ថ្ងៃទី២៦ ខែឧសភា ពិព័រណ៍បច្ចេកវិទ្យានៃវេទិកាZhongguancunឆ្នាំ២០២៣បានត្រូវរៀបចំធ្វើឡើងនៅក្រុងប៉េកាំង។ ផ្តោតលើយុទ្ធសាស្ត្រជាតិដែលអភិវឌ្ឍន៍ដោយការច្នៃប្រឌិតចិន ពិព័រណ៍បច្ចេកវិទ្យាលើកនេះចែកជាពីរផ្នែក ពោលគឺ “ពិព័រណ៍បច្ចេកវិទ្យាជឿនលឿននិងឧស្សាហកម្មអនាគត ” និង “ពិព័រណ៍ប្រធានបទ”។ កន្លែងតាំងពិព័រណ៍មានទំហំ២ម៉ឺន ៧ពាន់ម៉ែត្រការ៉េ ដែលចែកជាសាលពិព័រណ៍ក្រោមប្រធានបទខុសៗគ្នា ដូចជា បៃតង កាបូនទាប កាបូនអព្យាក្រឹត , បញ្ញាសិប្បនិម្មិត, ការផលិតវិស័យជឿនលឿន , ដ្រូន , Metaverse, ការច្នៃប្រឌិតថ្មីនិងសហប្រតិបត្តិការក្នុងតំបន់ សេដ្ឋកិច្ចឌីជីថលជាដើម ដែលជាផលិតផលបច្ចេកវិទ្យាជឿនលឿននិងសមិទ្ធផលការរីកចម្រើនក្នុងការស្រាវជ្រាវវិស័យទាំងនេះបានត្រូវតាំងបង្ហាញក្នុងពិព័រណ៍ ក្នុងនោះបច្ចេកវិទ្យាដើមរបស់ប្រទេសចិនមានចំនួនមិនតិចទេ។ តាមការផ្សាយដំណឹងបានឱ្យដឹងថា សហគ្រាសនិងអង្គការជាតិនិងអន្តរជាតិចំនួនលើសពី៦៥០បានចុះឈ្មោះចូលរួមពិព័រណ៍លើកនេះ ក្នុងនោះរួមមានអង្គការវិនិយោគទុនបរទេសចំនួនប្រហែល១៦០ និងសហគ្រាសនាំមុខខាងបច្ចេកវិទ្យារបស់ចិនចំនួនជាង៣០។ ពិព័រណ៍នេះនឹងធ្វើរហូតដល់ថ្ងៃទី៣០ខែឧសភាខាងមុខនេះ។ផលិតផលដែលបណ្តាសហគ្រាសបាននាំមកគឺជាផលិតផលបច្ចេកវិទ្យាជឿនលឿននិងថ្មីបំផុតរបស់ខ្លួន ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកតាមរយៈឱកាសនេះ៕