ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនសង្ឃឹមថា ភាគីសហរដ្ឋអាមេរិកនឹងផ្តល់ការគាំទ្រនិងភាពងាយស្រួលដល់ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំសហរដ្ឋអាមេរិកក្នុងការបំពេញបេសកកម្ម
2023-05-25 16:12:54cri
Share with:

ពេលឆ្លើយតបសំណួរអំពីការដែលលោក Xie Feng បានទៅដល់សហរដ្ឋអាមេរិកដើម្បីចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំសហរដ្ឋអាមេរិក លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២៤ ខែឧសភាថា ឯកអគ្គរដ្ឋទូតគឺជាស្ពានដ៏សំខាន់និងជាតំណភ្ជាប់នៃការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការរវាងចិននិងសហរដ្ឋអាមេរិក សង្ឃឹមថាភាគីអាមេរិកអាចផ្តល់ការគាំទ្រនិងភាពងាយស្រួលដល់លោក Xie Feng ក្នុងការបំពេញបេសកកម្មរបស់លោក។

តាមការផ្សាយដំណឹងឱ្យដឹងថា លោក Xie Feng ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំសហរដ្ឋអាមេរិក បានទៅដល់សហរដ្ឋអាមេរិកនាថ្ងៃទី ២៣ ខែឧសភា ដើម្បីចូលកាន់តំណែងថ្មី។ នៅថ្ងៃដដែលនោះ លោក Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានសម្តែងការស្វាគមន៍ចំពោះលោក Xie Feng ដែលបានចូលកាន់តំណែងថ្មីជាឯកអគ្គរដ្ឋទូតថ្មី ហើយរំពឹងទុកថានឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយលោក Xie Feng និងក្រុមការងាររបស់លោក។ អាមេរិកនឹងបន្តខិតខំរក្សាការប្រាស្រ័យទាក់ទងជាមួយប្រទេសចិនឱ្យមានភាពរលូន និងគ្រប់គ្រងការប្រកួតប្រជែងដោយមានទំនួលខុសត្រូវ។

លោកស្រី Mao Ning បានសម្តែងក្តីសង្ឃឹមថា ភាគីអាមេរិកនឹងដើរស្របតាមទិសដៅតែមួយជាមួយប្រទេសចិន គិតពិចារណាពីផលប្រយោជន៍រួមនៃប្រទេសទាំងពីរនិងប្រជាជនលើពិភពលោក បង្កើនការសន្ទនា គ្រប់គ្រងការខ្វែងគំនិតគ្នា និងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងន័យជំរុញទំនាក់ទំនងចិន-អាមេរិកឱ្យត្រឡប់ទៅរកផ្លូវដ៏ត្រឹមត្រូវដែលមានការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាព៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស