នៅទីក្រុងសៀងហៃប្រទេសចិន បានពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសប្បុរសធម៌របស់ប្រទេសចិន ដោយមានប្រជាជនមកពីមជ្ឈដ្ឋាន និងជាតិសាសន៍ផ្សេងគ្នាជាច្រើនចូលរួមនៅក្នុងកិច្ចពិភាក្សានេះ។ លោកស្រីMichelle Teop មកពីប្រទេសហ្វីលីពីន ប៉ុន្តែបានរស់នៅក្នុងទីក្រុងសៀងហៃអស់រយៈពេលជាង ២០ឆ្នាំមកហើយ។គាត់បានធ្វើការឱ្យអង្គការសប្បុរសធម៌ដែលជួយកុមារមានជំងឺបេះដូងពីកំណើត។ គាត់ចូលរួមពិភាក្សាអំពីច្បាប់ស្តីពីសប្បុរសធម៌។
លោកស្រីMichelle Teopបាននិយាយថា«អ្វីដែលខ្ញុំបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះគឺដើម្បីធ្វើឱ្យច្បាប់កាន់តែជាក់លាក់ មិនមែនពន្យល់បកស្រាយក្នុងពាក្យតែមួយម៉ាត់ប៉ុណ្ណោះទេ។ ប្រហែលជាខ្ញុំពុំមានចម្លើយទាំងអស់នោះទេ តែខ្ញុំចង់ដោះស្រាយបញ្ហាមួយនេះ ដោយសារតែយើងកំពុងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសប្បុរសធម៌»។
ការពិភាក្សាកំពុងធ្វើឡើងនៅការិយាល័យទំនាក់ទំនងនៅក្នុងសហគមន៍ Hongqiao ទីក្រុងសៀងហៃដែលជាកន្លែងមួយតែងតែពិគ្រោះនិងពិភាក្សាអំពីច្បាប់។ អ្វីដែលពិសេសក្នុងសហគមន៍នេះ គឺកន្លែងនេះមានជនបរទេសច្រើនស្នាក់នៅ ដែលមានចំនួនជាង២ម៉ឺននាក់ ស្មើនឹងជាង ២០% នៃចំនួនប្រជាជនក្នុងសហគមន៍នេះ។ អ្នករាល់គ្នាអាចមកបញ្ចេញមតិនិងយោបល់ចំពោះជីវភាព ការងារសហគមន៍ និងច្បាប់ ដោយមិនគិតថាគាត់ជាប្រជាជនរស់នៅក្នុងសហគមន៍នេះឬអត់ឡើយ។
លោកស្រីSheng Hong ជាលេខាបក្សទីមួយនៅក្នុងសហគមនហ៍ Ronghua នៃសង្កាត់Hongqiao ក្រុងសៀងហៃ។ រាល់មតិ និងយោបល់នៃការតាក់តែងច្បាប់ត្រូវបានកត់ត្រាដោយលោកស្រីSheng Hong និងសហការីរបស់គាត់ ហើយរាយការណ៍ទៅសភាប្រជាជនទូទាំងប្រទេសចិន។ គិតត្រឹមដំណាច់ខែមករាឆ្នាំ២០២៣ ការិយាល័យរបស់សង្កាត់ Hongqiao បានប្រមូលបានមតិនិងយោបល់ជាង១ពាន់៩រយ លើច្បាប់ចំនួន ៧៨ ដែលក្នុងនោះជាង ៨% ត្រូវបានអនុម័ត។
«នៅក្នុងសហគមន៍ដែលមានជនបរទេសច្រើនបែបនេះ មិនត្រឹមតែប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ រួមទាំងជនបរទេសដែលធ្វើការ និងសិក្សានៅទីនេះក៏អាចចូលរួមក្នុងដំណើរការប្រជាធិបតេយ្យរបស់យើងផងដែរ។ លោកស្រីSheng Hongបាននិយាយថាទោះបីជាច្បាប់ដែលបានត្រូវអនុម័ត ឬធ្វើវិសោធនកម្ម ជាច្បាប់របស់ប្រទេសចិនក៏ដោយ ក៏ប៉ុន្តែជនបរទេសក៏ត្រូវគោរពតាមច្បាប់ទាំងនេះដែរ។
លោកស្រី ShengHongក៏បានព្យាយាមពង្រីកវិសាលភាពនៃ“លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនទាំងមូល”។ លោកស្រីបានអញ្ជើញប្រជាពលរដ្ឋឱ្យនិយាយអំពីជីវភាពនិងការងាររបស់ពួកគេ ហើយបញ្ចេញមតិនិងយោបល់អំពីការតាក់តែងច្បាប់ និងរៀបចំកិច្ចប្រជុំផ្នែកច្បាប់ជាប្រចាំ ដើម្បីអប់រំប្រជាជននៅក្នុងសហគមន៍ឱ្យយល់ដឹងអំពីច្បាប់របស់ប្រទេសចិន។
ប្រទេសចិនបានបង្កើតការិយាល័យទំនាក់ទំនងនីតិប្បញ្ញត្តិចំនួន៣២នៅទូទាំងប្រទេសដែលគ្របដណ្តប់ ៣១ខេត្តក្រុង ដើម្បីធ្វើឱ្យដំណើរការប្រជាធិបតេយ្យរបស់ប្រទេសចិនកាន់តែទូលំទូលាយនិងពេញលេញ៕