វេទិកាដាវ៉ូសរដូវក្តៅលើកទី១៤ដែលកំពុងធ្វើឡើងនៅក្រុង Tianjin បានទាក់ទាញឥស្សរជនមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្មនិងបញ្ញវន្តជាង១៥០០នាក់ដែលមកពីប្រទេសនិងតំបន់ជិត១០០ចូលរួម ។ ក្នុងដំណើរផ្លាស់ប្តូរមតិយោបល់ ភ្ញៀវកិត្តិយសដែលចូលរួមវេទិកាជាច្រើនរូបបានប្រើពាក្យ “ខ្សោយ” មកពិពណ៌នាពីសភាពការណ៍សេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន ។ វេទិកាលើកនេះបានធ្វើឡើងក្រោមប្រធានបទ “ស្មារតីសហគ្រិន៖កម្លាំងចលករនៃសេដ្ឋកិច្ចពិភពលោក” ហើយបានចាត់ទុក “ការស្តារកំណើនឡើងវិញ”ជាប្រធានបទស្នូលមួយ ដែលមានលក្ខណៈចំគោលដៅប្រាកដប្រជាយ៉ាងខ្លាំង ពោលគឺបង្ហាញពីគោលបំណងដ៏ខ្លាំងក្លារបស់អ្នកផងទាំងពួង ។
បើចង់ទទួលបានកំណើននោះ ក៏ត្រូវមានកម្លាំងចលករ ។ តើកម្លាំងចលករបែបនេះបានមកពីណា?ជាធម្មតាក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក និងមានទំហំពាណិជ្ជកម្មទំនិញសរុបជាប់ចំណាត់ថ្នាក់ទីមួយលើពិភពលោកក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា ប្រទេសចិនបានក្លាយជាចំណុចក្តៅដែលអ្នកផងទាំងពួងយកចិត្តទុកដាក់យ៉ាងខ្លាំង ។ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ អត្រាកំណើននៃសេដ្ឋកិច្ចចិនគិតជាមធ្យមក្នុងមួយឆ្នាំបានកើនឡើង៦,២ភាគរយ អត្រារួមចំណែកដល់កំណើនសេដ្ឋកិច្ចពិភពលោកគិតជាមធ្យមបានលើសពី៣០ភាគរយ ដែលបានក្លាយជាក្បាលម៉ាស៊ីនដ៏ធំបំផុតក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ។ លោក Borge Brende អគ្គនាយកនៃវេទិកាសេដ្ឋកិច្ចពិភពលោកបានថ្លែងនៅពេលផ្តល់សម្ភាសន៍ថា ល្បឿនកំណើននៃសេដ្ឋកិច្ចរបស់ចិនខ្ពស់ជាងពិភពលោកទាំងមូល ហើយអត្រារួមចំណែកនៃសេដ្ឋកិច្ចចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំនេះប្រហែលនឹងឡើងដល់៣៦ភាគរយ ។
“តើទីផ្សារបែបនេះ ម្ដេចនឹងអាចខកខានបានទៅ?”ភ្ញៀវកិត្តិយសជាច្រើនរូបដែលចូលរួមវេទិកាលើកនេះបានសម្គាល់ថា កំណើនសេដ្ឋកិច្ចរបស់ចិនមានកម្លាំងចលករពីផ្ទៃក្នុងយ៉ាងខ្លាំងក្លា ។ តំណាងទាំងឡាយក៏បានបង្ហាញពីភាពសុទិដ្ឋិនិយមចំពោះទីផ្សារប្រើប្រាស់ សមត្ថភាពលំនឹងកំណើននិងបង្ការអតិផរណា ក៏ដូចជាកម្រិតច្នៃប្រឌិតថ្មីរបស់ចិនផងដែរ ។
បើនិយាយចំពោះសហគ្រាសទូទាំងពិភពលោក ប្រទេសចិនមិនគ្រាន់តែជា “រឿងរ៉ាវកំណើនដ៏ល្អ”ប៉ុណ្ណោះទេ ថែមទាំងក៏ជាឱកាសឈ្នះ-ឈ្នះផងដែរ ។ ពិតមែនតែនាពេលបច្ចុប្បន្ននេះ ប្រទេសប៉ែកខាងលិចមានសំឡេងមួយចំនួនញុះញង់ឱ្យ “ផ្តាច់ទំនាក់ទំនង”ជាមួយប្រទេសចិន និង“លុបបំបាត់ហានិភ័យ” ក៏ដោយ ក៏ប៉ុន្តែការសម្តែងអាកប្បកិរិយារបស់តំណាងសហគ្រាសដែលចូលរួមវេទិកាលើកនេះបានបង្ហាញថា ប្រសិនបើធ្វើអ៊ីចឹងគឺស្មើនឹង “ច្រានចោលកិច្ចសហប្រតិបត្តិការ” និង“ច្រានចោលឱកាស” ដែលបានល្មើសនឹងក្រឹត្យក្រមសេដ្ឋកិច្ច ដូច្នេះប្រការនេះគឺមិនអាចទទួលយកបានទេ ។ ក្នុងពេលបច្ចុប្បន្ននេះដែលមានការធ្វើសកលភាវូបនីយកម្មកម្រិតខ្ពស់ ការមិនអភិវឌ្ឍន៍និងមិនធ្វើកិច្ចសហប្រតិបត្តិការទើបជាហានិភ័យដ៏ពិតប្រាកដ ។ វេទិកាសេដ្ឋកិច្ចពិភពលោកបានព្យាករណ៍ថា ប្រសិនបើពិភពលោកធ្លាក់ចូលក្នុង “ការផ្តាច់ទំនាក់ទំនង” នោះនឹងខាតបង់ផលិតផលក្នុងស្រុកសរុបសកលចំនួនពី៧ភាគរយដល់៩ភាគរយ ។
បច្ចុប្បន្ននេះ ចិនបាននិងកំពុងពង្រីកការបើកទូលាយចំពោះអន្តរជាតិឥតឈប់ឈរ ដើម្បីនាំឱ្យទូទាំងពិភពលោកចែករំលែកផលប្រយោជន៍ជាមួយចិន ។ ទន្ទឹមនឹងពេលដែលចិនបន្ធូរបន្ថយការអនុញ្ញាតឱ្យចូលទីផ្សារ ពង្រីកការបើកទូលាយបែបប្រព័ន្ធរបបនិងបង្កើនកម្លាំងការពារកម្មសិទ្ធិបញ្ញាក្នុងវិស័យឧស្សាហកម្មសេវាកម្មទំនើបថែមមួយកម្រិតទៀត ការអភិវឌ្ឍរបស់សហគ្រាសគ្រប់ប្រភេទនឹងទទួលបានការគាំទ្រកាន់តែធំ ។
បើនិយាយចំពោះសហគ្រាសទូទាំងពិភពលោក វេទិកាដាវ៉ូសរដូវក្តៅលើកទី១៤មិនត្រឹមតែជាដំណើរដែលពោរពេញទៅដោយជំនឿចិត្តមួយលើកប៉ុណ្ណោះទេ ថែមទាំងក៏ជាដំណើរប្រកបដោយគំនិតឯកភាពរួមនិងប្រតិបត្តិការមួយលើកផងដែរ ។ ស្របនឹងពេលដែលប្រទេសចិនជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ទូទាំងពិភពលោកនឹងចែករំលែកឱកាសសហប្រតិបត្តិការកាន់តែច្រើន ។ ដូចប្រសាសន៍របស់លោក Borge Brende ដែលបានលើកឡើងថា “រឿងរ៉ាវនៅកំពុងបន្តទៅទៀត ។”