ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកមានតែលះបង់ចោលយុទ្ធសាស្ត្រគ្រប់បែបយ៉ាងដែលទប់ស្កាត់ការអភិវឌ្ឍរបស់ចិន ទើបអាចបំបែកសភាពជាប់គាំងនៃទំនាក់ទំនងជាមួយប្រទេសចិនបាន
2023-06-19 09:15:59cri
Share with:

គឺសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើរដ្ឋមន្ត្រីការពារជាតិចិនមុនគេ គឺសហរដ្ឋអាមេរិកបានដាក់កំហិតយ៉ាងខ្លាំងនូវការនាំចេញបច្ចេកវិទ្យាទៅប្រទេសចិន ហើយក៏ជាសហរដ្ឋអាមេរិកដែរដែលបានហូតពន្ធគយចំពោះទំនិញនាំចូលរបស់ចិន ហេតុអ្វីបានជាឥឡូវនេះពួកគេបែរជាភ្ញាក់ផ្អើលចំពោះគោលជំហរដ៏រឹងមាំរបស់ចិនវិញ? ពេលថ្មីៗកន្លងទៅនេះ លោក Gerard Araud អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅសហរដ្ឋអាមេរិកបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គម Twitter ដោយសង្ស័យថា តើសហរដ្ឋអាមេរិកចង់ធ្វើអ្វីចំពោះប្រទេសចិន ។

ពេលមុននេះមិនជាយូរប៉ុន្មាន ក្រសួងការពារជាតិអាមេរិកបានថ្លែងថា ភាគីចិនបានបដិសេធចំពោះសំណើស្តីពីការរៀបចំកិច្ចសន្ទនារវាងរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសទាំងពីរនៅសិង្ហបុរីដែលលើកឡើងដោយភាគីអាមេរិក ។ អំពីការនេះ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងយ៉ាងច្បាស់លាស់តាមបណ្តាញទំនាក់ទំនងសង្គម Twitter ថា សហរដ្ឋអាមេរិកបានត្អូញត្អែរជាប់រហូតថា មិនអាចសន្ទនាគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិចិនទេ តែតាមការពិត រដ្ឋមន្ត្រីការពារជាតិចិននៅតែត្រូវបានដាក់បញ្ជូលក្នុងបញ្ជីឈ្មោះនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដដែល ។ មុនពេលលើកឡើងសំណើស្តីពីការរៀបចំកិច្ចសន្ទនា ភាគីអាមេរិកយ៉ាងហោចណាស់គួរតែលុបចោលការដាក់ទណ្ឌកម្មសិនមែនទេ?ឬក៏តាមការពិត ប្រហែលសហរដ្ឋអាមេរិកមិនខ្វល់ថា ខ្លួនបានល្មើសនឹងការដាក់ទណ្ឌកម្មដែលអនុវត្តដោយខ្លួនឯង?

សមភាពជាបុរេលក្ខខណ្ឌនៃកិច្ចសន្ទនា ។ មួយផ្នែក រដ្ឋាភិបាលអាមេរិកចង់រក្សាការប្រាស្រ័យទាក់ទងជាមួយប្រទេសចិន ប៉ុន្តែមួយផ្នែកទៀត សហរដ្ឋអាមេរិកក៏មិនចង់លះបង់ចោលការទប់ស្កាត់ចំពោះការអភិវឌ្ឍរបស់ប្រទេសចិននោះដែរ ។

ក្នុងកិច្ចប្រជុំកំពូលនៃប្រទេស G៧ ដែលបើកធ្វើនៅក្រុង Hiroshima ប្រទេសជប៉ុននៅពេលថ្មីៗកន្លងទៅនេះ លោក Joe Biden ប្រធានាធិបតីអាមេរិកអះអាងថា នឹងកែលម្អទំនាក់ទំនងរវាងចិននិងអាមេរិក ហើយថ្លែងថា នឹងគិតពិចារណាពីបញ្ហាថា តើនឹងលុបចោលការដាក់ទណ្ឌកម្មទៅលើរដ្ឋមន្ត្រីការពារជាតិចិនឬអត់ ។ ប៉ុន្តែក្នុងពេលដំណាលគ្នាដែលភាគីអាមេរិកអំពាវនាវឱ្យរៀបចំកិច្ចសន្ទនារវាងរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសទាំងពីរ ភាគីអាមេរិកមិនដែលចាត់សកម្មភាពជាក់ស្តែង ដើម្បីលុបចោលការដាក់ទណ្ឌកម្មនោះទេ ។ ប្រសិនបើភាគីអាមេរិកមិនលុបចោលការដាក់ទណ្ឌកម្មទៅលើរដ្ឋមន្ត្រីការពារជាតិរបស់ចិន នោះ គឺគ្មានការគោរពគ្នានិងគ្មានសមភាពទេ ។ ហើយភាគីអាមេរិកបានបង្ករឿងហេតុឥតឈប់ឈរលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលដ៏សំខាន់របស់ចិន អាចឃើញថា អ្វីដែលហៅថា យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសហរដ្ឋអាមេរិកបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ គឺចាត់ទុកប្រទេសចិនជាគូប្រជែងជាប្រព័ន្ធ ។

អំពីកិច្ចសន្ទនារវាងចិននិងអាមេរិក ក្រសួងការពារជាតិចិនបានថ្លែងថា កិច្ចសន្ទនាមិនអាចគ្មានគោលការណ៍នោះទេ ការផ្លាស់ប្តូរមតិយោបល់មិនអាចគ្មានខ្សែបន្ទាត់ក្រហមនោះទេ ។ បច្ចុប្បន្ននេះ ការផ្លាស់ប្តូររវាងកងទ័ពនៃប្រទេសទាំងពីរបានប្រឈមនឹងការលំបាក គឺភាគីអាមេរិកត្រូវទទួលខុសត្រូវទាំងស្រុង ។ មួយផ្នែកភាគីអាមេរិកនិយាយបានតែមាត់ថា ត្រូវបង្កើនការផ្លាស់ប្តូរមតិយោបល់ តែមួយផ្នែកទៀតក៏បង្កឧបសគ្គដោយមិនអើពើបញ្ហាយកចិត្តទុកដាក់របស់ភាគីចិន ពោលគឺបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តគ្នារវាងកងទ័ពប្រទេសទាំងពីរ នេះមិនមែនជាអាកប្បកិរិយាដែលខិតខំប្រឹងប្រែងជំរុញកិច្ចសន្ទនានោះឡើយ ។

កន្លងមក លើបញ្ហាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក៏ដូចជាបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ទង្វើរបស់អាមេរិកក៏គួរឱ្យគេភ្ញាក់ផ្អើលដែរ ។ មួយផ្នែក សហរដ្ឋអាមេរិកប្រើប្រាស់វិធានការហាមឃាត់ការនាំចេញដោយខុសច្បាប់ដើម្បីរក្សាអនុត្តរភាពខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ពោលគឺប៉ុនប៉ងឡោមព័ទ្ធនិងគាបសង្កត់លើប្រទេសចិនតាមរយៈសេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រនិងសេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា តែមួយផ្នែកទៀត ក៏ធ្វើការចោទប្រកាន់ដោយផ្តេសផ្តាសទៅលើប្រទេសចិនផងដែរ ។

កាលពីខែឧសភាឆ្នាំនេះ ផលិតផលដែលក្រុមហ៊ុន Micron របស់អាមេរិកដាក់ឱ្យលក់នៅប្រទេសចិនមិនត្រូវបានអនុម័តក្នុងការត្រួតពិនិត្យផ្នែកសន្តិសុខតាមបណ្តាញអ៊ីនធើណេតទេ ។ ពេលត្រូវបានអ្នកសារព័ត៌មានសួរថា ហេតុអ្វីបានជាសហរដ្ឋអាមេរិកអាចហាមឃាត់ក្រុមហ៊ុនចិនធ្វើសកម្មភាពពាណិជ្ជកម្ម តែបែរជាមិនអនុញ្ញាតឱ្យចិនធ្វើរឿងដូចគ្នាទៅវិញ? លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា បទបញ្ជាហាមឃាត់ចំពោះប្រទេសចិនគឺដោយមកពីការព្រួយបារម្ភចំពោះសន្តិសុខជាតិ ។ ពេលអ្នកសារព័ត៌មានចោទសួរថា អ៊ីចឹងចិនក៏អាចមានការព្រួយបារម្ភចំពោះសន្តិសុខជាតិដែរមែនទេ? លោក Matthew Miller បានថ្លែងថា ជាការពិតណាស់ ពួកគេអាចធ្វើសេចក្តីសម្រេចចិត្តណាមួយតាមបំណងរបស់ខ្លួនឯង ប៉ុន្តែគួរតែដំណើរការក្នុងក្របខ័ណ្ឌត្រួតពិនិត្យនិងគ្រប់គ្រងប្រកបដោយតម្លាភាព ។

លោក Gerard Araud អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅសហរដ្ឋអាមេរិកធ្លាប់និយាយត្រង់ៗថា ទោះបីជាអ្វីដែលខ្លួនចង់ធ្វើបានល្មើសនឹងច្បាប់អន្តរជាតិក៏ដោយ ក៏ជនជាតិអាមេរិកនឹងធ្វើតាមតែទំនើងចិត្តដែរ ពីព្រោះស្តង់ដារនៃក្បួនច្បាប់គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពួកគេ។

មានតែលើមូលដ្ឋានដែលមានសមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកទេ ភាគីទាំងពីរចិននិងអាមេរិកទើបអាចដោះស្រាយបាននូវការវិវាទតាមរយៈការចរចា ។ ប្រសិនបើគ្រាន់តែពឹងផ្អែកទៅលើការដាក់សម្ពាធនិងការដាក់ទណ្ឌកម្មដោយឯកតោភាគីដើម្បីគាបសង្កត់លើប្រទេសចិន នោះ ចិននឹងមិនចុះចាញ់ជាដាច់ខាត!

សហរដ្ឋអាមេរិកមានតែលះបង់ចោលការបង្កបង្កើតយុទ្ធសាស្ត្រទប់ស្កាត់ការអភិវឌ្ឍរបស់ចិនគ្រប់បែបយ៉ាង ទើបអាចបំបែកសភាពជាប់គាំងនៃទំនាក់ទំនងជាមួយប្រទេសចិនបាន៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស