ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖កិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងភាគីទាំងពីរចិននិងអាមេរិក គឺសមស្របនឹងផលប្រយោជន៍របស់ប្រទេសទាំងពីរ ហើយក៏មានអំណោយផលដល់ពិភពលោកផងដែរ
2023-06-01 15:10:46cri
Share with:

  

     បន្ទាប់ពីរំលងអស់រយៈពេលបីឆ្នាំ  លោកMuskនាយកប្រតិបត្តិនៃក្រុមហ៊ុនTeslaអាមេរិកបានជាន់លើទឹកដីប្រទេសចិនម្តងទៀត។នៅថ្ងៃទី៣០ខែឧសភា  លោកQinGangសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាជាមួយគាត់។លោកMuskបានបញ្ជាក់យ៉ាងច្បាស់ថា  ក្រុមហ៊ុនTeslaប្រឆាំងនឹង"ការកាត់ផ្ដាច់ទំនាក់ទំនងនិងខ្សែសង្វាក់"ហើយបានធ្វើការប្រៀបប្រដូចដ៏រស់រវើកមួយថា "ផលប្រយោជន៍រវាងអាមេរិកនិងចិនគឺរួយបញ្ចូលគ្នា  ដូចជាកូនភ្លោះកាយជាប់គ្នាដែលមិនអាចបំបែកខ្លួនចេញពីគ្នាបាន"អ៊ីចឹង។ នៅពេលបច្ចុប្បន្នដែលទំនាក់ទំនងរវាងចិននិងអាមេរិកកំពុងជួបប្រទះនឹងការលំបាក  លោកMuskបានបង្ហាញពីសំឡេងរបស់ឥស្សរជនមជ្ឈដ្ឋានសហគ្រាសរបស់អាមេរិកជាច្រើន   ហើយភាគីវ៉ាស៊ីនតោនគួរតែស្តាប់ដោយយកចិត្តទុកដាក់។

      យោងតាមរបាយការណ៍ប្រចាំឆ្នាំនៃក្រុមហ៊ុនTesla បរិមាណផលិតពេញមួយឆ្នាំនៃរោងចក្រនៅសៀងហៃរបស់ក្រុមហ៊ុនTeslaមានដល់៧សែន១ម៉ឺនគ្រឿងនៅឆ្នាំ២០២២ដែលលើសពីពាក់កណ្តាលនៃបរិមាណផលិតទូទាំងពិភពលោក។ ចាប់ពីខែមករាដល់ខែមេសាឆ្នាំ២០២៣  ក្រុមហ៊ុនTeslaបានផលិតរថយន្តលើសពី១សែន៧ម៉ឺនគ្រឿងនៅទីផ្សារប្រទេសចិន ដែលបានកើនឡើង៦១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ អ្នកវិភាគបានលើកឡើងថា  ទោះបីជាក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិនបាននាំគ្នាងើបឡើង  ហើយការប្រកួតប្រជែងក្នុងទីផ្សារកាន់តែខ្លាំងឡើងពីថ្ងៃមួយទៅថ្ងៃមួយក៏ដោយ    ក៏ប៉ុន្តែទីផ្សារប្រទេសចិននៅតែមានសារសំខាន់ណាស់ចំពោះក្រុមហ៊ុនTeslaដែលជាក្រុមហ៊ុនយក្សក្នុងមុខរបរមួយនេះ។

      គួររំលឹកថា ចាប់តាំងពីដើមឆ្នាំនេះមក ឧត្តមមន្រ្តីនៃសហគ្រាសធំៗរបស់អាមេរិកដូចជាក្រុមហ៊ុនApple ក្រុមហ៊ុនJPMorganChase និងក្រុមហ៊ុនGeneralMotorsជាដើមបាននាំគ្នាមកបំពេញទស្សនកិច្ចនៅប្រទេសចិន  ហើយដំណើរទស្សនកិច្ចរបស់លោកMuskនៅប្រទេសចិនលើកនេះបានបន្តនូវបាតុភូតនេះ។ មួយផ្នែក រដ្ឋាភិបាលអាមេរិកកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីញុះញង់ឱ្យសហគ្រាសអាមេរិក"កាត់ផ្តាច់ទំនាក់ទំនង"និង"កាត់បន្ថយហានិភ័យ"ជាមួយប្រទេសចិន  ហើយមួយផ្នែកទៀត ឧត្តមមន្ត្រីនៃសហគ្រាសអាមេរិកនាំគ្នាមកបំពេញទស្សនកិច្ចនៅប្រទេសចិន   តើនេះមិនមែនជាភស្តុតាងដ៏ល្អបំផុតដែលអាចបញ្ជាក់ថា  ការអភិវឌ្ឍរបស់ប្រទេសចិនគឺជាឱកាសសម្រាប់ពិភពលោកទេឬ?

      បើនិយាយពីវិស័យពាណិជ្ជកម្ម  កន្លែងណាមានផលចំណេញច្រើន  មូលធនក៏នឹងរត់ទៅទីនោះ  នេះគឺជាក្រឹត្យក្រមសេដ្ឋកិច្ច។ យោងតាមការប៉ាន់ប្រមាណផ្លូវការរបស់ប្រទេសចិនបង្ហាញឱ្យដឹងថា  អត្រានៃការទទួលផលចំណេញលើការវិនិយោគផ្ទាល់របស់ពាណិជ្ជករបរទេសនៅប្រទេសចិនក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ មានដល់៩.១ភាគរយ  ខណៈពេលនៅអឺរ៉ុបនិងអាមេរិកមានត្រឹមតែប្រមាណ៣ភាគរយប៉ុណ្ណោះ  ហើយអត្រានៃការទទួលផលចំណេញលើការវិនិយោគផ្ទាល់របស់តួរអង្គសេដ្ឋកិច្ចសំខាន់ៗដែលងើបឡើងថ្មីផ្សេងទៀត មានប្រមាណពី៤ភាគរយដល់៨ភាគរយ។យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសភាពាណិជ្ជកម្មអាមេរិកនៅភាគខាងត្បូងប្រទេសចិនបានបង្ហាញឱ្យដឹងថា  នៅឆ្នាំ២០២២  សហគ្រាសទុនអាមេរិកដែលផ្តល់បទសម្ភាសន៍ដែលសម្រេចបាននូវផលចំណេញនៅប្រទេសចិនមានដល់៩០ភាគរយ។យោងតាមការស្ទង់ប្រជាមតិនៃសភាពាណិជ្ជកម្មអាមេរិកនៅប្រទេសចិនបង្ហាញឱ្យដឹងថា   សហគ្រាសអាមេរិកនៅប្រទេសចិនចំនួន៦៦ភាគរយបានថ្លែងថា  ពួកគេនឹងរក្សាឬបង្កើនការវិនិយោគនៅប្រទេសចិនក្នុងរយៈពេលពីរឆ្នាំខាងមុខ។

      ម៉្យាងវិញទៀត   ការដែលសហគ្រាសអាមេរិកបន្តមានសុទិដ្ឋិនិយមចំពោះទីផ្សារប្រទេសចិន     គឺអាចបញ្ជាក់ថា  ពួកគេបានឃើញយ៉ាងច្បាស់ថា  ទីបំផុតការគាបសង្កត់និងទប់ស្កាត់ចំពោះប្រទេសចិនរបស់រដ្ឋាភិបាលខ្លួន  បណ្តាលឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សគ្រាសហើយពួកគេមិនចង់ក្លាយជាអ្នកត្រូវពលីផ្នែកនយោបាយនោះទេ។

សេដ្ឋកិច្ចចិននិងអាមេរិកបានរួមបញ្ចូលគ្នាដោយស៊ីជម្រៅ  ហើយកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងភាគីទាំងពីរ  គឺសមស្របនឹងផលប្រយោជន៍នៃប្រទេសទាំងពីរ  ហើយក៏មានអំណោយផលដល់ពិភពលោកផងដែរ  នេះគឺជាចំណេះដឹងទូទៅ  ហើយក៏ជាហេតុផលដែលត្រូវបានបញ្ជាក់ម្តងហើយម្តងទៀតដោយការអនុវត្តជាក់ស្តែងផងដែរ។  ជានិច្ចកាល  ភាគីចិនតែងតែមានចិត្តស្មោះចំពោះការកែលម្អទំនាក់ទំនងរវាងចិននិងអាមេរិក។ ប៉ុន្តែនេះតម្រូវឱ្យអាមេរិកដើរតាមទិសដៅដូចគ្នា។តើអ្នកធ្វើការសម្រេចចិត្តនយោបាយវ៉ាស៊ីនតោនដែលបាន"ព្យាករណ៍"ថា ទំនាក់ទំនងរវាងចិននិងអាមេរិកនឹងដើរចេញពីសភាពជាប់គាំងទាំងនោះ  ពិតជាបានត្រៀមខ្លួនរួចរាល់   ដើម្បី"ជាន់ហ្វ្រាំង"បញ្ឈប់ទង្វើខុសឆ្គងនិង"ជាន់ហ្គែរ"ទៅមុខសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកហើយឬនៅ?

អ្នកបកប្រែ:冯辉
ប្លុកពិសេស