ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ មិត្តយល់ចិត្តមិនគិតឆ្ងាយជិត ទោះបីនៅទីឆ្ងាយក៏ហាក់ដូចជានៅក្បែរគ្នា
2023-06-14 10:55:10cri
Share with:

      “Messiមកហើយ !” ប៉ុន្មានថ្ងៃកន្លងមក ដំណឹងស្តីពីស្តេចបាល់ទាត់ Messi នៃប្រទេសអាហ្សង់ទីនទៅធ្វើការប្រកួតនៅប្រទេសចិនត្រូវបានផ្សព្វផ្សាយតៗគ្នាជាបន្តបន្ទាប់លើបណ្តាញទំនាក់ទំនងសង្គម ។ ពីព្រលានយន្តហោះ សណ្ឋាគារដល់ទីលានហ្វឹកហាត់  លោកMessi និងក្រុមកីឡាករទាំងឡាយទទួលការស្វាគមន៍យ៉ាងកកក្តៅពីសំណាក់អ្នកចូលចិត្តបាល់ទាត់នៃប្រទេសចិន ។ ហើយសំបុត្រចូលមើលប្រកួតបាល់ទាត់រវាងអាហ្សង់ទីននិងអូស្ត្រាលីនៅថ្ងៃទី១៥ ខែមិថុនា ក៏ត្រូវបានអ្នកគាំទ្រទិញអស់រលីងភ្លាមក្នុងការលក់ជុំទីមួយ។ បច្ចុប្បន្ននេះ ការដែលអាចទស្សនាការប្រកួតកីឡាបាល់ទាត់មានកម្រិតខ្ពស់ បានក្លាយជារឿងគួរឱ្យរំពឹងទុករបស់អ្នកចូលចិត្តបាល់ទាត់របស់ចិន ។

       ដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះ ជាការប្រកួតនៅបរទេសជាលើកដំបូងបន្ទាប់ពីក្រុមបាល់ទាត់បុរសនៃប្រទេសអាហ្សង់ទីនទទួលបានជើងឯក World Cup ២០២២នៅប្រទេសកាតា ហើយក៏ជាលើកទី៧ ដែលលោក Messi ធ្វើទស្សនាកិច្ចនៅប្រទេសចិនផងដែរ ។

      ហេតុអ្វីបានជាលោក Messi  មានប្រជាប្រិយភាពខ្លាំងនៅប្រទេសចិន ? បើមើលពីមូលហេតុស៊ីជម្រៅ គឺដោយមកពីចិននិងអាហ្សង់ទីនមានមិត្តភាពយ៉ាងជ្រាលជ្រៅ ប្រជាជននៃប្រទេសទាំងពីរក៏មានទំនាក់ទំនងជិតស្និទ្ធផងដែរ ។ ប្រទេសអាហ្សង់ទីនជាប្រទេសធំនៅអាមេរិកឡាទីន ហើយក៏ជាតំបន់ដែលមានចម្ងាយឆ្ងាយជាងគេជាមួយប្រទេសចិន ។ ប៉ុន្តែ “អ្នកមានឆន្ទៈដូចគ្នា ទោះបីនៅឆ្ងាយពីគ្នាយ៉ាងណា ក៏មានភាពជិតស្និទ្ធដែរ” ។ មុនពេលបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៧២ ចិននិងអាហ្សង់ទីនក៏មានការផ្លាស់ប្តូរខាងវប្បធម៌និងការប្រាស្រ័យទាក់ទងរវាងប្រជាជនផងដែរ ។ បន្ទាប់ពីបានបង្កើតទំនាក់ទំនងការទូត ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំទាំងពីរនៅលើពិភពលោក ជានិច្ចកាល ចិននិងអាហ្សង់ទីនបានផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមកលើវិស័យគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដី ហើយក៏មានសំណូមពរដូចគ្នាលើវិស័យការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងកែលំអជីវភាពប្រជាជន ដូច្នេះ ប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែជិតស្និទ្ធ ។

      ជាពិសេស គឺក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរចិននិងអាហ្សង់ទីនបានរួមគ្នាជំរុញកិច្ចសហប្រតិបតិ្តការ “ខ្សែក្រវាត់និងផ្លូវ” រួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ បានក្លាយពី “មិត្តភក្តិនៅទីឆ្ងាយ” ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។ បច្ចុប្បន្ននេះ សាច់គោ បង្គា ស្រាទំពាំបាយជូរ ទឹកឃ្មុំនិងប៊្លូបឺរីជាដើមរបស់ប្រទេសអាហ្សង់ទីនបានដាក់លើតុអាហាររបស់ប្រជាជនចិន ។ ប្រការនេះអាចឃើញថា ក្នុងនាមជាម្ចាស់ជើងឯកពិភពលោក ការដែលក្រុមបាល់ទាត់អាហ្សង់ទីនជ្រើសរើសប្រទេសចិន ជាគោលដៅនៅបរទេសមុនគេបង្អស់ មិនមែនជារឿងចៃដន្យទេ ។

      នៅប្រទេសចិន ការលេងកីឡាបាល់ទាត់មានប្រវត្តិសាស្ត្រជាយូរលង់មកហើយ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនកាន់តែយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាលកីឡាបាល់ទាត់របស់យុវជននិងក្មេងជំទង់ថែមទៀត  ប្រការនេះក៏បានផ្តល់ឱកាសដល់ចិននិងអាហ្សង់ទីន ដើម្បីធ្វើឱ្យការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការលើវិស័យកីឡាបាល់ទាត់មានភាពកាន់តែស៊ីជម្រៅ ។ តាមការស្ថិតិមិនពេញលេញឱ្យដឹងថា មុនពេលជំងឺកូវីដ១៩ផ្ទុះឡើង មានកីឡាករបាល់ទាត់យុវជននិងក្មេងជំទង់ចិនចំនួនជាង១រយនាក់បានទទួលការហ្វឹកហាត់នៅប្រទេសអាហ្សង់ទីន រីឯប្រទេសអាហ្សង់ទីនវិញ ក៏មានគ្រូបង្វឹកបាល់ទាត់រាប់សិបរូបបំពេញការងារនៅសាលារៀនតាមតំបន់នានារបស់ប្រទេសចិនផងដែរ ដែលទទួលការស្វាគមន៍ពីសំណាក់យុវជន ។

      នៅឆ្នាំ២០២២ ក្នុងអំឡុងពេលលោក  Fernández ប្រធានាធិបតីអាហ្សង់ទីនចូលរួមពិធីបើកនៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនិងបំពេញទស្សនកិច្ចនៅប្រទេសចិន ចិននិងអាហ្សង់ទីនបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ក្នុងនោះមានខ្លឹមសារថា ប្រទេសទាំងពីរនឹងបន្តជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ ដូចជាវប្បធម៌ អប់រំ ទេសចរណ៍និងកីឡាជាដើម ។ និយាយចំពោះប្រទេសចិន ដំណើរទស្សនកិច្ចរបស់ក្រុមបាល់ទាត់អាហ្សង់ទីនជាឱកាសធ្វើការផ្លាស់ប្តូរដ៏មានតម្លៃ ។រីឯនិយាយចំពោះប្រជាជននៃប្រទេសទាំងពីរចិននិងអាហ្សង់ទីនវិញ ក៏អាចទទួលអារម្មណ៍កាន់តែស៊ីជម្រៅពីអត្ថន័យរបស់សុភាសិតចិន ដែលថា “មិត្តយល់ចិត្តគ្នាមិនគិតឆ្ងាយជិត ទោះបីនៅទីឆ្ងាយក៏ហាក់ដូចជានៅក្បែរគ្នា” ផងដែរ ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស