ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ជប៉ុនទទូចបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ បានជំពាក់ “បំណុលគុណធម៌”និង “បំណុលសតិសម្បជញ្ញៈ” យ៉ាងធ្ងន់ធ្ងរ
2023-07-08 13:54:31cri
Share with:

ថ្ងៃទី ៧ ខែកក្កដា គណៈកម្មាធិការថាមពលបរមាណូជប៉ុនបានប្រគល់វិញ្ញាបនបត្របញ្ជាក់ពីលក្ខណៈសម្បត្តិគ្រប់គ្រាន់ឱ្យក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូ ។ ការនេះមានន័យថា រដ្ឋាភិបាលជប៉ុនមិនអើរពើរនឹងការប្រឆាំងយ៉ាងខ្លាំងក្លាទាំងក្នុងនិងក្រៅប្រទេស បានបោះមួយជំហានទៀតទៅកាន់ការអនុវត្តផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរដោយបង្ខំ ។ ដើម្បីបន្ថែមអ្វីដែលហៅថា “ភាពសមហេតុផល” លោក Matsuno Hirokazu អគ្គលេខាធិការនៃគណៈរដ្ឋមន្ត្រីជប៉ុនបានអះអាងថា ស្តង់ដារកំហាប់របស់សារធាតុtritium ដែលជប៉ុនបានបង្ហូរទាំងនោះ គឺខ្ពស់ជាងប្រទេសចិននិងកូរ៉េខាងត្បូងជាដើមយ៉ាងច្រើន ។

ប៉ុន្តែ ទឹកសំណល់នុយក្លេអ៊ែរគឺជាទឹកកខ្វក់ មិនថាជប៉ុនបានបកស្រាយយ៉ាងណាក៏ដោយ ក៏មិនអាចកែប្រែការពិតនេះ ។ អ្នកផងទាំងពួងប្រឆាំងការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ តែមិនដែលប្រឆាំងការបង្ហូរជាប្រក្រតីនូវទឹកនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ នោះទេ ។ ជប៉ុនជ្រោងទង់ វិទ្យាសាស្ត្រក្លែងក្លាយដើម្បីបំភាន់ភ្នែកមនុស្ស អ៊ីចឹងយើងក៏ធ្វើការវិភាគពីមុំវិទ្យាសាស្រ្តថា តើទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima និងទឹកសំណល់នៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរដំណើរការជាប្រក្រតី មានភាពខុសគ្នាជាឬសគល់ណាខ្លះ ។

បើមើលពីប្រភពដើមអាចឃើញថា ឧប្បតិ្តហេតុនុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ជាឧប្បតិ្តហេតុនុយក្លេអ៊ែរកម្រិតខ្ពស់បំផុត ឧប្បតិ្តហេតុនេះបានកើតមានទឹកកខ្វក់ដែលមានសារធាតុវិទ្យុសកម្មយ៉ាងច្រើនដែលបណ្តាលមកពីការបំបែកនុយក្លេអ៊ែរ ។ រីឯទឹកសំណល់នៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរនៅតំបន់នានាទូទាំងពិភពលោក ជាទឹកសំណល់ដែលបង្ហូរជាប្រក្រតី ។

ដោយមកពីមានប្រភពដើមខុសគ្នា បានជាប្រភេទសារធាតុវិទ្យុសកម្មក៏ខុសគ្នាដែរ ។ ជប៉ុនបានគូសបញ្ជាក់ជានិច្ចថា សមត្ថភាពចម្រោះសារធាតុtritium របស់ជប៉ុនគឺអាចជឿទុកចិត្តបាន ។ ប៉ុន្តែតាមពិតទៅ ក្នុងទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima មានសារធាតុវិទ្យុសកម្មដែលមានផលប៉ះពាល់ធ្ងន់ធ្ងរជាងសារធាតុtritium ។ តាមដឹង ក្នុងទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima មានសារធាតុវិទ្យុសកម្មចំនួនជាង៦០ប្រភេទ ក្នុងនោះក៏បូករួមទាំងសារធាតុtritium  និងសារធាតុcarbon-១៤ ជាដើមផងដែរ ។

អ្វីដែលកាន់តែធ្វើឱ្យអ្នកផងព្រួយបារម្ភនោះ គឺក្នុងទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima មានសារធាតុវិទ្យុសកម្មច្រើនបែបហ្នឹង តែភាគច្រើនមិនបានទទួលការចាត់ចែងប្រកបដោយប្រសិទ្ធភាពនោះទេ ។ អនុលោមតាមទិន្នន័យដែលជប៉ុនប្រកាសដោយខ្លួនឯងបានឱ្យដឹងថា ទឹកសំណល់នុយក្លេអ៊ែរដែលត្រូវបានចាត់ចែងដោយប្រព័ន្ធប្រព្រឹត្តិកម្មសារធាតុរាវកម្រិតខ្ពស់(ALPS)  មានប្រហែល៧០ភាគរយមិនដល់កម្រិតស្តង់ដារបង្ហូរទឹកនោះទេ ត្រូវចម្រោះម្តងទៀត ។ រីឯរបាយការណ៍វាយតម្លៃដែលអង្គការថាមពលបរមាណូអន្តរជាតិចេញផ្សាយនាពេលថ្មីៗកន្លងទៅនេះក៏បានទទួលស្គាល់ថា ប្រព័ន្ធALPSនេះ “មិនអាចលុបបំបាត់ចោលសារធាតុវិទ្យុសកម្មទាំងអស់ក្នុងទឹកសំណល់នុយក្លេអ៊ែរនោះទេ ” ។ ជាងនេះទៅទៀត កាលបរិចេ្ឆទរបស់ជប៉ុនសម្រាប់បង្ហូរទឹកសំណល់ទៅក្នុងសមុទ្រ គឺ៣០ឆ្នាំឬមួយក៏កាន់តែយូរ វានឹងបណ្តាលឱ្យកើតមានគ្រោះមហន្តរាយដែលមិនអាចបកក្រោយវិញបានចំពោះបរិស្ថាន ។

ប្រការទាំងនេះអាចបង្ហាញឱ្យឃើញថា មិនថាជប៉ុនជ្រោងទង់យ៉ាងណា និងប្រឌិតពាក្យសំដីយ៉ាងណាក៏ដោយ ក៏សុទ្ធតែមិនអាចប្រែទឹកសំណល់នុយក្លេអ៊ែរទៅជាទឹកធម្មតាឡើយ ហើយក៏មិនអាចច្រានចោលទំនួលខុសត្រូវដែលទម្លាក់ហានិភ័យរីកសាយភាយនុយក្លេអ៊ែរទៅកាន់មនុស្សជាតិទាំងមូលនោះដែរ ។

ដើម្បីកាត់បន្ថយថវិកាចំណាយ ជប៉ុនបានចាត់ទុកមហាសមុទ្រប៉ាស៊ីហ្វិកជាលូទឹកកខ្វក់ ដែលបានជំពាក់ “បំណុលគុណធម៌”និង “បំណុលសតិសម្បជញ្ញៈ” យ៉ាងធ្ងន់ធ្ងរ ។ អ្វីដែលជប៉ុនគួរធ្វើនាពេលបច្ចុប្បន្ននេះ មិនមែនជ្រោងទង់ វិទ្យាសាស្ត្រក្លែងក្លាយដើម្បីបំភាន់ភ្នែកមនុស្សទេ តែគឺត្រូវគោរពវិទ្យាសាស្ត្រ គោរពការពិតជាក់ស្តែង អនុវត្តកាតព្វកិច្ចអន្តរជាតិយ៉ាងហ្មត់ចត់ និងចាត់ចែងទឹកសំណល់នុយក្លេអ៊ែរប្រកបដោយវិទ្យាសាស្ត្រ សុវត្ថិភាព និងតម្លាភាព ។ បើសិនជាជប៉ុនទទូចជំរុញផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ នោះជប៉ុនពិតជានឹងត្រូវផ្សារភ្ជាប់ជាមួយភាពអាម៉ាសនៃប្រវត្តិសាស្រ្តជាមិនខាន !



 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស