ថ្ងៃទី១ ខែកក្កដា ឆ្នាំនេះ ជាខួបទី១០២នៃការបង្កើតបក្សកុម្មុយនីស្តចិន ទិវានេះមានសារសំខាន់ណាស់ចំពោះបក្សកុម្មុយនីស្តចិននិងប្រជាជនចិន ។ សមាជិកបក្សនិងមហាជននៃតំបន់នានាប្រទេសចិនបានរៀបចំធ្វើសកម្មភាពអបអរសាទរដ៏សម្បូរបែប ដើម្បីបង្ហាញពីក្តីស្រឡាញ់យ៉ាងខ្លាំងរបស់ប្រជាជនចំពោះបក្សកុម្មុយនីស្តចិន ។
ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ប្រទេសចិនបានប្រែពីប្រទេសក្រីក្របំផុតក្លាយទៅជាប្រទេសដែលមានភាពរីកចម្រើននិងភាពរុងរឿងថ្កុំថ្កើង ។ ឆ្លងតាមរយៈការតស៊ូព្យាយាមអស់រយៈពេល១រយឆ្នាំ ជានិច្ចកាល បក្សកុម្មុយនីស្តចិនតែងតែចាត់ទុកការស្វែងរកសុភមង្គលជូនចំពោះប្រជាជន ជាក្តីបំណងដើមនិងបេសកកម្មរបស់ខ្លួន ហើយទទួលបានសមិទ្ធផលដ៏ធំធេង ដែលបានបង្ហាញទៅកាន់ពិភពលោកថា ប្រជាជនចិនបានជ្រើសរើសផ្លូវអភីវឌ្ឍន៍ដែលសក្តិសមនឹងខ្លួនឯងបំផុត ប្រជាជនចិនគ្រប់រូបសុទ្ធតែទទួលបានផលប្រយោជន៍ ហើយពោពេញទៅដោយក្តីសង្ឃឹមចំពោះអនាគត ។
បច្ចុប្បន្ននេះ ពិភពលោកបានឈានចូលដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់ រីឯរបបសង្គមនិយម និងប្រព័ន្ធអភិបាលកិច្ចជាំតិដែលប្រកបដោយលក្ខណៈពិសេសចិន បានបង្ហាញឱ្យឃើញនូវកម្លាំងរស់រវើកកាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានផ្តល់ជម្រើសថ្មីមួយដល់ប្រទេសនិងជនជាតិនៅលើពិភពលោកដែលសង្ឃឹមចង់ទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័សផង និងចង់រក្សាភាពឯករាជ្យម្ចាស់ការផងដែរ ។ “អភិបាលកិច្ចរបស់ចិន” បានក្លាយជាប្រធានបទដែលញ៉ាំងឱ្យមតិសាធារណៈអន្តរជាតិផ្តោតការយកមកពិភាក្សាកាន់តែច្រើនឡើងៗ ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានបក្សប្រជាជនកម្ពុជាធ្លាប់ថ្លែងថា បក្សកុម្មុយនីស្តចិនបានសាមគ្គីនិងដឹកនាំប្រជាជនចិនលុបបំបាត់ចោលភាពក្រីក្រដាច់ខាត សម្រេចបាននូវគោលដៅតស៊ូមួយរយឆ្នាំទីមួយនៃការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ និងទទួលបានសមិទ្ធផលដ៏មហិមា គួរឱ្យកោតសរសើរណាស់ នេះជាលទ្ធផលនៃការដឹកនាំដ៏ឈា្លសវៃរបស់បក្សកុម្មុយនីស្ដចិន ។
បច្ចុប្បន្ននេះ សង្គមមនុស្សជាតិបាននិងកំពុងឈរនៅផ្លូវកែង ដែលបានប្រឈមមុខនឹងការសាកល្បងមិនធ្លាប់មានកាលពីមុន ។ ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃសហគមន៍អន្តរជាតិរំពឹងថា គំនិតនិងបទពិសោធន៍ក្នុងអភិបាលកិច្ចរបស់បក្សកុម្មុយនីស្តចិនអាចរួមចំណែកពុទ្ធិនិងកម្លាំងចិត្តកាន់តែច្រើនដល់ការរក្សាសន្តិភាព វឌ្ឍនភាព និងការរីកចម្រើនខាងអរិយធម៌មនុស្សជាតិ ក៏ដូចជាផ្តល់បទពិសោធន៍មានតម្លៃកាន់តែច្រើនដល់ពិភពលោកផងដែរ ។
ទាក់ទិងនឹងការនេះ លោក ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានថ្លែងថា គំនិតអភិវឌ្ឍន៍របស់បក្សកុម្មុយនីស្តចិនមិនត្រឹមតែអាចកសាងអនាគតរបស់ចិនប៉ុណ្ណោះទេ ថែមទាំងក៏អាចជំរុញការអភិវឌ្ឍរួមរបស់បណ្តាប្រទេសនានាលើពិភពលោកផងដែរ ។ ចាប់ពីគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” និងទស្សនៈស្តីពីការបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ដល់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ប្រទេសចិនបានផ្តល់ផែនការអភិវឌ្ឍន៍យ៉ាងច្បាស់លាស់ដល់ការអភិវឌ្ឍសកល ដែលបានជះឥទ្ធិពលយ៉ាងស៊ីជម្រៅនិងវែងឆ្ងាយចំពោះអាស៊ី រហូតដល់ពិភពលោកទាំងមូលផងដែរ ។
ប្រឈមនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ន ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនបានរក្សានិន្នាការល្អជាទូទៅ ការនេះក៏បានផ្តល់ជំនឿចិត្តដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ។ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អ្នកនាំមុខថ្មីលើកទី១៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលទើបបានបញ្ចប់ លោក Klaus Schwab ស្ថាបនិកនិងជាប្រធានប្រតិបតិ្តរបស់វេទិកាសេដ្ឋកិច្ចពិភពលោកបានថ្លែងថា គោលដៅកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំរបស់ចិនចំនួន៥ភាគរយ គួរឱ្យលើកទឹកចិត្តណាស់ វេទិកាដាវ៉ូសនិងអង្គប្រជុំរំពឹងទុកក្រែងលៃងថា អាចយល់ដឹងពីយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលយូរ ផែនការឆ្លើយតបនិងការប្រឈម គោលនយោបាយបើកទូលាយរបស់ប្រទេសចិន ក៏ដូចជាកាលានុវត្តភាពដែលប្រទេសចិននឹងនាំមកដល់សហគ្រាសសកលលោកផងដែរ ។
នៅលើពិភពលោក គ្មានរូបមន្តអភិវឌ្ឍន៍ណាមួយដែលមានភាពត្រឹមត្រូវនៅទូទាំងពិភពលោកនោះទេ គណបក្សនីមួយៗសុទ្ធតែមានការស្វែងរករបស់ខ្លួន រីឯការស្វែងរករបស់បក្សកុម្មុយនីសចិន គឺស្វែងរកផលប្រយោជន៍ដល់ប្រជាជនរបស់ចិន ។ ក្រោមការដឹកនាំរបស់ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ដែលសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានគ្រោងទុក ប្រទេសចិននឹងជំរុញឥតឈប់ឈរនូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការធ្វើទនើបកម្មតាមបែបផែនចិន ព្រមនិងផ្តល់កម្លាំងចលករយ៉ាងខ្លាំងក្លាដល់ការងើបឡើងវិញនូវសេដ្ឋកិច្ចសកល និងការកសាងសេដ្ឋកិច្ចសកលប្រកបដោយភាពបើកទូលាយ ដើម្បីរួមចំណែកពុទ្ធិចិនដល់ការដោះស្រាយបញ្ហាប្រឈមជាសកល ក៏ដូចជាផ្តល់ផែនការចិនដល់មនុស្សជាតិ ដើម្បីកសាងសង្គមឱ្យកាន់តែល្អប្រសើរផងដែរ ៕