ទន្ទឹមនឹងពេលវេលាបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រជិតចូលមកដល់ ប្រជាជនដែលស្នាក់នៅកោះមហាសមុទ្រប៉ាស៊ីហ្វិកដែល “រកស៊ីនៅសមុទ្រ”កាន់តែព្រួយបារម្ភចំពោះបញ្ហានេះ ។ អ្នកផងទាំងពួងរំពឹងទុកថា អង្គការថាមពលបរិមាណូអន្តរជាតិ(IAEA)ដែលកំពុងត្រួតពិនិត្យនៅប្រទេសជប៉ុនអាចធ្វើការត្រួតពិនិត្យប្រកបដោយសត្យានុម័ត យុត្តិធម៌និងស្មារតីវិជ្ជាជីវៈចំពោះវិស្វកម្មបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុន ដើម្បីគាំពារសន្តិសុខអន្តរជាតិ ។
ចាប់តាំងពីថ្ងៃទី២៩ខែឧសភាតទៅ ក្រុមអ្នកជំនាញនៃអង្គការថាមពលបរិមាណូអន្តរជាតិ(IAEA)នឹងបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅប្រទេសជប៉ុន ។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានជប៉ុនឱ្យដឹងថា នេះគឺជាលើកចុងក្រោយដែលអង្គការនេះធ្វើការត្រួតពិនិត្យផ្នែកសុវត្ថិភាពចំពោះវិស្វកម្មបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរក្រុង Fukushima មុនពេលចេញផ្សាយរបាយការណ៍វាយតម្លៃចុងក្រោយ ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច អ្នកជំនាញដែលមកពីប្រទេសចំនួន១១នឹងជួបសន្ទនាជាមួយតំណាងនៃរដ្ឋាភិបាលជប៉ុននិងក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុន ដើម្បីត្រួតពិនិត្យគ្រឿងបរិក្ខារសម្រាប់បង្ហូរទឹកសំណល់នុយក្លេអ៊ែរ ព្រមទាំងមានផែនការនឹងចេញផ្សាយរបាយការណ៍នៅខែមិថុនាខាងមុខ ។
អង្គការ IAEA ជាអង្គការស្នូលសម្រាប់ត្រួតពិនិត្យកាតព្វកិច្ចនិងកិច្ចសន្យាអំពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែររបស់ប្រទេសនានាដែលត្រូវទទួលស្គាល់ជាទូទៅលើផ្ទៃអន្តរជាតិ ។ រដ្ឋាភិបាលជប៉ុនកុំចង់ប៉ុនប៉ងប្រើប្រាស់ការវាយតម្លៃនិងត្រួតពិនិត្យនៃអង្គការ IAEA ដើម្បីស្វែងរកភាពស្របច្បាប់នៃការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រនោះទេ ។ ភាគីជប៉ុនចាំបាច់ត្រូវបកស្រាយឱ្យបានច្បាស់នូវសំណួរចំនួន៥ ដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់ពីសំណាក់សហគមន៍អន្តរជាតិ ។
ទីមួយ តើការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រជាគម្រោងដោះស្រាយតែមួយគត់សម្រាប់ចាត់ចែងទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushimaឬទេ ? គណៈកម្មាធិការអ្នកជំនាញនៃរដ្ឋាភិបាលជប៉ុនធ្លាប់ទម្លាយឱ្យដឹងថា បើប្រៀបធៀបនឹងគម្រោងផ្សេងទៀត ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រគឺជាមធ្យោបាយចំណាយតិចបំផុត ហើយមានហានិភ័យបំពុលតិចបំផុតចំពោះជប៉ុន ។ ទង្វើបែបនេះគឺអាត្មានិយមណាស់ ហើយក៏មិនទទួលខុសត្រូវដែរ ។
ទីពីរ តើទិន្នន័យនៃទឹកសំណល់នុយក្លេអ៊ែរនៃក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនអាចជឿបានទេ?បន្ទាប់ពីកើតហេតុការណ៍ធ្លាយនុយក្លេអ៊ែរចេញពីរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima កាលពីឆ្នាំ២០១១ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនបានត្រូវគេលាតត្រដាងជាច្រើនលើកថា បានលួចកែទិន្នន័យនិងបិទបាំងមិនរាយការណ៍ឧប្បត្តិហេតុ ក្នុងនោះ ក៏បូករួមទាំងការលាក់បាំងហេតុការណ៍ដែលទឹកសំណល់នុយក្លេអ៊ែរកំហាប់ខ្ពស់ត្រូវធ្លាយហូរចូលក្នុងសមុទ្រ ព្រមទាំងប្រើប្រាស់ម៉ាស៊ីនធ្វើតេស្តវិទ្យុសកម្មដែលមានបញ្ហាបំភាន់ភ្លែកអ្នកទស្សនាជាដើម ។
ទីបី តើ “ឧបករណ៍ចម្រោះ”ទឹកសំណល់នុយក្លេអ៊ែរមានប្រសិទ្ធភាពឬទេ?ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ក្នុងទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima យ៉ាងហោចណាស់មានសារធាតុវិទ្យុសកម្មជាង៦០ប្រភេទ ហើយមានកំហាប់ខ្ពស់ណាស់ បច្ចុប្បន្ននេះ គឺមិនអាចច្រោះនិងបំបែកធាតុទាំងស្រុងដោយបច្ចេកទេសនោះទេ ។
ទីបួន អំពីផលប៉ះពាល់នៃការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រចំពោះបរិស្ថាន ហេតុអ្វីបានជាគិតមកទល់បច្ចុប្បន្ននេះ ភាគីជប៉ុនមិនបានបញ្ចេញការវាយតម្លៃបែបវិទ្យាសាស្ត្រមួយ?ការសិក្សាស្រាវជ្រាវអន្តរជាតិបានបង្ហាញថា បន្ទាប់ពីបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររយៈពេល១០ឆ្នាំ សារធាតុវិទ្យុសកម្មពាក់ព័ន្ធនឹងរីកសាយភាយទៅដល់លំហសមុទ្រទូទាំងពិភពលោក ។ ដឹងច្បាស់ហើយថាទឹកសំណល់មានសារធាតុពុល ប៉ុន្តែនៅតែបង្ហូរទៅក្នុងសមុទ្រ ។ សូមសួរថាតើជប៉ុនមានចេតនាអ្វីឱ្យប្រាកដ?
ទីចុងបំផុត អំពីផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ ហេតុអ្វីបានជាភាគីជប៉ុនមិនបានធ្វើការពិគ្រោះពិភាក្សាយ៉ាងពេញលេញជាមួយភាគីពាក់ព័ន្ធនានា ដូចជាប្រទេសជិតខាងនិងប្រទេសកោះប៉ាស៊ីហ្វិកជាដើម?
កាលពី១២ឆ្នាំមុន ឧប្បត្តិហេតុនុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima បាននាំមកនូវគ្រោះមហន្តរាយយ៉ាងខ្លាំងដល់ពិភពលោក បច្ចុប្បន្ននេះ ជប៉ុនក៏បានបំផ្លាញផលប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូល ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរយៈពេលខ្លី ។ ទង្វើនេះចាំបាច់ត្រូវរងការធ្វើពហិការជាដាច់ខាត។ ភាគីជប៉ុនគួរតែបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនយ៉ាងហ្មត់ចត់ ពិគ្រោះពិភាក្សាយ៉ាងពេញលេញជាមួយភាគីពាក់ព័ន្ធផលប្រយោជន៍នានា ដូចជាប្រទេសជិតខាងជាដើមនិងអង្គការអន្តរជាតិ ហើយឈានដល់ការមូលមតិជាឯកច្ឆន្ទ ។ នៅពេលមុននេះ ដាច់ខាតមិនអាចបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រតាមទំនើងចិត្តនោះឡើយ ៕