ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖មហាសមុទ្រប៉ាស៊ីហ្វិកមិនមែនជាទីកន្លែងធ្វើពិសោធន៍នុយក្លេអ៊ែរនិងថ្នូរសម្រាប់ធ្វើការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៃប្រទេសមួយចំនួនតូចនោះទេ
2023-07-11 15:32:46cri
Share with:

ពេលវេលាដែលអង្គការថាមពលបរិមាណូអន្តរជាតិចេញផ្សាយរបាយការណ៍វាយតម្លៃចំពោះបញ្ហាបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរ Fukushima ទៅក្នុងសមុទ្របានកន្លងផុតទៅជិតមួយសប្តាហ៍ហើយ ។ ក្នុងអំឡុងពេលនេះ  សំឡេងប្រឆាំងផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុនរបស់សហគមន៍អន្តរជាតិដូចជាប្រទេសកោះមហាសមុទ្រប៉ាស៊ីហ្វិក ហ្វីលីពីន ឥណ្ឌូណេស៊ី អាហ្វ្រិកខាងត្បូង ប៉េរូ ចិននិងកូរ៉េខាងត្បូងជាដើមបានលាន់ឮជាប់មិនដាច់ ។ ប៉ុន្តែបើប្រៀបធៀបនឹងសំឡេងប្រឆាំងទាំងនេះ ទង្វើរបស់សហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចគឺជាការយកចិត្តទុកដាក់របស់មនុស្សទូទៅ ។

បន្ទាប់ពីអង្គការថាមពលបរិមាណូអន្តរជាតិចេញផ្សាយរបាយការណ៍វាយតម្លៃ ក្រសួងការបរទេសអាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍ដោយសម្តែង ការស្វាគមន៍ ហើយអ្នកនយោបាយប៉ែកខាងលិចភាគច្រើនបានរក្សាភាពស្ងៀមស្ងាត់ចំពោះការវិវាទជុំវិញផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុន ។ ឧទាហរណ៍ដូចជា ប្រព័ន្ធសារព័ត៌មានប៉ែកខាងលិចមួយចំនួនបានឃោសនាបំប៉ោងយ៉ាងគឃ្លើនពីការបកស្រាយរបស់ភាគីជប៉ុននិងអង្គការ IAEA ដោយប្រើពាក្យ ទឹកចាត់ចែងនុយក្លេអ៊ែរ តែមិនមែនទឹកសំណល់នុយក្លេអ៊ែរ ហើយក៏មិនសូវដកស្រង់សំឡេងប្រឆាំងរបស់សហគមន៍អន្តរជាតិនោះដែរ ។

ក្រៅពីនេះ ប្រព័ន្ធសារព័ត៌មានមួយចំនួនមើលទៅហាក់ដូចជាបានសំអាងតាមសំឡេងរបស់ភាគីជាច្រើនប្រកបដោយ សត្យានុម័តនិងអព្យាក្រឹត ប៉ុន្តែគឺគេចវេះពីបញ្ហាគន្លឹះជាប់រហូតមក ក្នុងនោះ បូករួមទាំងបញ្ហាថា តើផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រនឹងមានផលវិបាកណាខ្លះចំពោះបរិស្ថាន?ភាពឯករាជ្យនិងភាពជាតំណាងនៃសំណាកទឹកដែលអង្គការ IAEA ទទួលបាននោះគឺមានលក្ខណៈបែបណា?ហើយអំពីប្រវត្តិសាស្ត្រក្លែងបន្លំនៃក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនដែលជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះ ប្រព័ន្ធសារព័ត៌មានប៉ែកខាងលិចសឹងតែមិនលើកឡើងទាល់តែសោះ ។

តាមការសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្ររបស់អាល្លឺម៉ង់ឱ្យដឹងថា ដោយសារនៅតាមឆ្នេរសមុទ្រក្រុង Fukushima មានចរន្តសមុទ្រដ៏ខ្លាំងបំផុតលើពិភពលោក ដូច្នេះ សារធាតុវិទ្យុសកម្មនឹងរីកសាយភាយដល់តំបន់ជាងពាក់កណ្តាលនៃមហាសមុទ្រប៉ាស៊ីហ្វិកក្នុងរយៈពេល៥៧ថ្ងៃបន្ទាប់ពីបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ។ ក្នុងរយៈពេល៣០ឆ្នាំនិងរយៈពេលកាន់តែយូរ សារធាតុវិទ្យុសកម្មទាំងនេះនឹងត្រូវបង្ហូរទៅក្នុងសមុទ្រឥតឈប់ឈរ នេះមិនត្រឹមតែនឹងបំផ្លាញបរិស្ថានអេកូឡូស៊ីនៃសមុទ្រប៉ុណ្ណោះទេ ថែមទាំងក៏នឹងមានផលវិបាកដល់សុខភាពអាយុជីវិតរបស់មនុស្សជាតិផងដែរ ។

បំណាច់ជាបែបនេះ តើហេតុអ្វីបានជាប្រទេសប៉ែកខាងលិចមួយចំនួនសម្តែង ការទុកចិត្តចំពោះទឹកសំណល់នុយក្លេអ៊ែររបស់ជប៉ុន?បើនិយាយអំពីមូលហេតុ គឺពាក់ព័ន្ធនឹង ប្រវត្តិសាស្ត្រខ្មៅងងឹតនិងភាពអាត្មានិយមជាយុទ្ធសាស្ត្រផ្ទាល់ខ្លួនរបស់ពួកគេ ។

សូមយកសហរដ្ឋអាមេរិកជាឧទាហរណ៍ ។ តាមការផ្សាយដំណឹងនៃកាសែត Los Angeles Times ឱ្យដឹងថា នៅទស្សវត្សរ៍ឆ្នាំ៤០និង៥០នៃសតវត្សរ៍មុន សហរដ្ឋអាមេរិកបានធ្វើពិសោធន៍នុយក្លេអ៊ែរចំនួន៦៧លើកនៅប្រជុំកោះ Marshall ដែលនាំមកនូវគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរដល់ប្រជាជនក្នុងតំបន់ ។ គិតមកទល់បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកមិនបានផ្តោតការយកចិត្តទុកដាក់ចំពោះឧក្រិដ្ឋកម្មរបស់ខ្លួនទាល់តែសោះ ហើយការសងថ្លៃជំងឺចិត្តក៏មិនគ្រប់គ្រាន់ដែរ ដែលធ្វើឱ្យទូទាំងពិភពលោកមានការខឹងសម្បាយ៉ាងខ្លាំង ។

បន្ទាប់ពីផ្ទុះឧប្បត្តិហេតុនុយក្លេអ៊ែរនៅ Fukushima កាលពីឆ្នាំ២០១១ ជប៉ុននិងអាមេរិកបានឈានដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការអំពីការរួមគ្នាដោះស្រាយហេតុការណ៍នុយក្លេអ៊ែរនិងការស្តារឡើងវិញបន្ទាប់ពីហេតុការណ៍នេះជាដើម ។ ឆ្លងតាមរយៈកម្លាំងរបស់អាមេរិក ជប៉ុនទទូលបានការគាំទ្រចំពោះការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រលើឆាកមតិអន្តរជាតិ រីឯសហរដ្ឋអាមេរិកវិញក៏ឆ្លៀតឱកាសនេះដើម្បីគាំពារអនុត្តរភាពយោធានៅជប៉ុន ក៏ដូចជាបន្ថែមមធ្យោបាយសម្រាប់គ្រប់គ្រងជប៉ុន ។ ពួកគេមិនដែលយកចិត្តទុកដាក់ទាល់តែសោះចំពោះការបង់តម្លៃយ៉ាងណារបស់ប្រទេសផ្សេងទៀតចំពោះផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុន ។

រដ្ឋាភិបាលជប៉ុនគួរតែស្តាប់សំឡេងយុត្តិធម៌របស់ភាគីនានា បញ្ឈប់អនុវត្តផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រភ្លាម កុំជាប់ជំពាក់បំណុលថ្មីទៀតខណៈមិនទាន់សងបំណុលចាស់វិញ ។ ប្រទេសប៉ែកខាងលិចដែលរក្សាភាពស្ងៀមស្ងាត់ទាំងនោះ ក៏មិនត្រូវក្លាយជាអ្នកសមគំនិតជាមួយផែនការនេះដែរ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស