ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សំបុទ្រឆ្លើយតបរបស់លោកXi Jinping ប្រធានរដ្ឋចិនធ្វើឱ្យពិភពលោកយល់ច្បាស់ពីទំនួលខុសត្រូវរបស់ប្រទេសចិនតាមរយៈកិច្ចការសវនកម្ម
2023-07-06 19:19:19cri
Share with:

      នៅពេលដឹងថា លោក Xi Jinping ប្រធានរដ្ឋចិនបានតបសំបុត្រមកកាន់ខ្ញុំវិញ  ខ្ញុំមានអារម្មណ៍រំភើបចិត្ត និងសប្បាយរីករាយណាស់ ។ ក្រោយពីត្រឡប់ទៅមាតុភូមិវិញ ខ្ញុំនឹងប្រើប្រាស់ចំណេះដឹងសវនកម្មដែលរៀនបាននៅប្រទេសចិន ដើម្បីបម្រើដល់កិច្ចកសាងប្រទេសជាតិខ្លួនឯង។  ថ្ងៃទី៥ខែកក្កដា  និស្សិតស្រី Tawona ដែលមកពីប្រទេសម៉ាឡាវីរៀនថ្នាក់អន្តរជាតិអនុបណ្ឌិតមុខវិជ្ជាសវនកម្មនៅសាកលវិទ្យាល័យសវនកម្មទីក្រុងNanJing ប្រទេសចិនបានប្រាប់ទៅកាន់អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដូចខាងលើនេះ ។

     នៅថ្ងៃទី៤ខែកក្កដា   លោក XiJinping ប្រធានរដ្ឋចិនបានផ្ញើសំបុត្រឆ្លើយតបទៅកាន់និស្សិតបន្តការសិក្សានៅថ្នាក់អន្តរជាតិនេះ ក្នុងន័យលើកទឹកចិត្តចំពោះពួកគេឱ្យបង្កើនការផ្លាស់ប្តូរ  រៀនសូត្រនិងចែករំលែកបទពិសោធន៍ទៅវិញទៅមកជាមួយអ្នកប្រកបការងារដូចគ្នារបស់ប្រទេសចិន  ហើយឈ្វេងយល់ពីប្រទេសចិន យល់ច្បាស់ពីប្រទេសចិនតាមរយៈកិច្ចការសវនកម្ម និងរួមចំណែកយ៉ាងសកម្មក្នុងការធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពនិងកិច្ចសហប្រតិបត្តិការអន្តរប្រទេស ។ សំបុត្រឆ្លើយតបនេះ បានធ្វើឱ្យនិស្សិតចំនួន៣៧រូបនៃថ្នាក់រៀនរបស់អ្នកនាង Tawona រំភើបចិត្តខ្លាំងណាស់ ។

      សូមបញ្ជាក់ថា ថ្នាក់អន្តរជាតិអនុបណ្ឌិតមុខវិជ្ជាសវនកម្មនៃសាកលវិទ្យាល័យសវនកម្មទីក្រុង NanJing ប្រទេសចិន គឺបង្កើតឡើងនៅឆ្នាំ២០១៦  បានបណ្តុះបណ្តាលធនធានមនុស្សឯកទេសចំនួន២៨០នាក់ឱ្យស្ថាប័នសវនកម្មរបស់បណ្តាប្រទេសតាមបណ្តោយខ្សែក្រវាត់និងផ្លូវចំនួន៧៦។  ក្នុងចំណោមនោះ   មាននិស្សិត២០០នាក់បានបញ្ចប់ការសិក្សាដោយរលូន  ហើយត្រឡប់ទៅកាន់ប្រទេសខ្លួនវិញនិងបម្រើនៅមុខងារសវនកម្ម ។

     និយាយចំពោះនិស្សិតបន្តការសិក្សាទាំងឡាយ  ក្នុងអំឡុងពេលរៀនសូត្រនៅប្រទេសចិន ពួកគេមិនគ្រាន់តែបានរៀនចំណេះដឹងឯកទេសខាងសវនកម្មប៉ុណ្ណោះទេ  ថែមទាំងក៏បានចាប់អារម្មណ៍ដល់ប្រព័ន្ធអភិបាលកិច្ចនិងទំនើបនីយកម្មនៃសមត្ថភាពអភិបាលកិច្ចរបស់ប្រទេសចិនតាមរយៈដំណើរចុះកម្មសិក្សាជាក់ស្តែងទៀតផង ។ ក្នុងដំណើរនេះ  ពួកគេបានកាន់តែយល់ដឹងពីវប្បធម៌និងសភាពការណ៍ជាក់ស្តែងរបស់ប្រទេសចិន កាន់តែយល់ដឹងពីសង្គមនិយមប្រកបដោយលក្ខណៈពិសេសនៃប្រទេសចិន និងបក្សកុម្មុយនីស្តចិន ហើយបានក្លាយទៅជាបេសកជននៃការផ្លាស់ប្តូរដោយមេត្រីភាពរវាងប្រទេសនានា។

      នៅប្រទេសចិន កិច្ចការសវនកម្មគឺជាផ្នែកដ៏សំខាន់នៃបក្សកាន់អំណាចនិងប្រព័ន្ធត្រួតពិនិត្យជាតិរបស់ប្រទេសចិន ។ តាមទិន្នន័យបង្ហាញឱ្យឃើញថា  ក្នុងរយៈពេល៥ឆ្នាំបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៩  ប្រទេសចិនបានធ្វើសវនកម្មចំពោះអង្គភាពចំនួនជាង៤៤ម៉ឺន  ដែលបានបង្កើនការចំណូលនិងកាត់បន្ថយការចំណាយ ក៏ដូចជាបានស្តារការខូចខាត សរុបជាង២ ទ្រីលានយាន់ប្រាក់ចិន ។

      តាមរយៈការរៀនសូត្រ   និស្សិតបរទេសបានយល់ដឹងពីរបបសវនកម្មនៃប្រទេសចិនកាន់តែស៊ីជម្រៅ ហើយមានចំណាប់អារម្មណ៍ចំពោះការបេ្តជ្ញាចិត្តយ៉ាងមុតមាំរបស់បក្សកុម្មុយនីស្តចិនក្នុងការប្រឆាំងអំពើពុករលួយ និស្សិតទាំងឡាយបានសំដែងការកោតសរសើរចំពោះសមិទ្ធផលរបស់ប្រទេសចិនក្នុងកិច្ចការសវនកម្មដែលទទួលបានក្នុងអភិបាលកិច្ច ។ បន្ទាប់ពីត្រឡប់ទៅកាន់ប្រទេសខ្លួនវិញ  ពួកគេនឹងក្លាយទៅជាកម្មាភិបាលជំនាញដ៏ឆ្នើម   ឬកម្មាភិបាលគ្រប់គ្រងក្នុងមុខងារសវនកម្មរបស់ប្រទេសខ្លួន  ព្រមនិងនាំយកនូវតម្រិះប្រាជ្ញាចិននិងគម្រោងចិនសម្រាប់អភិវឌ្ឍវិស័យសវនកម្មរបស់ប្រទេសខ្លួនផងដែរ ។

ឆ្នាំនេះគឺជាខួបលើកទី១០នៃការលើកឡើងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។ ការបណ្តុះបណ្តាលថ្នាក់អនុបណ្ឌិតសវនកម្មឱ្យបណ្តាប្រទេសនានាលើពិភពលោក ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍ ជាសមិទ្ធផលមួយនៃគំនិតផ្តួចផ្តើមនេះ ។

គម្លាតឆ្លងកាត់គីរីជលសារ មហាសាគរ  ការសម្រេចបាននូវសន្តិភាពជាយូរអង្វែង  ការជំរុញការអភិវឌ្ឍរួម និងការបង្កើនកិច្ចសន្ទនាអរិយធម៌  ប្រការទាំងនេះគឺជាកិច្ចការដែលប្រទេសចិនកំពុងខិតខំធ្វើ ។ ពិភពលោកក៏អាចយល់ច្បាស់ពីទំនួលខុសត្រូវរបស់ប្រទេសចិនតារយៈកិច្ចការទាំងនោះផងដែរ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស