កាលពីថ្ងៃទី៤ខែកក្កដា ស្របនឹងពេលដែលប្រទេសអ៊ីរ៉ង់ចូលជាសមាជិកជាផ្លូវការនៃ អង្គការសហប្រតិបត្តិការសៀងហៃ រដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃបានឡើងដល់៩ប្រទេស ។ អង្គការដែលផ្តោតលើសន្តិសុខ ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការនេះ កំពុងនាំមកនូវថាមពលវិជ្ជមានដល់សន្តិភាពនិងស្ថិរភាពនៃតំបន់អឺរ៉ាស៊ីនិងពិភពលោកឥតឈប់ឈរ ។
ថ្ងៃដដែល លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៣នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃតាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ ។ សំដៅចំពោះការអភិវឌ្ឍនៅពេលអនាគតនៃអង្គការសហប្រតិបត្តិការសៀងហៃ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងសំណើ៥ចំណុច ដែលបូករួមទាំងគំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល ។ សំណើទាំងនេះបានធ្វើឱ្យស៊ីជម្រៅនូវគំនិតផ្តួចផ្តើមនិងសំណើដែលភាគីចិនបានលើកឡើងក្នុងកិច្ចប្រជុំកំពូល Samarkand នៃអង្គការសហប្រតិបត្តិការសៀងហៃកាលពីឆ្នាំ២០២២ ដើម្បីចង្អុលបង្ហាញផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់អំពីការអភិវឌ្ឍជានិរន្តរភាពនៃអង្គការសហប្រតិបត្តិការសៀងហៃ ។
ក្នុងរយៈពេលជាង២០ឆ្នាំបន្ទាប់ពីបានបង្កើតឡើងមក ក្រោមការណែនាំនៃ "ស្មារតីសៀងហៃ"អង្គការសហប្រតិបត្តិការសៀងហៃបានប្រមូលផ្តុំប្រទេសដែលមកពីតំបន់ខុសគ្នា មានប្រពៃណីអរិយធម៌ខុសគ្នានិងរូបមន្តអភិវឌ្ឍន៍ខុសគ្នា ដើម្បីដើរតាមផ្លូវអភិវឌ្ឍន៍នៃអង្គការអន្តរជាតិបែបថ្មីដែលបង្កើតទំនាក់ទំនងភាពដៃគូតែមិនចូលបក្សសម្ព័ន្ធ និងធ្វើកិច្ចសន្ទនាគ្នាតែមិនបដិបក្ខគ្នា ។ ក្នុងនាមជាប្រទេសស្ថាបនិក ជានិច្ចកាល ភាគីចិនតែងតែរួមចំណែកជាកម្លាំងកាយចិត្តរបស់ខ្លួនក្នុងការណែនាំនិងជំរុញការអភិវឌ្ឍនៃអង្គការសហប្រតិបត្តិការសៀងហៃ ។
"ក្តាប់ជាប់ទិសដៅដ៏ត្រឹមត្រូវ បង្កើនសាមគ្គីភាពនិងទំនុកចិត្តគ្នា" "គាំពារសន្តិភាពក្នុងតំបន់ ធានាសន្តិសុខរួម" "ផ្តោតលើកិច្ចសហប្រតិបត្តិការដ៏ប្រាកដប្រជា ពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ" "បង្កើនការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា ជំរុញការតភ្ជាប់ដួងចិត្តប្រជាជន" និង"អនុវត្តពហុភាគីនិយម ធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកល" សំដៅចំពោះស្ថានការណ៍ថ្មីនិងបញ្ហាប្រឈមថ្មីដែលរដ្ឋសមាជិកនានានៃអង្គការសហប្រតិបត្តិការសៀងហៃបានប្រឈមមុខ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងសំណើ៥ចំណុចក្នុងកិច្ចប្រជុំកំពូលលើកនេះ ដើម្បីពិពណ៌នាអំពីអនាគតថ្មីនៃការធ្វើកិច្ចសហប្រតិបត្តិការដោយសាមគ្គីគ្នានិងអភិវឌ្ឍន៍ជាមួយគ្នានៃអង្គការសហប្រតិបត្តិការសៀងហៃ ។
កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃលើកនេះបានទទួលអ៊ីរ៉ង់ជារដ្ឋសមាជិកជាផ្លូវការ ភាគីនានាបានចុះហត្ថលេខាលើអនុស្សរណៈស្តីពីកាតព្វកិច្ចរបស់បេឡារុសដែលចូលជាសមាជិកអង្គការនេះ ។ "ក្រុមមិត្តភក្តិ"នៃអង្គការសហប្រតិបត្តិការសៀងហៃបានពង្រីកដែលនឹងជំរុញឱ្យអភិបាលកិច្ចសកលរីកចម្រើនទៅកាន់ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល ។
ឆ្នាំនេះជាខួបទី១០ដែលភាគីចិនលើកឡើងគំនិតផ្តួចផ្តើមស្តីពី "ខ្សែក្រវាត់និងផ្លូវ" ។ គំនិតផ្តួចផ្តើមនេះគឺត្រូវបានលើកឡើងនៅតំបន់អង្គការសហប្រតិបត្តិការសៀងហៃមុនគេបង្អស់ ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក គម្រោងជានិមិត្តសញ្ញាមួយចំនួនសម្រាប់ការតភ្ជាប់គ្នាបានជំរុញការអភិវឌ្ឍនិងងើបឡើងវិញនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃជាច្រើន ។ ក្នុង《សេចក្តីប្រកាសញូវដេលី》ដែលអនុម័តក្នុងកិច្ចប្រជុំកំពូលលើកនេះ រដ្ឋសមាជិកភាគច្រើនបានរំលឹកឡើងវិញនូវការគាំទ្រគំនិតផ្តួចផ្តើមស្តីពី "ខ្សែក្រវាត់និងផ្លូវ" ដែលលើកឡើងដោយភាគីចិន ។
ស្មារតីស្តីពីសមភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការនិងបរិយាប័ន្នដែលអង្គការសហប្រតិបត្តិការសៀងហៃបានផ្តួចផ្តើមជាប់រហូតមកនោះ ជាវត្ថុកម្រមានដែលយុគសម័យនេះត្រូវការជាបន្ទាន់ ។ អង្គការសហប្រតិបត្តិការសៀងហៃដែលកំពុងទទួលការអភិវឌ្ឍជាបន្តបន្ទាប់នឹងបំពេញបន្ថែមកម្លាំងចលករកាន់តែច្រើនក្នុងការគាំពារសន្តិភាពនិងវិបុលភាពនៃតំបន់អឺរ៉ាស៊ីនិងពិភពលោក ៕