ។ ឧទាហរណ៍   លោកMacronប្រធានាធិបតីបារាំងធ្លាប់បានថ្លែងថា  អង្គការណាតូបានស្លាប់ ខួរក្បាល ហើយបានប្រឆាំងយ៉ាងច្បាស់លាស់នូវការដែលអង្គការណាតូបង្កើតការិយាល័យទំនាក់ទំនងនៅប្រទេសជប៉ុន។  មន្ត្រីបារាំងលើកឡើងថា  អង្គការណាតូគឺជាពាក្យកាត់នៃ"អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង" ហើយអាមេរិកនិងអឺរ៉ុបគឺជាគោលដៅការពារជាសមូហភាព  ដូច្នេះវាបង្កើតទីតាំងមូលដ្ឋាននៅតំបន់អាស៊ីប៉ាស៊ីហ្វិក  គឺមិនសមស្របទេ។សំឡេងប្រកបដោយវិចារណញ្ញាណបែបនេះ គួរឱ្យសមាជិកអង្គការណាតូស្តាប់និងគិតពិចារណា។

      តំបន់អាស៊ីប៉ាស៊ីហ្វិកជាតំបន់ទីពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ  តែមិនមែនជាក្តារអុកសម្រាប់ប្រទេសមហាអំណាចប្រកួតប្រជែងនោះទេ។ អង្គការណាតូដែលដឹកនាំដោយអាមេរិកចង់ចម្លងអ្វីដែលគេហៅថា"បទពិសោធន៍អឺរ៉ុប" ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក  តាមពិតទៅគឺចង់ចម្លងការបំបែកបំបាក់និងការប្រឈមមុខដាក់គ្នាទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក  ប្រជាជនក្នុងតំបន់នេះមិនទទួលយកជាដាច់ខាត។  វាចង់"បន្តជីវិតរបស់ខ្លួន"តាមរយៈការបង្កភាពចលាចលនៅតំបន់អាស៊ីប៉ាស៊ីហ្វិក  អ្នកស្នេហាសន្តិភាពនៅទូទាំងពិភពលោកក៏មិនយល់ព្រមនោះដែរ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស