ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការគោរពគ្នាទៅវិញទៅមក រួមរស់នៅជាមួយគ្នាដោយសន្តិភាពនិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះទើបជាវិធីសាស្រ្តត្រឹមត្រូវក្នុងការរួមរស់ជាមួយគ្នារវាងប្រទេសចិននិងសហរដ្ឋអាមេរិកក្នុងយុគសម័យថ្មី
2023-05-29 17:01:20cri
Share with:

    ក្នុងនាមជារដ្ឋមន្ត្រីការបរទេសដែលត្រូវគេយកចិត្តទុកដាក់បំផុតក្នុងប្រវតិ្តសាស្ត្រអាមេរិក លោកបណ្ឌិត Henry Alfred Kissinger ទើបបានឆ្លងថ្ងៃខួបកំណើត ១០០ ឆ្នាំរបស់ខ្លួន ។ ពេលមុននេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិកអាណត្តិថ្មីបានជួបសន្ទនាជាមួយលោកនិងបានសម្តែងការជូនពររបស់រដ្ឋាភិបាលចិនចំពោះថ្ងៃខួបកំណើត ១០០ ឆ្នាំរបស់លោក ។ នេះបានឆ្លុះបញ្ចាំងពីប្រពៃណីរបស់វប្បធម៌ប្រជាជតិចិនដែលយកចិត្តទុកដាក់ខ្ពស់ចំពោះមិត្តភាពនិងសច្ចភាព ហើយក៏បានបង្ហាញពីការកោតសរសើរនិងគោរពចំពោះ"មិត្តចាស់របស់ប្រជាជនចិន"ក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកផងដែរ ។

    រំលឹកឡើងវិញនូវជីវិតការទូតរបស់លោក Henry Alfred Kissinger ដែលមានអាយុ ១០០ ឆ្នាំ ដំណើរទស្សនកិច្ចដោយសម្ងាត់ទៅកាន់ទីក្រុងប៉េកាំងកាលពីឆ្នាំ ១៩៧១ បានចារជាប្រវតិ្តសាស្ត្រដ៏មហិមា ។ នៅពេលនោះ លោក Henry Alfred Kissinger បានរួមសហការជាមួយមេដឹកនាំនៃប្រទេសចិននិងអាមេរិកកាលនោះ ហើយបានជំរុញប្រទេសទាំងពីរដែលមានសភាពការណ៍ជាក់ស្តែងរបស់ខ្លួនទីទៃគ្នាឱ្យសម្រេចបាននូវការស្តារទំនាក់ទំនងរវាងភាគីទាំងពីរឱ្យមានភាពប្រក្រតីឡើងវិញ ។ គិតរហូតដល់បច្ចុប្បន្ននេះ ព្រឹតិ្តការណ៍ដ៏អស្ចារ្យមួយនេះនៅតែបាននិងកំពុងជះឥទ្ធិពលសំខាន់ទៅលើប្រទេសទាំងពីរ ចិននិងអាមេរិក ក៏ដូចជាពិភពលោកផងដែរ ។

    "នៅក្នុងពិភពលោកពហុប៉ូលបច្ចុប្បន្នដ៏ពិតប្រាកដ អាកប្បកិរិយាយ៉ាងប្រាកដប្រជារបស់លោក Henry Alfred Kissinger កាន់តែមានភាពចាំបាច់ជាងពេលណាៗទាំងអស់ ។" ទស្សនាវដ្តីប្រចាំសបា្តហ៍«Time»របស់អាមេរិកបានវាយតម្លៃដូចពោលខាងលើនាពេលថ្មីៗកន្លងទៅនេះ ។ ខណៈពេលទំនាក់ទំនងរវាងចិននិងអាមេរិកកំពុងស្ថិតក្នុងផ្លូវបំបែកម្តងទៀត ស្រទាប់ធ្វើសេចក្តីសម្រេចចិត្តនៃសេតវិមានពិតជាមានការចាំបាច់សិក្សានិងក្រេបយកពុទ្ធិការទូតរបស់ព្រឹទ្ធាចារ្យដែលមានអាយុ ១០០ ឆ្នាំ រូបនេះជាក់ជាមិនខាន ។

    ទីមួយ គួរតែប្រើក្រសែភ្នែកដែលមានភាពប្រាកដនិយមដើម្បីស្វែងយល់ពីផលប្រយោជន៍ជាតិរបស់អាមេរិកប្រកបដោយវិចារណញ្ញាណនិងភាពប្រាកដប្រជា ។ ការដែលលោក Henry Alfred Kissinger ជំរុញឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកសម្រេចបាននូវការស្តារទំនាក់ទំនងឱ្យមានភាពប្រក្រតីឡើងវិញកាលពីឆ្នាំ ១៩៧១ គឺបានឈរលើមូលដ្ឋាននៃផលប្រយោជន៍ជាតិរបស់អាមេរិក ។ ប៉ុន្តែសព្វថ្ងៃនេះ អ្នកនយោបាយអាមេរិកមួយចំនួនបាននិងកំពុងឈ្វេងយល់ពីផលប្រយោជន៍ជាតិរបស់អាមេរិកកាន់តែច្រើនឡើងៗដោយប្រកាន់អាកប្បកិរិយាមិនប្រាកដប្រជាយ៉ាងខ្លាំង ផ្សព្វផ្សាយអ្វីដែលហៅថា "ការទូតខាងគុណតម្លៃ" បង្កើតជា"បក្ខពួក"ដែលញុះញង់ឱ្យមានការបដិបក្ខគ្នាជាក្រុម ក៏ដូចជាធ្វើការប្រកួតប្រជែងផលបូកសូន្យ ។ លោក Henry Alfred Kissinger មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរឿងនេះ ។

    ទីពីរ ការជំរុញយុទ្ធសាស្ត្រការទូតរបស់អាមេរិកឱ្យកាន់តែ"ស្មោះត្រង់"តាមរយៈស្មារតីលក្ខណៈជំនាញតែមិនមែនស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួនទេ ។ ដោយឡែកអ្នកនយោបាយមួយចំនួនរបស់អាមេរិកបាននិងកំពុងគិតពិចារណាកាន់តែច្រើនពីនយោបាយគណបក្សដោយចាត់ទុកយុទ្ធសាស្ត្រការទូតរបស់ប្រទេសខ្លួនជាឧបករណ៍មួយសម្រាប់ឆក់យកថ្នូរនយោបាយក្នុងស្រុកនិងជាមធ្យោបាយសម្រាប់ឆក់យកផលប្រយោជន៍ផ្នែកនយោបាយផ្ទាល់ខ្លួន ដែលបង្រួញយ៉ាងខ្លាំងនូវលំហប្រកបដោយវិចារណញ្ញាណនិងភាពប្រាកដប្រជា ។ ក្នុងវិស័យនេះ សីលធម៌វិជ្ជាជីវៈរបស់លោក Henry Alfred Kissinger គឺជាអ្វីដែលពួកគេខ្វះខាត ហើយក៏ជាអ្វីដែលពួកគេចាំបាច់ត្រូវបំពេញបន្ថែមជាបន្ទាន់ផងដែរ ។

    លើសពីនេះទៅទៀត អ្នកនយោបាយអាមេរិកក៏គួរតែប្រើក្រសែភ្នែកដ៏វែងឆ្ងាយនិងជំរុញយុទ្ធសាស្ត្រការទូតរបស់ខ្លួនតាមរយៈវិធីដែលទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ។ អ្នកវិភាគជាច្រើនបានថ្លែងថា លោក Henry Alfred Kissinger បានលើកឡើងជាច្រើនលើកថា សន្តិភាពនិងវិបុលភាពនៃពិភពលោកវាស្ថិតនៅលើការយោគយល់គ្នាទៅវិញទៅមករវាងសង្គមទាំងពីរនៃប្រទេសចិននិងអាមេរិក ។ ប្រសិនបើចិននិងអាមេរិកកើតមាន"សង្រ្គាមត្រជាក់ថ្មី" នោះ វាមិនត្រឹមតែជាគ្រោះមហន្តរាយនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏ជាគ្រោះមហន្តរាយនៃពិភពលោកទាំងមូលផងដែរ ។

    ប្រវត្តិសាស្រ្តគឺជាសៀវភៅបង្រៀនដ៏ល្អបំផុត ។ ការចាប់ដៃគ្នាដែលមានលក្ខណៈច្នៃប្រឌិតថ្មីរវាងចិននិងអាមេរិកនៅពាក់កណ្តាលសតវត្សរ៍ វាបាននាំមកនូវការបំផុសគំនិតនិងរៀនសូត្រដល់ការដោះស្រាយទំនាក់ទំនងរវាងចិននិងអាមេរិកនាពេលបច្ចុប្បន្ននេះ ។ ប្រទេសចិនបានលើកឡើងថា ចិននិងអាមេរិកគួរតែគោរពគ្នាទៅវិញទៅមក រួមរស់នៅជាមួយគ្នាដោយសន្តិភាពនិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ នេះគឺជាការសន្សំនូវបទពិសោធន៍ជាង ៥០ ឆ្នាំនៃទំនាក់ទំនងរវាងចិននិងអាមេរិក ហើយក៏ជាវិធីសាស្រ្តត្រឹមត្រូវក្នុងការរួមរស់ជាមួយគ្នារវាងប្រទេសចិននិងអាមេរិកក្នុងយុគសម័យថ្មីផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស