ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកគួរតែរួមជាមួយប្រទេសចិនចាត់វិធានការយ៉ាងប្រាកដប្រជាដើម្បីជំរុញទំនាក់ទំនងចិន-អាមេរិកឱ្យ"ប្រកបដោយស្ថិរភាពនិងប្រសើរឡើង"
2023-07-10 17:09:17cri
Share with:

   នៅថ្ងៃទី ៩ ខែកក្កដា លោកស្រី Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃសហរដ្ឋអាមេរិកបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល  ថ្ងៃនៅប្រទេសចិន ។ ក្នុងការជួបពិភាក្សានិងការចរចានាប៉ុន្មានថ្ងៃកន្លងទៅនេះ ភាគីទាំងពីរចិននិងសហរដ្ឋអាមេរិកសុទ្ធតែបានបង្ហាញថា នឹងពង្រឹងការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការ ។ មន្ត្រីចិនបានសង្កត់ធ្ងន់ថា ការធ្វើឱ្យសន្តិសុខជាតិមានលក្ខណៈទូទៅ វាគ្មានអំណោយផលដល់ការប្រាស្រ័យទាក់ទងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាប្រក្រតី ។ លោកស្រី Yellen បានរំលឹកឡើងវិញថា សហរដ្ឋអាមេរិកមិនស្វែងរក"ការកាត់ផ្តាច់"ទំនាក់ទំនងខាងសេដ្ឋកិច្ចជាមួយប្រទេសចិននោះទេ ហើយបានសន្យាថា នឹងជំរុញឱ្យសេដ្ឋកិច្ចអាមេរិកនិងចិន"អាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ" ។

    លោកស្រី Yellen គឺជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិករូបទីពីរដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងរយៈពេលមួយខែ ។ ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោកស្រី Yellen លើកនេះត្រូវគេចាត់ទុកថាជាវិធានការជាក់ស្តែងដើម្បីអនុវត្តគំនិតឯកភាពរួមដែលមេដឹកនាំចិននិងសហរដ្ឋអាមេរិកបានឈានដល់នៅក្នុងកិច្ចប្រជុំកោះបាលី ក៏ដូចជាបង្កើនការប្រាស្រ័យទាក់ទងនិងការផ្លាស់ប្តូរផ្នែកហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ 

    បើមើលពីព័ត៌មានដែលភាគីទាំងពីរបានបញ្ចេញនោះអាចឃើញថា ចិនសម្គាល់ថា កិច្ចពិភាក្សាលើកនេះប្រកបដោយលក្ខណៈស្ថាបនា ។ នៅពេលបញ្ចប់ដំណើរទស្សនកិច្ចលោកស្រី Yellen ក៏បានថ្លែងដែរថា កិច្ចជំនួបជាមួយប្រទេសចិននាប៉ុន្មានថ្ងៃកន្លងទៅនេះគឺ "ផ្ទាល់និងប្រកបដោយប្រសិទ្ធភាព" ។

    ប៉ុន្តែក្នុងពេលជាមួយគ្នានេះ មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា លោកស្រីYellen នៅតែលើកឡើងដដែលៗអំពី"សន្តិសុខជាតិ" ហើយអះអាងថា នឹងដាក់ចេញក្បួនច្បាប់ខាងសេដ្ឋកិច្ចដ៏"យុត្តិធម៌" ។ នេះបង្ហាញថា ប្រទេសចិននិងសហរដ្ឋអាមេរិកនៅតែមានការខ្វែងគំនិតគ្នាក្នុងការកែលម្អកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដោយឡែក គឺសហរដ្ឋអាមេរិកនៅមានកិច្ចការជាច្រើនត្រូវធ្វើទៀត 

    ទំនាក់ទំនងចិន-អាមេរិកនាពេលបច្ចុប្បន្នកំពុងធ្លាក់ក្នុងភាពជាប់គាំង ។ និយាយពីឬសគល់ អាមេរិកមានកំហុសក្នុងការស្វែងយល់ពីប្រទេសចិន ហើយចាត់ទុកប្រទេសចិនជា"គូប្រជែងយុទ្ធសាស្ត្រដ៏សំខាន់បំផុត" ។ ដូចគ្នានេះដែរ អំពីទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម អ្នកនយោបាយអាមេរិកមួយចំនួនតូចនៅតែមិនដឹងច្បាស់យ៉ាងពិតប្រាកដថា "ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះគឺជាធាតុពិតនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ចចិន-អាមេរិក" ហើយពួកគេមិនបានដឹងថា "ការពង្រឹងកិច្ចសហប្រតិបត្តិការ គឺជាតម្រូវការជាក់ស្តែងនិងជាជម្រើសដ៏ត្រឹមត្រូវរបស់ភាគីទាំងពីរចិននិងសហរដ្ឋអាមេរិក" 

    នាពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិននិងមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាលើពិភពលោក ក្នុងនោះក៏បូករួមទាំងសហរដ្ឋអាមេរិកផងដែរដើម្បីជំរុញការអភិវឌ្ឍជាមួយគ្នា ។ បើនិយាយចំពោះសហរដ្ឋអាមេរិក ប្រទេសចិនមានទីផ្សារដ៏ធំធេង ហើយកិច្ចសហប្រតិបត្តិការជាមួយចិនក៏មានអំណោយផលដល់ការជំរុញឱកាសការងាររបស់សហរដ្ឋអាមេរិកនិងទប់ស្កាត់អតិផរណាផងដែរ ។

    ទន្ទឹមនឹងនេះ អាមេរិកក៏ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងកុំធ្វើឲ្យបញ្ហាសេដ្ឋកិច្ចក្លាយទៅជាបញ្ហានយោបាយ ។ សហរដ្ឋអាមេរិកគួរតែលុបចោលពន្ធគយដែលបានដំឡើងចំពោះប្រទេសចិនក្នុងពេលឆាប់ៗ បន្ធូរបន្ថយការហាមឃាត់ការនាំចេញទៅកាន់ប្រទេសចិន លុបចោលការដាក់ទណ្ឌកម្មចំពោះសហគ្រាសចិន ក៏ដូចជាបង្កបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសនៃប្រទេសទាំងពីរក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មនិងវិនិយោគ ។

    លើសពីនេះទៅទៀត កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិកមិនអាចឃ្លាតឆ្ងាយពីបរិយាកាសនៃទំនាក់ទំនងចិន-អាមេរិកបានទេ ។ ទំហំសេដ្ឋកិច្ចសរុបរបស់ប្រទេសចិននិងសហរដ្ឋអាមេរិកលើសពីមួយភាគបីនៃពិភពលោកទាំងមូល ហើយអត្រារួមចំណែកចំពោះកំណើនសេដ្ឋកិច្ចសកលនៃប្រទេសទាំងពីរបានលើសពី ៥០ ភាគរយ វាច្បាស់ណាស់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរមានសារសំខាន់ចំពោះសេដ្ឋកិច្ចពិភពលោក ។

    រំពឹងទុកថា បន្ទាប់ពីលោកស្រី Yellen ត្រឡប់ទៅដល់ប្រទេសអាមេរិកវិញ អ្នកផងទាំងពួងអាចឃើញថា សហរដ្ឋអាមេរិកនឹងរួមជាមួយប្រទេសចិន ចាត់វិធានកាយ៉ាងប្រាកដប្រជាដើម្បីជំរុញទំនាក់ទំនងចិន-អាមេរិកឱ្យ"ប្រកបដោយស្ថិរភាពនិងប្រសើរឡើង" 



អ្នកបកប្រែ:魏伟
ប្លុកពិសេស