នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីរដ្ឋបាលមួយរូបនៃប្រទេសប៉ាពួញូហ្គីណេបានទៅចូលរួមកិច្ចប្រជុំនៅខេត្តហ្វូជៀន ប្រទេសចិន លោកបានយល់ដឹងពីរឿងវ៉ាវអំពី"ការប្រែស្មៅទៅជាទ្រព្យ" នេះហៅថា ស្មៅ JunCao ។ លោកបានលើកឡើងថា លោកគ្រោងនឹងជំរុញការអភិវឌ្ឍឧស្សាហកម្មអំពីស្មៅ Juncao នៅប្រទេសប៉ាពួញូហ្គីណេថែមមួយកម្រិតទៀត ។
សូមបញ្ជាក់ថា មិនត្រឹមតែនៅប្រទេសប៉ាពួញូហ្គីណេប៉ុណ្ណោះទេ ។ នាពេលបច្ចុប្បន្ននេះ បច្ចេកទេសដាំស្មៅ Juncao របស់ប្រទេសចិនត្រូវបានផ្សព្វផ្សាយទៅដល់ប្រទេសនិងតំបន់ចំនួន ១០៦ នៅទូទាំងពិភពលោកដែលបានផ្តល់កម្លាំងចលករជាក់ស្តែងសម្រាប់ការអនុវត្តនូវរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ។ ដោយឡែកប្រទេសចិនបានចេញផ្សាយ《របាយការណ៍ស្តីពីដំណើរការនៃការអុនវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល》កាលពីថ្ងៃទី ២០ ខែមិថុនា ហើយគម្រោងកាត់បន្ថយភាពក្រីក្រនេះត្រូវបានបញ្ចូលទៅក្នុងរបាយការណ៍នេះដែលបានក្លាយជាគំរូដ៏រស់រវើកនៃការជំរុញការអភិវឌ្ឍរួមជាសកលរបស់ចិន ។
ការអភិវឌ្ឍគឺជាមធ្យោបាយគន្លឹះសម្រាប់ដោះស្រាយបញ្ហាទាំងអស់ ។ នាពេលបច្ចុប្បន្ននេះ ពិភពលោកមិនសូវមានសន្តិភាពទេ ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយបានកើនឡើងនិងកំណើនសេដ្ឋកិច្ចមានភាពថមថយចុះ តើការអភិវឌ្ឍសកលនឹងទៅកាន់ទិសណា ? កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនៅពេលអញ្ជើញចូលរួមការជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ដោយផ្តោតលើវិស័យសហប្រតិបត្តិការសំខាន់ៗចំនួន ៨ ហើយទទួលបានការគាំទ្រពីសំណាក់ប្រទេសចំនួនជាង ១០០ និងអង្គការអន្តរជាតិជាច្រើន ។ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំសន្ទនាថ្នាក់ខ្ពស់ស្តីពីការអភិវឌ្ឍជាសកលដោយបានលើកឡើងនូវវិធានការសហប្រតិបត្តិការជាក់ស្តែងចំនួន ៣២ របស់ប្រទេសចិនសម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលបានបង្អុលបង្ហាញទិសដៅសម្រាប់ជំរុញដំណើការនៃគំនិតផ្តួចផ្តើមនេះ ។
សូមយកការកាត់បន្ថយភាពក្រីក្រជាឧទាហរណ៍ ។ ការងានេះជាការងាអាទិភាពក្នុងចំណោមវិស័យសហប្រតិបត្តិការសំខាន់ៗចំនួន ៨ ដែលលើកឡើងដោយប្រទេសចិន ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ឆ្លងតាមរយៈការកសាងប្រព័ន្ធកិច្ចសហប្រតិបត្តិការខាងការកាត់បន្ថយភាពក្រីក្រ ការជំរុញការចែករំលែកនិងការផ្លាស់ប្តូរចំណេះដឹងស្តីពីការកាត់បន្ថយភាពក្រីក្រនិងការអនុវត្តគម្រោងជីវភាពរស់នៅរបស់ប្រជាជនជាដើម ប្រទេសចិនបាននិងកំពុងជួយប្រទេសកំពុងអភិវឌ្ឍន៍បម្រះឱ្យខ្លួនចេញផុតពីភាពក្រីក្រដោយស្មោះស្ម័គ្រ ។
បច្ចុប្បន្ននេះ មនុស្សជាតិបានឈានចូលក្នុងយុគសម័យឌីជីថល ហើយប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនក៏រំពឹងចង់ឆ្លៀតឱកាសប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីជំរុញការអភិវឌ្ឍរបស់ខ្លួនផងដែរ ។ ចាប់តាំងពីបានលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលមក ប្រទេសចិនក៏បានបង្ហោះផ្កាយរណបវិទ្យាសាស្ត្រដំបូងបង្អស់នៅទូទាំងពិភពលោកសម្រាប់បម្រើជាពិសេសនូវរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ដែលបានផ្តល់ការទ្រទ្រង់ខាងទិន្នន័យដល់ការតាមដានត្រួតពិនិត្យនិងវាយតម្លៃចំពោះសភាពការណ៍អនុវត្តជាក់ស្តែងនៃតំបន់នានាទូទាំងពិភពលោក ។
ការអភិវឌ្ឍមិនមែនជាកម្មសិទ្ធិផ្ដាច់មុខទេ តែជាសិទ្ធិនិងផលប្រយោជន៍របស់មនុស្សគ្រប់រូប ។ ហេតុអ្វីបានជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបានទទួលការស្វាគមន៍យ៉ាងទូលំទូលាយ មូលហេតុសំខាន់គឺ វាបានប្រមូលផ្តុំគំនិតឯកភាពរួមរបស់ប្រជាជនដែលចង់អភិវឌ្ឍប្រទេសខ្លួន ក៏ដូចជាជំរុញការផ្តោតការយកចិត្តទុកដាក់ម្តងទៀតចំពោះការអភិវឌ្ឍសកល ។ លោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេសទីម័រខាងកើតជឿជាក់ថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបានឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ក៏ដូចជាមានអំណោយផលដល់ការជួយបណ្តាប្រទេសនានាពង្រីកឧត្តមភាពរបស់ខ្លួននិងប្រមូលផ្តុំកម្លាំងដើម្បីអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ។
ព្រមជាមួយគ្នានេះ ក្នុងនាមជាអ្នកលើកឡើងនៃគំនិតផ្តួចផ្តើមនេះ ប្រទេសចិនតែងតែនិយាយម៉ាត់ណា ម៉ាត់ហ្នឹង ។ ដើម្បីជំរុញការអភិវឌ្ឍរួម ប្រទេសចិនមានគំនិតផ្តួចផ្តើមផង ហើយក៏មានការអនុវត្តជាក់ស្តែងផងដែរ ។ ពីព្រោះប្រទេសចិនដឹងច្បាស់ណាស់ថា "ក្នុងរលកធំនៃវិបតិ្តជាសកល បណ្តាប្រទេសនានាមិនមែនជិះទូកចំនួនជាង ១៩០ ផ្សេងពីគ្នារៀងៗខ្លួននោះទេ តែគឺជិះលើនាវាជោគវាសនាតែមួយហ្នឹងឯង "។ នៅតាមផ្លូវអភិវឌ្ឍន៍ ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីមិនបោះបង់ចោលប្រទេសណាមួយឬអ្នកណាម្នាក់ ៕