ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនជួបសន្ទនាជាមួយលោក Elon Reeve Musk នាយកប្រតិបតិ្តរបស់ក្រុមហ៊ុនរថយន្ត Tesla
2023-05-31 11:34:38cri
Share with:

   យោងតាមការផ្សាយដំណឹងរបស់វេបសាយក្រសួងការបរទេសចិនបានឱ្យដឹងថា នៅថ្ងៃទី ៣០ ខែឧសភា លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាជាមួយលោក Elon Reeve Musk នាយកប្រតិបតិ្តរបស់ក្រុមហ៊ុនរថយន្ត Tesla នៅទីក្រុងប៉េកាំង ។

    ថ្លែងក្នុងកិច្ចជំនួប លោក Qin Gang បានលើកឡើងថា ប្រជាជនចិនកំពុងជំរុញដោយគ្រប់ជ្រុងជ្រោយនូវការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ។ ការធ្វើទំនើបកម្មតាមបែបផែនចិននឹងបង្កបង្កើតជាសក្តានុពលកំណើននិងតម្រូវការទីផ្សារដែលមិនធ្លាប់មានពីមុន ហើយឧស្សាហកម្មផលិតកម្មរថយន្តថាមពលថ្មីរបស់ប្រទេសចិនមានអនាគតអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ។ ប្រទេសចិននឹងបន្តជំរុញយ៉ាងមុតមាំមិនងាករេនូវការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ហើយធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កបរិយាកាសពាណិជ្ជកម្មកាន់តែប្រសើរថែមទៀតដែលប្រកបដោយលក្ខណៈទីផ្សារភាវូបនីយកម្ម និយតកម្មនិងអន្តរជាតូបនីយកម្មសម្រាប់សហគ្រាសប្រទេសនានាដែលបូករួមទាំងក្រុមហ៊ុន Tesla ផងដែរ ។ ការអភិវឌ្ឍរបស់ប្រទេសចិនជាឱកាសរបស់ពិភពលោកជាប់រហូតមក ។ ទំនាក់ទំនងរវាងចិននិងអាមេរិកដែលប្រកបដោយស្ថិរភាព រឹងមាំនិងមានលក្ខណៈស្ថាបនាមិនត្រឹមតែមានអំណោយផលដល់ប្រទេសទាំងពីរ ចិននិងអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ពិភពលោកផងដែរ ។

    ជាការឆ្លើយតប លោក Elon Reeve Musk បានថ្លែងថា ក្រុមហ៊ុន Tesla ប្រឆាំងនឹង"ការផ្តាច់ទំនាក់ទំនង" ហើយរីករាយបន្តពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសចិនដើម្បីរួមគ្នាចែករំលែកពីកាលានុវត្តភាពអភិវឌ្ឍន៍របស់ចិន ៕


អ្នកបកប្រែ:魏伟
ប្លុកពិសេស