ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ទំនាក់ទំនងរវាងចិននិងអាមេរិកអាចវិលត្រឡប់ទៅរកភាពប្រក្រតីវិញឬអត់ គន្លឹះសំខាន់គឺនៅត្រង់ថាតើភាគីអាមេរិកអាចធ្វើតាមពាក្យសន្យារបស់ខ្លួនដែរឬទេ
2023-06-20 17:37:11cri
Share with:

កាលពីថ្ងៃទី១៩ខែមិថុនា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិនអស់រយៈពេលពីរថ្ងៃ ។ ក្នុងអំឡុងពេលនេះ លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយលោក ហើយមន្ត្រីចិនទទួលបន្ទុកកិច្ចការទូតក៏បានជួបសន្ទនានិងជួបពិភាក្សាការងារជាមួយលោកផងដែរ ។ ភាគីទាំងពីរបានឯកភាពគ្នារួមគ្នាអនុវត្តយ៉ាងប្រាកដប្រជានូវគំនិតឯកភាពរួមនៃកិច្ចសន្ទនាកោះបាលីរវាងប្រមុខរដ្ឋចិននិងអាមេរិក ដែលបញ្ចេញសញ្ញាវិជ្ជមានស្តីពីការបញ្ឈប់ការធ្លាក់ចុះនិងស្វែងរកស្ថិរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

អំពីដំណើរទស្សនកិច្ចរបស់លោក Antony Blinken លើកនេះ លោក Joe Biden ប្រធានាធិបតីអាមេរិកបានឆ្លើយតបកាលពីថ្ងៃទី១៩ខែមិថុនាថា យើងកំពុងដើរតាមផ្លូវដ៏ត្រឹមត្រូវ ។ មតិអន្តរជាតិបាននាំគ្នាយកចិត្តទុកដាក់ចំពោះការផ្លាស់ប្តូរយ៉ាងស្មោះត្រង់រវាងភាគីទាំងពីរចិននិងអាមេរិក ដោយសម្គាល់ថា នេះនឹងមានអំណោយផលដល់ការគ្រប់គ្រងការខ្វែងគំនិតនិងទប់ស្កាត់ការប៉ះទង្គិច ។

បើចង់កែលម្អទំនាក់ទំនងរវាងចិននិងអាមេរិក មុនដំបូងគួរតែស្វែងរកនូវមូលហេតុពីឬសគល់ ។ ពេលជួបសន្ទនាជាមួយលោក Antony Blinken  ភាគីចិនបានបង្ហាញពីមតិយោបល់យ៉ាងស្មោះត្រង់ថា ទំនាក់ទំនងរវាងចិននិងអាមេរិកធ្លាក់ចុះដល់កម្រិតទាប មូលហេតុពីឬសគល់គឺដោយមកពីភាគីអាមេរិកប្រកាន់ខ្ជាប់ការយល់ដឹងដ៏ខុសឆ្គងចំពោះប្រទេសចិន បណ្តាលឱ្យមានគោលនយោបាយដ៏ខុសឆ្គងចំពោះប្រទេសចិន ដូច្នេះ "ភាគីអាមេរិកចាំបាច់ត្រូវពិចារណាពីកំហុសរបស់ខ្លួនឱ្យបានស៊ីជម្រៅ" ។ បើចង់ឱ្យទំនាក់ទំនងឈប់ធ្លាក់ចុះនិងវិវឌ្ឍទៅមុខដោយនឹងនរ ភារកិច្ចជាបន្ទាន់គឺត្រូវអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមរវាងប្រមុខរដ្ឋរបស់ប្រទេសទាំងពីរយ៉ាងពិតប្រាកដ ។

កាលពីខែវិចិ្ឆកាឆ្នាំ២០២២ លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយលោក Joe Biden ប្រធានាធិបតីអាមេរិកនៅកោះបាលី ហើយបានឈានដល់គំនិតឯកភាពគ្នាដ៏សំខាន់មួយចំនួន ដែលបានបង្កើតបរិយាកាសសម្រាប់កិច្ចសន្ទនានិងការផ្លាស់ប្តូរថែមមួយកម្រិតទៀតរវាងចិននិងអាមេរិក ។ ប៉ុន្តែបន្ទាប់ពីនេះ ទង្វើមួយចំនួនរបស់ភាគីអាមេរិកបានបញ្ឈប់ដំណើរសន្ទនាគ្នារវាងភាគីទាំងពីរចិននិងអាមេរិក ។ ដូច្នេះភាគីចិនបានគូសបញ្ជាក់ម្តងហើយម្តងទៀតថា រំពឹងទុកភាគីអាមេរិកប្រកាន់ខ្ជាប់នូវអាកប្បកិរិយាប្រកបដោយវិចារណញ្ញាណនិងភាពប្រាកដប្រជា ដើម្បីអនុវត្តជាក់ស្តែងនូវអាកប្បកិរិយាវិជ្ជមានពាក់ព័ន្ធទៅលើសកម្មភាព ។

ក្នុងនាមជាទំនាក់ទំនងទ្វេភាគីមួយគូដ៏សំខាន់បំផុតលើពិភពលោក ទំនាក់ទំនងរវាងចិននិងអាមេរិក វាពាក់ព័ន្ធនឹងអនាគតនិងជោគវាសនារបស់មនុស្សជាតិ ពោលគឺមិនត្រឹមតែត្រូវផ្តោតលើពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំផងដែរ ។ បើចង់សម្រេចបាននូវចំណុចនេះ សំខាន់បំផុតគឺត្រូវអនុវត្តជាក់ស្តែងនូវគោលការណ៍ដែលគោរពគ្នាទៅវិញទៅមក រួមរស់នៅដោយសន្តិសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ។

ក្នុងនោះ បញ្ហាតៃវ៉ាន់ជាគន្លឹះនៃផលប្រយោជន៍ស្នូលរបស់ចិន ហើយក៏ជាបញ្ហាដ៏ធំនិងសំខាន់បំផុតក្នុងទំនាក់ទំនងរវាងចិននិងអាមេរិកផងដែរ ។ ភាគីចិនដាស់តឿនឱ្យភាគីអាមេរិកប្រកាន់ខ្ជាប់យ៉ាងពិតប្រាកដនូវគោលការណ៍ប្រទេសចិនតែមួយដែលត្រូវកំណត់ក្នុងសេចក្តីប្រកាសរួមចំនួនបីរវាងចិននិងអាមេរិក គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិន ការប្រឆាំងយ៉ាងច្បាស់លាស់នូវ ការចង់ឱ្យតៃវ៉ាន់ឯករាជ្យ គឺជាខ្សែបន្ទាត់ក្រហមនៃបញ្ហាផលប្រយោជន៍ស្នូលបំផុត ។

ក្រៅពីនេះ ភាគីចិនទាមទារយ៉ាងច្បាស់លាស់ឱ្យភាគីអាមេរិកបញ្ឈប់ឃោសនាបំប៉ោងពី ការគំរាមកំហែងរបស់ប្រទេសចិន លុបចោលការដាក់ទណ្ឌកម្មខុសច្បាប់ដោយឯកតោភាគីទៅលើប្រទេសចិន និងលះបង់ចោលការទប់ស្កាត់ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិន ។

នៅពេលមុននិងក្រោយការបំពេញទស្សនកិច្ចនៅប្រទេសចិន លោក Antony Blinken បានថ្លែងជាច្រើនលើកថា ប្រទេសទាំងពីរអាមេរិកនិងចិនមានទំនួលខុសត្រូវនិងកាតព្វកិច្ចគ្រប់គ្រងទំនាក់ទំនងទ្វេភាគីឱ្យបានល្អ នេះគឺសមស្របនឹងផលប្រយោជន៍របស់អាមេរិកនិងចិន ក៏ដូចជាពិភពលោកផងដែរ ។ លោកបានបង្ហាញយ៉ាងច្បាស់លាស់ថា ភាគីអាមេរិកនឹងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីវិលត្រឡប់ទៅរករបៀបវារៈដែលកំណត់ដោយកិច្ចជំនួបកោះបាលីរវាងប្រមុខរដ្ឋប្រទេសទាំងពីរ និងគោរពកិច្ចសន្យាស្តីពី បួនចំណុចមិនធ្វើនិងគ្មានបំណងចំនួនមួយដូចដែលលោក Joe Biden ប្រធានាធិបតីអាមេរិកបានសន្យានោះ ។

បើមើលពីអតីតកាល ភាគីអាមេរិកមិនខ្វះការបង្ហាញឥរិយាបថស្តីពីការកែលម្អទំនាក់ទំនងរវាងចិននិងអាមេរិកនោះទេ តែគឺខ្វះសកម្មភាពជាក់ស្តែង ។ សង្ឃឹមថា លើកនេះភាគីអាមេរិកអាចធ្វើតាមកិច្ចសន្យារបស់ខ្លួនយ៉ាងដាច់ខាត បង្ហាញពីរូបភាពជាប្រទេសមហាអំណាចមួយគួរតែមានតាមរយៈភាពស្មោះត្រង់និងសកម្មភាព ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស