ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Félix-Antoine Tshisekedi Tshilombo ប្រធានាធិបតីប្រទេសកុងហ្គោ(គីនសាសា)
2023-05-27 13:49:35cri
Share with:

នារសៀលថ្ងៃទី ២៦ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Félix-Antoine Tshisekedi Tshilombo ប្រធានាធិបតីប្រទេសកុងហ្គោ(គីនសាសា )ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានប្រកាសថា លើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដើម្បីកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរទៅជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។


ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីទាំងពីរទទួលបានសមិទ្ធផលជាផ្លែផ្កាច្រើនសន្ធឹកក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងជាប្រភពនៃការវិនិយោគបរទេសដ៏ធំបំផុតរបស់កុងហ្គោ (គីនសាសា) រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ ភាគីទាំងពីរបានបង្កើតជាសហគមន៍មានផលប្រយោជន៍រួម និងសហគមន៍រួមវាសនាដែលមានភាពស្អិតល្មួត។ ប្រទេសចិនមានឆន្ទៈពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយកុងហ្គោ (គីនសាសា) ដោយគាំទ្រគ្នាទៅវិញទៅមក រួមគ្នាស្វែងរកកិច្ចសហប្រតិបត្តិការ ជំរុញការអភិវឌ្ឍរួម និងទទួលវឌ្ឍនភាពរួមគ្នាលើមាគ៌ានៃការស្តារការអភិវឌ្ឍ។

ជាការឆ្លើយតប លោក Tshisekedi បានថ្លែងថា ប្រទេសកុងហ្គោ(គីនសាសា) ប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយ និងគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ។ ភាគីកុងហ្គោ(គីនសាសា)មានឆន្ទៈរួមជាមួយប្រទេសចិន ដើម្បីបំពេញបន្ថែមខ្លឹមសារដល់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកុងហ្គោ(គីនសាសា)និងចិន កសាងទំនាក់ទំនងកុងហ្គោ(គីនសាសា)-ចិនដែលប្រកបដោយភាពចាស់ទុំ ស្ថិរភាព និងមានលក្ខណៈត្រួសត្រាយ សំដៅផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។



សូមបញ្ជាក់ថានាថ្ងៃដដែល ប្រទេសទាំងពីរបានចេញ«សេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ»៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស