កាលពីខែកុម្ភៈឆ្នាំ២០១៤ លោក Xi Jinpingអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានត្រួតពិនិត្យការងារនៅក្រុងប៉េកាំងហើយបានលើកឡើងថា ៖ “ត្រូវរក្សាទុកកន្លែងបៃតងកាន់តែច្រើនជូនប្រជាជន” “ទីក្រុងត្រូវស្ថិតក្នុងធម្មជាតិ ដើម្បីបន្សល់ទុកនូវភ្នំបៃតងនិងទឹកស្អាតកាន់តែច្រើនជូនប្រជាជនរស់នៅទីក្រុង”។ មកដល់សព្វថ្ងៃ នៅតាមទីក្រុងជាច្រើនរបស់ប្រទេសចិនមានសួនតូចៗនៅជាប់ក្រុងកាន់តែច្រើនឡើងៗ។
បញ្ហាមួយចំនួនដូចជាការកកស្ទះចរាចរណ៍ ពេលភ្លៀងខ្លាំងលិចទឹកក្នុងទីក្រុង ប្រជាជនច្រើនលើសលប់ ខ្វះខាតធនធានជាដើម បានប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពជីវភាពរស់នៅរបស់ប្រជាជនរស់នៅទីក្រុង។ មជ្ឈិមបក្សកុម្មុយនីស្តចិនបានតាមដានយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាទីក្រុង ។ កាលពីខែធ្នូឆ្នាំ២០១៥ កិច្ចប្រជុំមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការងារទីក្រុងបានលើកឡើងហើយថា “ត្រូវផ្តោតសំខាន់លើការកសាងទីក្រុងទំនើបប្រកបដោយភាពសុខដុមរមនា ស័ក្ដិសមនឹងការរស់នៅ សម្បូរកម្លាំងចលាករ និងមានលក្ខណៈពិសេសរបស់ខ្លួន”។
ចំពោះការអភិវឌ្ឍទីក្រុង លោក Xi Jinpingបានគូសបញ្ជាក់ជាច្រើនលើកថា ត្រូវបង្ហាញនូវលក្ខណៈពិសេសតាមតំបន់។ កាលពីខែតុលាឆ្នាំ២០១៨ ពេលចុះទៅត្រួតពិនិត្យការងានៅក្រុងក្វាងចូវ លោកបានលើកឡើងពីសារៈសំខាន់នៃការរៀបចំផែនការអភិវឌ្ឍនិងស្ថាបនាទីក្រុងថា “ត្រូវយកចិត្តទុកដាក់លើការកែលម្អបរិស្ថានស្នាក់នៅរបស់ប្រជាជន ដែលផ្តោតសំខាន់លើការបន្តវេនអរិយធម៌និងវប្បធម៌នៃតំបន់នោះ ដើម្បីឱ្យទីក្រុងក្លាយជាកន្លែងមានអារម្មដ៏ល្អបវរសម្រាប់មនុស្សគ្រប់គ្នា៕